ភ្នំពេញ៖ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ សម្រេចឃុំខ្លួនមេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត ។
ការឃុំខ្លួននេះ បន្ទាប់ពីមេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី ត្រូវបានព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន ចោទប្រកាន់ពីបទ””ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ”។
មេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី ត្រូវបានឃាត់ខ្លួនផ្លូវការក្រោយបាញ់យុវជនម្នាក់ឱ្យរបួសនិងគំរាមបាញ់យុវជនម្នាក់ទៀត ដែលជាការគំរាមកំហែងអាយុជីវិត។ អំពើល្មើសនេះ ទំនងកើតចេញពីភាពស្រវឹង និង ចរិតក្រអឺតក្រទម កោងកាច ដែលមិត្តភក្តិជនសង្ស័យលួចបង្ហើបប្រាប់ ។ មជ្ឈដ្ឋានមួយចំនួន សង្ឃឹមថា វប្បធម៌និទណ្ឌភាពឬភាពគ្មានទោសចំពោះជនល្មើសដែលប្រព្រឹត្ត គួរបញ្ឈប់ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា ។
ហេតុការណ៍បាញ់យ៉ាងគន្លើននេះ កើតឡើងកាលពីវេលាម៉ោង២២៖៣០ ថ្ងៃទី១៨ ខែធ្នូ នៅជិតភូមិគ្រឹះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្លូវលេខ២១១កែងផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្រោយហេតុការណ៍បាញ់នេះ ជនរងគ្រោះពីរនាក់ជានិស្សិតសាលាច្បាប់ បានដាក់បណ្តឹងប្តឹងជនសង្ស័យ អ៊ិត ពិសិដ្ឋរង្ស៊ី ដែលធ្វើឱ្យពួកគេរបួស និង រងការគំរាមកំហែងដល់អាយុជីវិត ។
របាយការណ៍នគរបាល បង្ហាញថា ជនសង្ស័យចេញពីហូបការគេនៅវិមានចរណៃ រួចជួបជុំមិត្តភក្តិហូបបន្តនៅចំណុចកើតហេតុ ។ ពេលហូបនោះ មានការទាស់សម្តីគ្នា ទើបជនសង្ស័យចូលក្នុងរថយន្ត យកកាំភ្លើងម៉ាកទំនើបបាញ់ជនរងគ្រោះឈ្មោះ លី តុលា បណ្តាលឱ្យរបួសជើងខាងស្តាំនិងបន្តយកកាំភ្លើងភ្ជង់គំរាមជនរងគ្រោះម្នាក់ទៀតឈ្មោះ ខុន បញ្ញាសិទ្ធិ ។
អ្វីជាការកត់សម្គាល់ គឺ នៅពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ មេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី បោះពាក្យសម្តីយ៉ាងព្រហើនថា “គេចង់បាញ់ប៉ុន្មានគ្រាប់ទៀត ក៏គ្មានបញ្ហាដែរ “។
ការប្រព្រឹត្តរបស់មេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី បានប៉ះពាល់យ៉ាងខ្លាំងក្លាដល់វិជ្ជាជីវៈមេធាវី តែទោះបីយ៉ាងណា នៅថ្ងៃទី១៩ ខែធ្នូ នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកមេធាវី យឹម សារី អ្នកនាំពាក្យគណៈមេធាវី បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។
រាជរដ្ឋាភិបាលកម្ពុជា ខិតខំយ៉ាងខ្លាំងចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះ ។ ប៉ុន្តែដោយសារជនឱកាសនិយមមួយចំនួន តែងតែឆ្លៀតយកតួនាទីប្រព្រឹត្តបទល្មើស ពិសេសការបាញ់បោះសេរី ដែលបង្កភាពអសន្តិសុខក្នុងសង្គមផ ។ មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា ស្ថាប័នមានសមត្ថកិច្ច ពិសេសតុលាការអនុវត្តច្បាប់ដោយត្រឹមត្រូវ ពុំត្រូវរងសម្ពាធណាមួយឡើយ ៕ ចេស្តា