ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា អ៊ឹង ប៊ុនចិន, ឈ្មួញសាន ចយ, ស្រៀង ម៉េង ហៅម៉េង ៣ពូថៅ អូសឈើពីតំបន់ដែនជម្រកសត្វភ្នំព្រិចល្មើសច្បាប់ឲ្យឧកញ៉ា សឹង សំអុល

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សដែនជម្រកសត្វភ្នំព្រិច កាន់តែមានទ្រង់ទ្រាយធំឡើង ខណៈខាងបរិស្ថាន ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ពិសេស អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាសមាជិកគណៈកម្មការជាតិបង្ក្រាបបទល្មើស ធនធានធម្មជាតិ ខ្វះភាពទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង។ ក្នុងនោះយ៉ាងតិចមានឈ្មួញធំៗចំនួន៣រូប គឺឧកញ៉ាអ៊ឹង ប៊ុនចិន ឈ្មួញ សាន ចយ អតីតមេការឧកញ៉ាទ្រី ភាព និងឈ្មួញ ស្រៀង ម៉េង ហៅម៉េង៣ពូថៅ បានរួមគំនិតគ្នាកេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យចូលអារផ្តួលរំលំឈើក្នុងដែនអភិរក្សជម្រកសត្វក្នុងព្រៃ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ និងប្រើប្រាស់រថយន្តកែច្នៃដឹកជញ្ជូនអូសចេញមកក្រៅដើម្បីលក់ឲ្យក្រុមហ៊ុម ម៉ាស្ទើ ខេសាន់ របស់ឧកញ៉ាសឹង សំអុល ទៅជាឈើស្របច្បាប់ដើម្បីកាត់បេសេ នាំចេញទៅក្រៅប្រទេស ផ្ទុយពីអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ម៉ាស្ទើ ខេសាន់នេះផងដែរ។

ឈ្មួញទាំង៣រូបខាងលើ គឺជាមេក្លោងបំផ្លាញព្រៃឈើក្នុងដែនអភិរក្សជម្រកសត្វភ្នំព្រិច ដែលជាមុខសញ្ញាអាចឲ្យសមត្ថកិច្ចមានឱកាសបង្ក្រាបចាប់ខ្លួនបានគ្រប់ពេលវេលា ប្រសិនបើមិនបានពាក់ព័ន្ធទៅនឹងការទទួលផលប្រយោជន៍ណាមួយពីឈ្មួញទាំងនេះ។ ប៉ុន្តែមានអ្នកមាត់ដាច់ខ្លាចបានទម្លាយថា សមត្ថកិច្ចអាជ្ញាធរជំនាញជាច្រើនស្ថាប័នដែលពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី ពិតណាស់ថា គឺបានទទួលផលប្រយោជន៍ពីក្រុមឈ្មួញទាំង៣រូបខាងលើនេះ ក៏ដូចជាកញ្ចប់របស់ឧកញ៉ាសឹង សំអុល ។ ប្រសិនបើពួកគាត់បដិសេធន៍ថាមិនបានទទួលនូវលាភសក្ការពីបទល្មើសព្រៃឈើនេះ បើហ៊ានប្រឹងស្បថ ប្រាកដជាមិនអាចនឹងធ្វើទៅកើត ខណៈអារ័ក្សអ្នកតាថែរក្សាព្រៃឈើតំបន់ទឹកដីខេត្តមណ្ឌលគិរីស័ក្តិសិទ្ធណាស់ ហើយអាជ្ញាធរ សមត្ថកិច្ច និងឈ្មួញក៏តែងតែត្រូវបានផ្តន្ទាទោសកន្លងមកជាបន្តបន្ទាប់ក្នុងការទទួលផលពីសកម្មភាពកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមនេះជាក់ស្តែងជាដើមនាកន្លងទៅ។

