ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២០កម្ពុជានឹងសម្រេចគ្របដណ្តប់ការប្រើប្រាស់អុីនធើណេត ១០០ភាគរយនៅទីប្រជុំជន និង៧០ភាគរយ នៅតាមទីជនបទ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈវិស័យវែងឆ្ងាយ ដោយបានកំណត់យកឆ្នាំ២០២០ ដើម្បីសម្រេចឲ្យបានការគ្របដណ្តប់ការប្រើប្រាស់់ អុីនធើណេតក្នុងវិស័យ ICT នេះ ឲ្យបាន១០០ភាគរយនៅទីប្រជុំជននឹង៧០ភាគរយ នៅតាមទីជនបទ និងអត្រាប្រើប្រាស់អ៊ីនធើណេត ៨០ភាគរយនៅក្នុងវិស័យផ្សេងៗទៀតរបស់រដ្ឋ ។

ប្រទេសកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការតភ្ជាប់ប្រទេសរបស់ខ្លួនដើម្បីធានាទទួលបានអត្ថប្រយោជន៍ពីវិស័យ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា ICT ដែលនឹងបោះជំហាន ដល់ទីជនបទដាច់ស្រយាល ក៏ដូចជាសហគមន៍ទាំងមូល ខណៈជាង ៤០ភាគរយ នៃប្រជាជនកម្ពុជា គិតត្រឹមចុងឆ្នាំ២០១៧នេះ នៅមិនទាន់មានInternet ប្រើប្រាស់គ្រប់គ្រាន់នៅឡើយនោះទេ។នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា លោកត្រាំ អ៊ីវតឹក បានថ្លែងថានៅក្នុងឱកាសបើកសិក្ខាសាលា ស្តីពី Tech Startup MSMEs 2017 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ៍នេះ ដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមសហការជាដៃគូ ដោយក្រុមហ៊ុនស្មាតអាស្យាតា និងក្រសួងរបស់រដ្ឋចំនួន៧ផ្សេងទៀត ដោយប្រើប្រាស់ថវិកាស្រាវជ្រាវនិងការអភិវឌ្ឍការកសាងសមត្ថភាពឆ្នាំ២០១៧ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោករដ្ឋមន្ត្រី បានសាទរចំពោះការរៀបចំឲ្យមានវេទិកាបែបនេះ ដើម្បីរួមចំណែកពង្រឹងគុណភាព នៅក្នុងវិស័យទូរទស្សន៍នាគមន៍និង ICT និងការប្រើប្រាស់វេទិការ បច្ចេកវិទ្យាសម្រាប់MSMEsឱ្យបានកាន់តែទូលំទូលាយ និងគ្របដណ្តប់ទូទាំងប្រទេស។

លោកបណ្ឌិត សេង សុខភាព ប្រធានវិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានលើកឡើងដែរថា តួនាទីរបស់MSMEs ក្នុងការគាំទ្រ ទៅដល់សេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកទៅដល់ ការបង្កើតការងារនិងប្រាក់ចំណូល រួមចំណែកពង្រឹងគុណភាព នៅក្នុងវិស័យទូរទស្សន៍នាគមន៍និង ICTនិងការប្រើប្រាស់វេទិកាបច្ចេកវិជ្ជាសម្រាប់MSMEs។ លោកថា ទស្សនៈវិស័យក្នុងភាពជាដៃគូរបស់យើងនេះ គឺដើម្បីគាំទ្រទៅដល់ទិវានុវត្ត ផ្នែក ICTនិងសហ គ្រិនភាពនៅកម្ពុជា ហើយគោលដៅរួមរបស់យើង ដើម្បីបង្កើនចំនួនក្រុមហ៊ុនបច្ចេកវិជ្ជា ខ្នាតតូចដែលមានសក្កដានុពលនៅក្នុងការរីកចម្រើនខ្ពស់ ក៏ដូចជាផ្ដល់នូវវេទិកា ជាក់លាក់មួយដល់បណ្ដាក្រុមហ៊ុនទាំងអស់ អាចពង្រីកកិច្ចការងារនិងអាជីវកម្មរបស់ខ្លួនទាំងនៅថ្នាក់តំបន់និងថ្នាក់សក។

ចំណែកលោក ថូម៉ាសហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា ដែលជាដៃគូសំខាន់ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិសេសនៅក្នុងវិទិកានេះ បានលើកឡើងដែរថានេះជាដើមសតវត្សទី២១ ជាពេលវេលាដែលយើងទាំងអស់គ្នា កំពុងរស់នៅជាមួយនឹងបច្ចេកវិទ្យាដ៏ទាន់សម័យ ក្នុងការទំនាក់ទំនងលើគ្រប់វិស័យ ហើយថា ការទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ លែងជាការទំនាក់ទំនងបែបប្រពៃណីទៀតហើយ វាជាទំនាក់ទំនងដោយការប្រើប្រាស់បច្ចេកវិទ្យា នៅលើគ្រប់វិស័យទាំងអស់ ដែលវាបានប្រែក្លាយទៅជាសង្គម digital សេដ្ឋកិច្ច digital ពោលអ្វីៗទាំងអស់ ត្រូវពឹងផ្អែកលើបច្ចេកវិទ្យា ទៅលើអ៊ីន ធឺណិត និងពឹងផ្អែកទៅលើ Smart mobile ដែលជាបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យាICT៕ វឌ្ឍនា


ចែករំលែក៖