ព័ត៌មានទាន់ហេតុការណ៍៖

ប្តីខឹងប្រពន្ឋរអ៊ូរទាំដដែលជាដដែលស្ទុះទៅបោកសម្ភារនិងដុតផ្ទះបំផ្លាញចោល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសគ្មានការងារធ្វើម្នាក់ខឹងប្រពន្ឋរអ៊ូរទាំដដែលៗពេក ស្ទុះបោកសម្ភារក្នុងផ្ទះ និងដុតបំផ្លាញផ្ទះចោល តែឆេះខូចខាតបន្តិចបន្តួច ត្រូវប្រជាពលរដ្ឋ ជួយពន្លត់ទាន់ ហើយរាយការណ៍ប្រាប់ប៉ូលិសឲ្យចុះឃាត់ខ្លួន នាំទៅចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ល្ងាច ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ។

ប្តីដែលបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខាងលើឈ្មោះ ឌី សុខលីម ហៅព្រីង អាយុ២៩ឆ្នាំ រស់នៅត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រពន្ឋឈ្មោះប្រុស ស្រីឡែន អាយុ២៧ឆ្នាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យជាមនុស្សអត់ការងារធ្វើ តែមានចរិតឆេវឆាវ ប្រពន្ឋនិយាយប្រដែប្រដៅខ្លះៗ តែងប្រកាន់ខឹង។ លុះដល់វេលាកើតហេតុ ប្រពន្ឋចូលដល់ផ្ទះវិញរអ៊ូរទាំខ្លះៗ ស្រាប់តែប្តីចិត្តភ្លើងខឹងច្រឡោតតូង ទាញបោកទូរទស្សន៍ និងដុតបំផ្លាញសម្លៀកបំពាក់ក្នុងផ្ទះ បណ្តាលឲ្យឆេះរាលដល់ជញ្ជាំងផ្ទះ១ប្រឡោះ ។

ប្រភពព័ត៌មានពីស្រ្តីជាភរិយាបានឲ្យដឹងថា ដោយទ្រាំនឹងទង្វើប្តីលែងបាន ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចអធិការដ្ឋានស្រុកសំរោងទង មកនាំខ្លួនប្តីកំហូច ចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ


ចែករំលែក៖