ឧកញ៉ាសឹង សំអុល ដែលជាមេក្លោងមួយរូបក្នុងការទទួលទិញឈើខុសច្បាប់ពីតំបន់ដែនជម្រកសត្វភ្នំព្រិច នៅកោះញែក ដើម្បីអូសចូលក្រុមហ៊ុន ម៉ាស្ទើ ខេសាន់ ឲ្យក្លាយទៅជាឈើស្របច្បាប់ក៏ដោយ ក្នុងនោះ ឧកញ៉ាសឹង សំអុល មិនត្រឹមតែបំពានច្បាប់ក្នុងការទិញឈើពីខាងក្រៅចូលក្រុមហ៊ុនប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនរបស់គាត់ ម៉ាស្ទើខេសាន់ ក៏គ្មានព្រៃឈើសម្រាប់ការកាប់ធ្វើអាជីវកម្ម កែច្នៃចែកចាយក្នុងស្រុកដូចច្បាប់អនុញ្ញាតរបស់គាត់នោះឡើយ។ ដូច្នេះ ឧកញ៉ាសឹង សំអុល បានយកច្បាប់ក្រុមហ៊ុនម៉ាស្ទើ ខេសាន់ ក្នុងប្រយោជន៍ ចាំទិញឈើដែលកាប់អូសមកពីខាងក្រៅ ក្នុងនោះឧកញ៉ាអ៊ឹង ប៊ុនចិន ឈ្មួញ សាន ចយ និងឈ្មួញស្រៀង ម៉េង ហៅម៉េង៣ពូថៅ សុទ្ធសឹងតែជាអ្នករកស៊ីឈើល្មើសច្បាប់កន្លងទៅ ពិតជាមានជំនាញបច្ចេកទេសក្នុងការកេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់ដែនអភិរក្ស ។ ដូច្នេះឧកញ៉ាសឹង សំអុល គាត់មានឱកាសនេះ ដើម្បីនាំឈើទៅក្រៅប្រទេសជ្រកក្រោមក្រុមហ៊ុនម៉ាស្ទើ ខេសាន់ តាមរយៈជំនាញរដ្ឋបាលកាត់បេសេ ឲ្យក្លាយទៅជាស្របច្បាប់។ មន្ត្រីជំនាញបានលើកឡើងថា សកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ាសឹង សំអុល បើទោះមានបេសេក៏ដោយ ប៉ុន្តែគាត់មានកំហុស និងល្មើសច្បាប់ទាំងស្រុង ទី១ ផ្ទុកឈើលើសបេសេកំណត់ យ៉ាងច្រើនក្នុងច្បាប់អនុញ្ញាតត្រឹម១៦ទៅ១៨ម៉ែត្រគូប ឧកញ៉ាសឹង សំអុលបានផ្ទុកឈើយ៉ាងតិចពី៥០ទៅ៦០ម៉ែត្រគូប ក្នុងនោះគាត់ក៏មានចេតនាទុច្ចរិតបំផ្លិចបំផ្លាញផ្លូវជាតិ ឲ្យងាយរងនូវការស្រុតប្រេះស្រាំនេះជាដើម។ ទី២ ឧកញ៉ាសឹង សំអុល មានច្បាប់ត្រឹមត្រូវសម្រាប់ដឹកជញ្ជូនឈើកែច្នៃ ដើម្បីចែកចាយក្នុងស្រុក និងមានទំហំត្រឹមតែ១២សង្ទីម៉ែត្រមុខកាត់ចុះក្រោមប៉ុណ្ណោះ ប៉ុន្តែសកម្មភាពរបស់ឧកញ៉ាសឹង សំអុល មិនត្រឹមដឹកជញ្ជូនឈើហ៊ុបដែលមានមុខកាត់ធំៗ និងមិនទាន់កែច្នៃប៉ុណ្ណោះទេ ថែមទាំងដឹកជញ្ជូនឈើទាំងនោះឆ្លងទៅប្រទេសវៀតណាម មួយចំនួនឆ្លងទៅវៀតណាមតាមច្រកត្រពាំងស្រែវ៉ាលឺ ខណៈមានអ្នករត់ការជួយកាច់ចង្កេះ។ ករណីដឹកជញ្ជូនឈើខុសយថាប្រភេទឈើគឺជាជំនាញរបស់ឧកញ៉ាសឹង សំអុល កើតឡើងដោយអំពើឃុបឃិតគ្នាជាមួយនឹងជំនាញរដ្ឋបាលព្រៃឈើ ។ ទី៣ ឧកញ៉ាសឹង សំអុល ប្រើប្រាស់រថយន្តជាមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ភាគច្រើនគ្មានស្លាកលេខ មានន័យថា ឈើទាំងនោះ ទោះជាមានបេសេ ក៏ខុសច្បាប់ ខណៈបេសេទាំងអស់ត្រូវតែកំណត់នូវស្លាកលេខរថយន្ត ក្នុងនោះ ឧកញ៉ាសឹង សំអុល ក៏ឲ្យមេការ និងតៃកុងឡាន ប្រើប្រាស់តែបេសេថតចម្លង ទុកសម្រាប់ហ៊ុចឲ្យសមត្ថកិច្ចក្រៅពីជំនាញរដ្ឋបាលព្រៃឈើមើល ដើម្បីបន្លំ ឬយល់ឃើញថា សមត្ថកិច្ចខ្លះមិនអាចស៊ីជម្រៅពាក់ព័ន្ធទៅនឹងការពិនិត្យបេសេ ដែលចេញដោយជំនាញរដ្ឋបាលព្រៃឈើ ។ ទី៤ ប្រសិនបើឧកញ៉ាសឹង សំអុល មានបេសេ ដឹកជញ្ជូនពី៤ទៅ៥ឡានយីឌុប ហើយក្នុងមួយឡានបេសេកំណត់ត្រឹម១៦ទៅ១៨ម៉ែត្រគូប ពិតណាស់ថា ឧកញ៉ាសឹង សំអុល បានដឹកជញ្ជូនយ៉ាងតិចចាប់ពី៩គ្រឿងទៅជាង១០គ្រឿង និងផ្ទុកលើសបេសេក្នុងមួយឡានពី៥០ទៅ៦០ម៉ែត្រគូប ។

