ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ដេកស្លាប់នៅសណ្ឋាគារសម្បត្តិទិព្វ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ដេកស្លាប់សណ្ឋាគារសម្បត្តិទិព្វបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសម្បត្តិទិព្វ (បន្ទប់លេខ៤០៨) ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ Zhang Biao ភេទ ប្រុស ថ្ងៃខែឆ្នាំកំណើត ២៤-០១-១៩៨៩ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA ៨៥៥១៨៩៦ មុខរបរចុងភៅ ស្នាក់នៅខុនដូរ ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន យោងតាមការឆ្លើយបំភ្លឺពីបុគ្គលិកសណ្ឋាគារ បានប្រាប់សមត្ថកិច្ចមូលដ្ឋានថា កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៧ម៉ោង០២និង២០នាទី រំលងអាធ្រាត ជនរងគ្រោះផឹកស្រាស្រវឹង រួចជិះម៉ូតូកង់បីមកយកសង្សារឈ្មោះង្វៀង ធីង៉ុកហាំង នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ រួចនាំគ្នាមកដេក នៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះមានអាការៈ មិនស្រួលខ្លួន ចុកដើមទ្រូង និងក្អួត រួចឈ្មោះង្វៀង ធីង៉ុកហាំងក៏ហៅអ្នកគ្រប់គ្រងសណ្ឋាគារ ឲ្យជួយហៅរថយន្តពេទ្យមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ កាល់ម៉ែត ពេលទៅដល់គ្រូពេទ្យពិនិត្យលើជនរងគ្រោះរួច ប្រាប់ថាស្លាប់បាត់ហើយ រួចក៏ដឹកសពមកដម្កល់ទុកនៅវត្តស្ទឹងមានជ័យ។

ការសន្និដ្ឋាន ៖ តាមការពិនិត្យរបស់ការិយាល័យ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ និងការពិនិត្យរបស់ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ជំហ៊ានដំបូងថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង និងរងចាំលទ្ធផលធ្វើតេស្តិ៍ឈាមបន្តទៀត។

បច្ចុប្បន្ន សពដម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា


ចែករំលែក៖