ភ្នំពេញ ៖ ដោយសារតែខ្លាចផលប៉ះពាល់ទៅដល់សុខភាព ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាប្រតិកម្មទៅនិងក្រុមហ៊ុន ម៉ូប៊ីធែល ដែលដំឡើង អង់តែនទូរស័ព្ទនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។
ហេតុការណ៍ ផ្ទុះប្រតិកម្មរបស់ប្រជាពលរដ្ឋ ទៅលើក្រុមហ៊ុន ម៉ូប៊ីធែល នេះ បានកើតឡើង កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ក្រុទី ៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា រយះពេលប្រហែលមួយសប្តាហ៍ទៅហើយ ដែលក្រុមហ៊ុន ម៉ូប៊ីធែល បានដំឡើង អង់តែនទូរស័ព្ទនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។ ដោយឡែក ការដំឡើង អង់តែន នេះ គឺពួកគាត់មិនសប្បាយចិត្តនោះឡើយ ដូច្នេះពួកគាត់ជាច្រើនគ្រួសារបានផ្ទុះប្រតិកម្ម និងស្នើរទៅដល់អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីជួយអន្តរាគមន៍ បញ្ឈប់ការដំឡើងជាដាច់ខាត ។
ប្រភពព័ត៌មានដដែលប្រាប់បន្តថា មូលហេតុ ដែលពួកគាត់ទាំងអស់គ្នា មិនចង់ឲ្យដំឡើងអង់តែន ទូរស័ព្ទនៅក្នុងមូលដ្ឋានរបស់ពួកគាត់នេះ គឺដោយសារតែខ្លាចផលប៉ះពាល់ទៅដល់សុខភាពរបស់ពួកគាត់ ។ ដោយសារបញ្ហាទាំងនេះ ទើបពួកគាត់ទាំងអស់ ប្រមូលផ្តុំគ្នា ស្នើសុំអោយអាជ្ញាធរជួយអន្តរាគមន៍ បញ្ឈប់ការដំឡើងអង់តែននេះជាបន្ទាន់ ។
ជាមួយគ្នានេះប្រជាពលរដ្ឋប្រាប់បញ្ជាក់ឲ្យដឹងថា នៅក្នុងភូមិរបស់ពួកគាត់បច្ចុប្បន្នមានអង់តែន ទូរស័ព្ទ ចំនួន ២ រួចទៅហើយ គឺអង់តែន ស្មាត និងអង់តែន មិតហ្វូន ( ០៩៧ ) ។ ចំពោះអង់តែន ទាំង ២នេះ ពួកគាត់ ក៍សុំស្នើទៅដល់អាជ្ញាធរ ជួយរុះរើចោលដែរ គឺពួកគាត់ មិនចង់ឲ្យមានអង់តែនទាំងអស់ នេះ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឡើយ ។
ជុំវិញព័ត៌មាននេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់ តាមរយះទូរស័ព្ទ ថា ការងារនេះ លោកបានប្រគល់ឲ្យខាងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ជួយដោះស្រាយហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំព្រួយបារម្មណ៍អី ៕ តុង សីហា