ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលការិយាល័យ(ក៨)នៃមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនមកការិយាល័យនគរបាលជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប
តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនឈ្មោះ នឿម ប៊ុនណាត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជាមួយនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក(ICE) ទម្ងន់ ១,៣ក្រាម និងថ្នាំញៀនប្រភេទគ្រាប់ Yama ២គ្រាប់ ទម្ងន់ ០,២ក្រាម។
ក្រោយចាប់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី