ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅយករថយន្តមកឈៀក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ តំណាងក្រុមហ៊ុនស៊ីអ៊ឹមវ៉ិច (C.M.VIC) ដែលជាក្រុមហ៊ុនបានសហការជាមួយក្រសួងសាធារណ ការនិងដឹកជញ្ជូន ក្នុងការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឈៀករថយន្ត) បានឲ្យដឹង ថា ក្រុមហ៊ុនអាចនឹងពង្រីកសាខាបន្ថែមទៀតទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ប្រសិន បើចំនួនអ្នកប្រើប្រាស់រថយន្តបន្តកើនឡើង។

នៅក្រោយបញ្ចប់ពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាជ្រោយចង្វារ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកនាង ឆាយ អានច័ន្ទជីវ័ន តំណាងឲ្យក្រុមហ៊ុនស៊ីអ៊ឹមវ៉ិច បានប្រាប់ ឲ្យដឹងទៀតថា ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកទីតាំងចំនួន៤ហើយ នៅរាជធានីភ្នំពេញ និងចំនួន ៩ផ្សេងទៀតនៅតាមបណ្តាខេត្ត ក្នុងនោះក៏មានរថយន្តឈៀកចល័តចំនួន២គ្រឿងទៀតសម្រាប់ផ្តល់ជូន អតិថិជននៅឆ្ងាយពីទីតាំងឈៀក។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការយក រថយន្តមកឈៀកនេះ គឺជាការចាំបាច់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកកស្ទះចរាចរណ៍ ។ លោកបានលើកជាឧទាហរណ៍ថា បើសិនជាមានរថយន្តខូចនៅតាមកផ្លូវគឺអាចធ្វើឲ្យកកស្ទះចរាចរណ៍ ហើយកត្តាដែលធ្វើឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍និងបង្ករឲ្យមនុស្សស្លាប់ជាមធ្យមមានប្រមាណ៥នាក់ ក្នុងមួយថ្ងៃនោះ កត្តាមួយចំនួនតូចក៏ទាក់ទងកត្តាយានយន្តជំនិះដែរ ដោយសារយានយន្តខ្លះមិនបានត្រួត ពិនិត្យត្រឹមត្រូវ និងមានរថយន្តខ្លះទៀតកែច្នៃខុសលក្ខណៈបច្ចេកទេសជាដើម។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦កន្លងទៅ មានយានជំនិះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសចំនួន ២៣៤ពាន់គ្រឿង និងនៅឆ្នាំ២០១៧ មានចំនួនប្រមាណ២១៦ពាន់គ្រឿង គិតត្រឹមខែវិច្ឆិកាកន្លងទៅ។ គួរ រម្លឹកទៀតថា ចំនួនរថយន្តប្រើប្រាស់នៅទូទាំងប្រទេសមានចំនួនសរុបប្រមាណជាងកន្លះលានគ្រឿង ក្នុង នោះក្នុងរយៈពេលមួយឆ្នាំៗចំនួនរថយន្តមានកំណើនប្រមាណពី ៣ ទៅ ៤ម៉ឺនគ្រឿង ដែលនាំចូលក្នុងទីផ្សារ ប្រទេសកម្ពុជា៕ ស តារា

 


ចែករំលែក៖