ភ្នំពេញ៖ ករណីមួយគ្រួសារព្រួតវាយបុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់ រហូតមកទល់ពេលនេះ លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃុំខ្លួនបុរសម្នាក់ជាថៅកែលក់សំបកកង់រថយន្តយីហោ”លឹម ប៉េងហ៊ុយ” តែដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
ប្រភពព័ត៌មាន បញ្ជាក់ការសម្រេចមិនឃុំខ្លួននេះ បន្ទាប់ពីជនត្រូវចោទ ឡាច សុផល ហៅ លឹម ប៉េងហ៊ុយ ដាក់ប្រាក់តម្កល់មួយចំនួន ខណៈជនរងគ្រោះពុំទាន់ទទួលបានសំណងរដ្ឋប្បវេណី សូម្បីមួយរៀល ។
មន្ត្រីតុលាការថ្លែងថា ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ លឹម ប៉េងហ៊ុយ អាយុ៦៩ឆ្នាំ ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ”ហិង្សាដោយចេតនា”តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ ។
ចន្លោះពេលនេះ ក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថា តុលាការនឹងចាត់ការលើជនសង្ស័យតាមច្បាប់ ដោយពុំត្រូវរងសម្ពាធនៃការអន្តរាគមន៍ណាមួយឡើយ ពោលគឺគួរឃុំខ្លួនជនត្រូវចោទ ដោយសារចរិតនៃការប្រព្រឹត្តបទល្មើសនេះ គឺមានលក្ខណៈធ្ងន់ធ្ងន់ មួយគ្រួសារព្រួតវាយជនរងគ្រោះ តែទីបំផុតជនសង្ស័យម្នាក់ប៉ុណ្ណោះ ត្រូវបានឃាត់ខ្លួនបញ្ជូនមកតុលាការ ។ ប៉ុន្តែទីបំផុត ជនត្រូវចោទ ឡាច សុផល ត្រូវលោកចៅក្រមស៊ើបសួរ ម៉េង តូនី សម្រេចមិនឃុំខ្លួន ។
នគរបាល បញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ ភេទប្រុស អាយុ៦៩ឆ្នាំ ជាអ្នកលក់សំបកកង់រថយន្ត ស្នាក់នៅផ្ទះលេខ១៩៦E0-E1ផ្លូវ១៨២ក្រុមទី២៤ ភូមិ៦សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាន បញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ជនរងគ្រោះឈ្មោះ គឹម ប៊ុនឡុង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរនិស្សិត បានឡើងលើផ្ទះរបស់ខ្លួនជាន់ទី១ ទៅមើលខ្សែភ្លើងដែលជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ បានតពីពេលថ្ងៃកាត់មុខផ្ទះរបស់ខ្លួន ។ ពេលនោះជនរងគ្រោះបានយកទូរស័ព្ទដៃមកថតខែ្សភ្លើងដែលទើបនឹងតនោះ រួចចុះមកខាងក្រោមវិញតាមជណ្តើររួមគ្នា ដល់ពាក់កណ្តាលស្រាប់តែឈ្មោះ ឡាច ដារី ត្រូវជាកូនស្រីរបស់ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះ គឹម ប៊ុនឡុង រឿងតខ្សែភ្លើងកាត់មុខផ្ទះរបស់ដោយមិនបានសុំខ្លួន ។
ប្រភពបន្តថា ស្រាប់តែមួយគ្រួសារមានគ្នា៤នាក់ ព្រួតវាយជនរងគ្រោះគឹម ប៊ុនឡុង បណ្តាលឱ្យរបួសធ្ងន់តែម្តង ។ ក្រោយមក សមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ ឡាច សុផល តែម្តង ៕ចេស្តា