ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកនឹងម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១០ និង ៥០ នាទីព្រឹក ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចមុខវិទ្យាល័យហ៊ុនសែនបល្ល័ង្ក ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ រថយន្តបើកបរក្នុងល្បឿនលឿន ក្នុងទឹសដៅផ្ទុយគ្នាខ្វះការប្រុងប្រយ័ត្ន បានមកបុក ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកC100 កូរ៉េ ពណ៌ក្រហម ស្លាកលេខ កំពង់ធំ 1D.4100 បណ្តាលឲ្យបុរសម្នាក់ ឈ្មោះ អៀង រិទ្ធី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ(របួសធ្ងន់)(ពាក់មួកសុវត្ថិភាព) ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តកំពង់ធំ ចំណែករថយន្តម៉ាក Asia Towner ពណ៌ស ស្លាកលេខ ភ្នំពេញ 2E.5092 បើកបរពីជើងទៅត្បូង ដោយឈ្មោះ ថាច់ តើប ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។

ក្រោយសមត្ថកិច្ចវាស់វែងរួច បានប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន រង់ចាំការដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន​រិទ្ធី


ចែករំលែក៖