ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វតបើកបរមិនគោរពផ្លូវអាទិភាពបណ្តាលឲ្យរថយន្តអ៊ីស៊ុយស៊ុយបុកក្រឡាប់របួសស្រាល៣នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូចជនជាតិថៃ នឹងរថយន្តតូចជនជាតិខ្មែរបុកគ្នានៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ ៦៨ ចន្លោះKm លេខ១០១-១០២ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនល្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ករណីនេះបណ្ដាលឲ្យរបួសស្រាលចំនួន៣នាក់ ជាជនជាតិថៃ ដែលជាអ្នកបើកបររថយន្តម៉ាកអ៊ីស៊ុយស៊ុយ ឈ្មោះ ធីរ៉ាក់ស័ក ប៊ុនសូដាកន ភេទប្រុស អាយុ ៦៥ ឆ្នាំ (ជនជាតិថៃ) របួសស្រាល ។ អ្នករួមដំណើរឈ្មោះ បាន់ចុងស័ក ភិចាន ភេទប្រុស អាយុ ២១ ឆ្នាំ( ជនជាតិថៃ)របួស្រាល និងឈ្មោះ ភ្លើន ផាក់សុំក្លា ភេទប្រុស អាយុ ៣៨ ឆ្នាំ (ជនជាតិថៃ)របួសស្រាល ។ អ្នកទាំង ៣ នាក់រស់នៅភូមិមឿង ឃុំមឿង ស្រុកមឿង ខេត្តសុរិន្ទប្រទេសថៃ ។

រីឯអ្នកបើកបររថយន្តហ្វត ព៌ណត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-2577 ជនជាតិខ្មែរបើកបរម្នាក់ឯង រត់គេចខ្លួន ។

បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តជនជាតិថៃបើកបរពីជើងទៅត្បូង ចំណែករថយន្តខ្មែរបើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ រថយន្តហ្វតមិនគោរពអាទិភាព ហួសចូលផ្លូវខាងរថយន្តថៃ ក៏ត្រូវបានរថយន្តថៃបុកបណ្តាលឲ្យក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ ហើយម្ចាស់រថយន្តហ្វត ក៏បានរត់គេចខ្លួនបាត់ស្រមោល ហើយរថយន្តទាំង២បានរងការខូចខាតទាំងសងខាង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគបាល ក្រុងសំរោង រង់ចាំការដោះស្រាយ តាមក្រោយ៕ ប៉ែន នួន


ចែករំលែក៖