ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបើកដៃឲ្យកូនចៅយកលុយពីបទល្មើស

ចែករំលែក៖

បញ្ហាបទល្មើសនេសាទនៅខេត្តកំពង់ធំនៅតែជាប្រធានបទក្តៅសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ។ វាជាបញ្ហាក្តៅក៏ព្រោះតែប្រជាពលរដ្ឋក្រីក្រគ្មានលុយបង់ឲ្យពួកមន្ត្រីជលផល គឺមិនអាចនេសាទបាននោះឡើយ។ សម្រាប់អ្នកដែលមានប្រាក់អាចប្រព្រឹត្តល្មើសបានតាមអំពើចិត្ត។ ពួកគេភាគច្រើនជាជនជាតិវៀតណាមដែលបានបង់ប្រាក់ឲ្យទៅមន្ត្រីជលផលក្រោមអំណាចចាត់ចែងរបស់លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។ ចំណូលបានពីបទល្មើសមួយផ្នែកធំក៏ត្រូវបង់ជូនលោកអភិបាលខេត្តសុខ លូ ផងដែរ។

ប្រភពពីឈ្មួញដែលបានបង់ប្រាក់ឲ្យមន្ត្រីជលផលឈ្មោះយ៉ាន់ វិសាក់ ហៅសែ មន្ត្រីជលផលខេត្តកំពង់ធំបានឲ្យដឹងថា ពួកគេអាចប្រព្រឹត្តបទល្មើសនេសាទជាចំហរក៏ព្រោះតែបានបង់ប្រាក់ឲ្យពួកមន្ត្រីនោះហើយ។ ទាំងការដាក់ដាយ ក៏ដូចជាការប្រើឧបករណ៍នេសាទខុសច្បាប់ៗទៀត សុទ្ធតែត្រូវបង់ប្រាក់ទៅតាមទំហំនឹងទ្រង់ទ្រាយបទល្មើស។ ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនេះបាននិយាយទៀតថា ពួកគេចំណាយច្រើនរហូតដល់ឧបករណ៍នេសាទខ្លះត្រូវបង់រហូតដល់៣ពាន់ដុល្លារជូនលោកយ៉ាន់ វិសាក់ ហៅសែ។ លោកយ៉ាន់ វិសាក់ ប្រាក់ពួកអ្នកនេសាទល្មើសទាំងនោះថា លុយទាំងអស់មិនមែនទុកក្នុងហោប៉ៅខ្លួននោះទេ គឺបានចែករំលែកឲ្យទៅលោកធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្ត និងលោកអភិបាលខេត្តផងដែរ ។ បើមិនដូច្នោះទេ លោកអភិបាលខេត្តបញ្ជាឲ្យជំនាញផ្សេងចុះបង្ក្រាបមិនខានឡើយ។

លោកធីវ វណ្ណធី គឺជាអ្នកដែលទទួលខុសត្រូវធំជាងគេក្នុងបញ្ហាបទល្មើសនេសាទនៅខេត្តកំពង់ធំ ព្រោះលោកជាប្រធានមន្ទីរជំនាញមួយ។ ប៉ុន្តែដោយសារលាភសក្ការ ដែលពួកឈ្មួញបានផ្តល់តាមរយៈមន្ត្រីជលផលហើយនោះ លោកធីវ វណ្ណធី បាននិងកំពុងសម្ងំស្ងៀមតាមរយៈការផ្តល់ប្រយោជន៍ពីកូនចៅ ។ ដូច្នេះក្រសួងកសិកម្មគួរតែសួរនាំលោកធីវ វណ្ណធី ពីបញ្ហាដែលមិនបង្ក្រាបបទល្មើសនេសាទនៅក្នុងខេត្តកំពង់ធំនោះផង។ ប្រជាពលរដ្ឋអាចនឹងយល់ច្រឡំថា ថ្នាក់ដឹកនាំក្រសួងកសិកម្មទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទនៅខេត្តកំពង់ធំតាមរយៈលោកធីវ វណ្ណធី និងមន្ត្រីជលផលប្រចាំនៅតំបន់នោះ៕

លោកធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ


ចែករំលែក៖