បើទោះជាមានការលើកឡើងពីឈ្មួញ និងសមត្ថកិច្ចខ្លះនៅកោះញែកថា ឧកញ៉ាសឹង សំអុលបានប្រមូលទិញឈើពីដែនអភិរក្សតំបន់ជម្រកសត្វភ្នំព្រិចពីឧកញ៉ាអ៊ឹង ប៊ុនចិន ឈ្មួញសាន ចយ និងឈ្មួញស្រៀង ម៉េង ហៅម៉េង៣ពូថៅ ក៏ដូចជាការដឹកជញ្ជូនឈើឆ្លងទៅវៀតណាមល្មើសច្បាប់ក៏ដោយ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ឧកញ៉ាសឹង សំអុលបានបដិសេធន៍ថា គាត់មិនបានទិញឈើទាំងនេះទេ គឺធ្វើដោយស្របច្បាប់ ដោយតាមទូរស័ព្ទ លោកបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំមិនបានទិញឈើពីក្រុមឧកញ៉ា និងឈ្មួញទាំងនោះទេ មានតែក្រុមហ៊ុនជិតៗក្រុមហ៊ុនខ្ញុំប៉ុណ្ណោះដែលបានទិញឈើពីឈ្មួញទាំងនោះ ។ លោកបន្តថា ខ្ញុំមិនត្រូវធ្វើអ្វីខុសច្បាប់ទៀតទេ ខណៈខ្ញុំធ្លាប់មានកំហុសនៃបទល្មើសព្រៃឈើនេះចំនួន២លើកមកហើយ ដូច្នេះ ត្រូវធ្វើតាមច្បាប់អនុញ្ញាតដឹកជញ្ជូនតែឈើកែច្នៃ និងលក់ចែកចាយក្នុងស្រុកតែប៉ុណ្ណោះ។ ចំពោះករណីដែលគេថា ខ្ញុំនាំឈើទៅក្រៅប្រទេស គឺគ្មានដាច់ខាត ខ្ញុំសូមសន្យា ។

