ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជននិងសមត្ថកិច្ចដេញចាប់បានចោរកាច់កញ្ចក់រថយន្តម្នាក់ទួលស្វាយព្រៃទី២

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវកម្លាំងនគរបាល និងប្រជាជនដេញចាប់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កញ្ចក់រថយន្តមួយគ្រឿង កាលវេលាម៉ោង១រសៀល ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវ២៩៦ ក្រុម៨ ភូមិ២ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

ជនសង្ស័យកាច់កញ្ចក់រថយន្តនេះ ឈ្មោះ វង្ស ចាន់សុភក្រ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យសមត្ងកិច្ចតាមដានយូរមកហើយ និងធ្លាប់បានទទួលពាក្យបណ្តឹងជាច្រើនពីសំណាក់ប្រជាជន តាមរយៈការផ្តល់ភស្តុតាងជាវីដេអូឃ្លីប រូបថត ពីកាមេរ៉ាសុវត្ថិភាពជាដើម ។

នៅថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពកាច់រថយន្តកាម៉ារីមួយគ្រឿង ប៉ុន្តែត្រូវម្ចាស់រថយន្តមើលឃើញតាមកាមេរ៉ាសុវត្ថិភាពស្រែកឆោឡោ និងដេញចាប់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំនៅប៉ុស្តិ៍ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដើម្បីរៀបចំឯកសារបញ្ជូនទៅតុលាការបន្ត ៕ ស រស្មី


ចែករំលែក៖