ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣ភូមិ និងសិស្សចំនួន២សាលា គឺបឋមសិក្សាភ្នំលៀប និងអនុវិទ្យាល័យភ្នំលៀប រាប់រយនាក់ បាននាំគ្នាត្អូញត្អែរពីផលប៉ះពាល់ និងព្រួយបារម្ភពីបញ្ហាសុខភាព គ្រាដែលមានរថយន្តដឹកដី ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង បើកកាត់ភូមិអាករពួកគាត់ និងបើកឆ្លងកាត់សាលារៀន បង្កឲ្យដីហ៊ុយ ពីការធ្វើអាជីវកម្មដីភ្នំលៀប ស្ថិតក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ការធ្វើអាជីវកម្មដីភ្នំលៀប ត្រូវបានប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ឈ្មួញបានធ្វើឡើងជាយូរឆ្នាំមកហើយ ប្រជាពលរដ្ឋ និងសិស្សបានរងផលប៉ះពាល់យូរ ឆ្នាំមកហើយដែរ គ្មានការដោះស្រាយណាមួយជូនពួកគាត់នៅឡើយនោះទេ។
កន្លងមក ប្រជាពលរដ្ឋធ្លាប់ប្តឹងរាយការណ៍ទៅអាជ្ញាធរ និងជំនាញពាក់ព័ន្ធឲ្យជួយដោះស្រាយនោះផងដែរ ប៉ុន្តែបញ្ហានេះនៅតែកើតមានរហូតដល់បច្ចុប្បន្ន ។
ប្រជាពលរដ្ឋប្រាប់ឲ្យដឹងទៀតថា រថយន្តដឹកដីដែលធ្វើអាជីវកម្មដីភ្នំលៀប បាននិងកំពុងបង្កឲ្យកើតក្តីក្តៅក្រហាយពីសំណាក់ប្រជាពលរដ្ឋ និងសិស្ស នៅក្នុងតំបន់នោះ ផ្ទះសំបែង និងសាលារៀន បានរងដោយធូលី ហ៊ុយ ប្រជាពលរដ្ឋរស់នៅមានភាពលំបាក់ជាខ្លាំង។
ប្រជាពលរដ្ឋប្រាប់ឲ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន២ទៅ៣ កំពុងពុះភ្នំលៀបហែកចែកគ្នាធ្វើអាជីវកម្ម ពួកគាត់មិនដឹងថា តើការធ្វើអាជីវកម្មដីភ្នំលៀបមានច្បាប់ទម្លាប់ដែរ ឬយ៉ាងណានោះទេ។ ប៉ុន្តែប្រជាពលរដ្ឋគ្រាន់ដាក់ការសង្ស័យថា ប្រហែលការធ្វើអាជីកម្មដីភ្នំលៀបគ្មានច្បាប់ទម្លាប់នោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ដែលទើបចូលកាន់មុខតំណែង បានប្រាប់នៅរសៀល ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ថា លោកមិនទាន់ដឹងថា ការធ្វើអាជីវកម្មដីភ្នំលៀបនោះ មានច្បាប់ ឬអត់ច្បាប់នោះទេ ចាំលោកសួរទៅមេឃុំនោះសិន។ ប៉ុន្តែការដឹកជញ្ជូនដីពីសំណាក់រថយន្តដឹកដី លោកបានស្នើសុំឲ្យក្រុមហ៊ុនបាញ់ទឹកទាំងព្រឹក និងល្ងាច នៅពេលលោកចុះត្រួតពិនិត្យកាលពីម្សិលមិញ គឺខាងក្រុមហ៊ុនគេមានរថយន្តបាញ់ទឹកតាមផ្លូវដើម្បីកុំឲ្យដីហ៊ុយនោះហើយ។
ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មដីភ្នំលៀបនោះដែរ អ្នកយកព័ត៌មានបានទំនាក់ទំនង ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ឲ្យជួយបំភ្លឺផងដែរ ប៉ុន្តែទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាននោះទេ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ភ្នំលៀបជាភ្នំមួយត្រូវគេមើលឃើញថា កំពុងបានរងដោយអំពើធ្វើអាជីវកម្មយកដីលក់គ្មានបច្ចេកទេសត្រឹមត្រូវជាយូរឆ្នាំមកហើយ ការធ្វើអាជីវកម្មដីភ្នំ និងថ្មភ្នំ នៅខេត្តបន្ទាយមានជ័យគ្មានបច្ចេកទេសត្រឹមត្រូវនោះហើយ កន្លងមកធ្លាប់មានបញ្ហាបាក់ដីភ្នំសម្លាប់មនុស្សរួចហើយផងដែរ ៕សំ វិច្ឆិកា