ឧកញ៉ាសឹង សំអុល មួយរយៈនេះត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរី បានកោះហៅឲ្យចូលខ្លួនជាញឹកញាប់ ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញកែច្នៃ ប្រមូលឈើប្រណីតនៅក្រុមហ៊ុនដាយថាន់ ស្ថិតក្នុងភូមិចុងផ្លាស ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយគេក៏ពុំដឹងថា រឿងនេះត្រូវបានលើកលែងការចោទប្រកាន់ ឬចៅក្រមស៊ើបសួរកំពុងដំណើរការស៊ើបអង្កេតឬមួយយ៉ាងណា?

សកម្មភាពបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី កាន់តែកើតមានខ្លាំងឡើងៗ ទាំងការកាប់បំផ្លាញក្នុងដែនអភិរក្សតំបន់ជម្រកសត្វភ្នំព្រិចនៅកោះញែក ក៏ដូចជាសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ឈ្មួញហ៊ានប្រព្រឹត្តសកម្មភាពទាំងនេះនៅនឹងភ្នែកចម្រុះសមត្ថកិច្ច ខណៈម្នាកៗ យកចិត្តទុកដាក់ទទួលប្រយោជន៍ បោះបង់ឆន្ទៈក្នុងការបង្ក្រាបសំខាន់ផ្តោតលើប្រភពសេដ្ឋកិច្ច ដូច្នេះទោះជាខេត្តមួយនេះមានសកម្មភាពបទល្មើសឈើយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ សមត្ថកិច្ចគ្រប់ស្ថាប័ន ធ្វើជាកន្ទេលធំបន្លំដេក ឬដេកមិនលក់ តែធ្វើជាដេកលក់នេះជាដើម។ ពាក់ព័ន្ធករណីនេះ នគវត្តមិនអាចទាក់ទងបានទេពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីដោយតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោកបានបញ្ជាក់យ៉ាងខ្លីថា ខ្ញុំកំពុងជាប់ប្រជុំ មិនអាចនិយាយអ្វីបានទេ អរគុណ រួចក៏បិទទូរស័ព្ទ ។ ដោយឡែកលោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនអាចសុំការបំភ្លឺបាន ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។ លោកអ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់នគរវត្តយ៉ាងដូច្នេះថា បញ្ហាការកាប់បំផ្លាញឈើនៅតំបន់ដែនជម្រកសត្វភ្នំព្រិច ស្រុកកោះញែកនោះ អ្នកណាក៏ដឹងដែរ គេដឹងគ្រប់គ្នាអស់ហើយ រឿងនេះ ខាងអភិបាលខេត្ត ក៏ដូចជាស្រុកបានបង្កើតគណៈកម្មការដើម្បីចុះទៅពិនិត្យ និងបង្ក្រាប ក្នុងនោះ គឺលោកអភិបាលខេត្តជាអ្នកចាត់ចែង និងទទួលខុសត្រូវក្នុងការបង្កើតគណៈកម្មការនេះ ។ លោកកែវ សុភ័ក ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កន្លងទៅទទួលស្គាល់ថា ការកាប់បំផ្លាញព្រៃឈើនៅទីនោះពិតជាកើតមាន ក្នុងនោះលោកថែមទាំងចុះបង្ក្រាបចាប់បានរថយន្ត និងឈើជាញឹកញាប់ ប៉ុន្តែករណីខ្លះពិបាកក្នុងការបង្ក្រាបដោយស្ថានភាពផ្លូវ និងឆ្ងាយ ពិសេសការដឹកជញ្ជូនខ្លះធ្វើឡើងដោយប្រជាពលរដ្ឋ ដូច្នេះពេលបង្ក្រាបរងនូវការស្តីបន្ទោសពីប្រជាពលរដ្ឋ នេះជាបញ្ហាមួយ ដែលលោកត្រូវមានវិធានការបន្តដើម្បីទប់ស្កាត់បទល្មើសនៅទីនោះឲ្យខាងតែបាន។

