ខេត្តតាកែវ៖ បុរសម្នាក់បានលង់ទឹកអណ្តូងជម្រៅ១២ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលជនរងគ្រោះកំពុងឈោងដងទឹកអណ្តូង ស្រាប់តែដាំក្បាលធា្លក់ចូលទៅក្នុងអណ្តូងឈ្លក់ទឹកតែម្តង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃចន្ទ ២កើត ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិត្រពាំងលើ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុច សាវឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ យុន ម៉ាលីន ភេទស្រី អាយុ៤៦ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានយកខោអាវទៅបោកគក់ នៅអណ្តូងទឹកខាងមុខផ្ទះមានចម្ងាយប្រមាណជាង៥ម៉ែត្រពីផ្ទះរបស់ខ្លួន។ បន្ទាប់មក ជនរងគ្រោះបានឈោងដងទឹកអណ្តូង ស្រាប់តែដាំក្បាលធ្លាក់ខ្លួនចូលទៅក្នុងអណ្តូង ស្របពេលនោះដែរប្រពន្ធរបស់គាត់បានឃើញប្តីធ្លាក់ទៅក្នុងអណ្តូង ក៏ទៅហៅប្រជាពលរដ្ឋឲ្យជួយស្រង់ តែជាអកុសលក្រោយស្រង់ជនរងគ្រោះបានដឹកយកទៅកាន់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថាស្លាប់ បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកោសល្យវិច័យលើសព រួចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយលង់ទឹកប្រាកដមែន។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី