ភ្នំពេញ៖ លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងស្តារលូទាំងអស់នៅក្នុងខណ្ឌចំនួន៤ ដែលនៅ កណ្តាលរាជធានីភ្នំពេញ ហើយគិតជាប្រវែងមានប្រមាណជិត ៥០០ គីឡូម៉ែត្រ។ ការស្តារលូទាំងអស់មិនថាលូខ្នាតតូច ឬធំឡើយនៅក្នុងខណ្ឌចំនួន៤ ដែលនៅកណ្តាលរាជធានីភ្នំពេញ ដែលមានប្រវែងប្រមាណជិត៥០០គីឡូម៉ែត្រ ហើយគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមខែមករា ឆ្នាំ២០១៨ខាងមុខ ដោយប្រើរយៈពេល៥ខែ ដើម្បីអនុវត្តផែនការនេះឲ្យបានរួចរាល់មុនរដូវវស្សាមកដល់។
គម្រោងថ្មី នៃការស្តារលូនេះ នៅក្នុងកិច្ចប្រជុំជាមួយមន្ដ្រីជំនាញ ពាក់ព័ន្ធកាលពីរសៀលថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង៤ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារា ជ ធានីភ្នំពេញបានឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំនេះថា៖ បញ្ហាទឹកភ្លៀងជន់លិចនៅរាជធានីភ្នំពេញជាបញ្ហាប្រឈមមួយដែលអាជ្ញាធររាជធានីបាននឹងកំពុងធ្វើការដោះស្រាយ ខណៈបញ្ហានេះដោះ ស្រាយមិនទាន់បានល្អប្រសើរនៅឡើយ ។ ដោយមើល ឃើញពីបញ្ហាប្រឈមនេះទើប
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សានេះឡើង ដើម្បីស្វែងរកដំណោះស្រាយឲ្យបានល្អ កាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងជាអតិបរិមានៅរដូវវស្សាឆ្នាំក្រោយ។
លោកបន្តថា ៖ បញ្ហាដែលបានដោះស្រាយនោះ គឺស្តារប្រឡាយទឹក បង្កើនស្ថានីយបូមទឹក កសាងបណ្តាញលូមេពិសេសក្នុងខណ្ឌចំនួន៤នៅកណ្តាលក្រុង និងបានដាក់ចេញជាផែនការថ្មីមួយ ដោយឲ្យស្តារលូទាំងខ្នាតតូច និងធំ ដែលមានប្រវែង ៤៦០គីឡូម៉ែត្រនៅក្នុងខណ្ឌ៤កណ្តាលក្រុងភ្នំពេញ ហើយគម្រោងនេះ លោកអភិបាលជម្រុញឲ្យអនុវត្តនៅដើមខែមករា ឆ្នាំ២០១៨ខាងមុខនេះ ដោយប្រើរយៈពេល៥ខែ ដើម្បីអនុវត្តផែនការនេះឲ្យបានរួចរាល់មុនរដូវវស្សាមកដល់។
លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងថា ៖គម្រោងដែលដាក់ចេញដោយលោកអភិបាលរាជធានីនេះ គឺមន្ទីរសាធា រណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកទទួលបន្ទុកទាំងស្រុងលើការស្តារលូនៅតាមផ្លូវធំៗ នៅក្នុងខណ្ឌទាំង៤ កណ្តាលក្រុង ក្នុងនោះរួមមានខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ ។ ចំណែកអាជ្ញាធរខណ្ឌនីមួយៗវិញជាអ្នកទទួលខុសត្រូវលើការស្តារលូនៅតាមបណ្តោយផ្លូវតូចៗនៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ហើយកិច្ចការងារនេះត្រូវអនុវត្តឲ្យបានរួចរាល់ក្នុងរយៈពេល៥ខែ ដោយចាប់ផ្តើមចេញដំណើរពីខណ្ឌទួលគោកមុនគេ៕ សំរិត