គួររំលឹកថា បើសមត្ថកិច្ចពាក់ព័ន្ធចង់បាននូវភាពងាយស្រួលក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ភូមិភាគឦសាន្ត ពិសេសខេត្តមណ្ឌលគិរី គឺងាយបំផុត ចាប់ខ្លួនឧកញ៉ាអ៊ឹង ប៊ុនចិន ឈ្មួញសាន ចយ ឈ្មួញស្រេង ម៉េង ហៅម៉េង៣ពូថៅ ដែលជាមេក្លោងកេណ្ឌប្រមូលប្រជាពលរដ្ឋចូលកាប់ក្នុងតំបន់អភិរក្សដែនជម្រកសត្វភ្នំព្រិច ក្នុងនោះ ក៏ពិនិត្យឲ្យបានត្រឹមត្រូវនូវទីតាំងក្រុមហ៊ុនម៉ាស្ទើខេសាន់ របស់ឧកញ៉ាសឹង សំអុល ថាតើមានឈើឬអត់ បើគាត់ចាំទទួលទិញ ឈើពីឈ្មួញទាំង៣ខាងលើរាល់ការកេណ្ឌប្រមូលឲ្យប្រជាពលរដ្ឋចូលទៅកាប់នោះ និងពិនិត្យពីលិខិតអនុញ្ញាតរបស់ឧកញ៉ាសឹង សំអុលដឹកឈើកែច្នៃស្របតាមច្បាប់ ឬក៏ដឹកប្រភេទឈើឡាំងមុខកាត់ធំៗទៅប្រទេសវៀតណាមដូចហែកឋិន? បច្ចុប្បន្ននេះ ក្រោយពីឧកញ៉ាសឹង សំអុល ត្រូវបានថ្នាក់លើហៅមកសួរនាំជាញឹកញាប់ ឧកញ៉ាសឹង សំអុល ក៏បានប្រើរូបភាពក្នុងការដឹកជញ្ជូនឈើរបៀបបំបែក ចែកចេញជាក្រុមៗ បានន័យថា ដឹកម្តងជាង១០រថយន្តយីឌុប ប៉ុន្តែ៣ឡានយីឌុបទៅកាន់ស្រុកស្នួលដើម្បីឆ្លងទៅប្រទេសវៀតណាម ៣ឡានយីឌុបផ្សេងទៀតឆ្លងទៅប្រទេសវៀតណាមនៅខេត្តជិតៗខេត្តក្រចេះ និងឈើមួយចំនួនទៀតបំបែកចេញម្តង៣ឡានទៅវៀតណាមតាមច្រកខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រយោជន៍បន្លំភ្នែកសមត្ថកិច្ចអាជ្ញាធរ ថ្នាក់លើ ចំណែកឯសមត្ថកិច្ចជំនាញមានតួនាទីបង្ក្រាប ក៏អាចសមគំនិតគ្នាឲ្យឧកញ៉ាសឹង សំអុល ប្រើប្រាស់រូបភាពនេះដើម្បីបញ្ចៀសពីការដាក់ភាពសង្ស័យដោយថ្នាក់លើ ឬក៏អាចខ្លាចបែកប្រយោជន៍ឆ្នាំងបាយរបស់ពួកគេ ។ ចំពោះឧកញ៉ា អុឹង ប៊ុនចិន ក៏អាចពាក់ព័ន្ធជាមួយលោកផ្កាយ២ ខាងយោធាផងដែរ គឺដើរតែជាមួយគ្នាក្នុងមុខរបររកសុីឈើនេះ ៕ លក្ម្សី

 


ចែករំលែក៖