ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងស្រ្ដីម្នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្លាប់ និងស្រ្ដីម្នាក់រងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ដបុកម៉ូតូសណ្ដោងរ៉ឺម៉ក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៩៤-១៩៥ ភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាង រថយន្ត បុកម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងទិសដៅស្របគ្នា (ពីលិចទៅកើត) បណ្តាលឲ្យបុរសបើកម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាវេវ ពណ៌ក្រហម ស្លាកលេខ កំពង់ធំ 1A.4939 ឈ្មោះ សូ សុផល ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិ បឹងត្រម៉ោល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរ ស្រ្ដីម្នាក់រងរបួសស្រាល ។ ចំណែកម្ចាស់រថយន្តម៉ាក កាមីរី (Camry) ពណ៌ប្រផែះ ស្លាកលេខ ភ្នំពេញ 2E.8657 មិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) ។

ករណីនេះ កើតឡើងដោយមូលហេតុ អ្នកបើកបររថយន្តបើកមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី​


ចែករំលែក៖