ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភ និងផ្តល់ភាពរីករាយដល់កុមារកម្ពុជាក្នុងឱកាសបុណ្យណូអែល

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ធ្នូ ២០១៧ ៖ ណាហ្គាវើលដ៍ បានចុះទស្សនកិច្ច និងចែកអំណោយដល់កុមារក្នុងថ្ងៃបុណ្យណូអែលនៅអង្គការគម្រោងផ្ទះនៃគ្រួសារក្នុងសង្កាត់បឹងទំពុនជាយក្រុងរាជធានីភ្នំពេញ អង្គការលើកស្ទួយប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ អង្គការកម្ពុជាសម្រាប់ការរស់នៅនិងការថែទាំបណ្តោះអាសន្ន និងអង្គការថែទាំកុមារផ្កាយ ។​ អំណោយដែលចែកជូន រួមមានឯកសណ្ឋានសិស្ស និងសម្ភារសិក្សាសម្រាប់កុមារសរុបប្រមាណ ២០០ នាក់។

គំនិតផ្តួចផ្តើមដែលមានឈ្មោះថា “ស្នាមញញឹមចេញពីបេះដូង” នេះ ត្រូវបានគាំទ្រដោយបុគ្គលិកស័្មគ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសដែលមានគោលបំណងផ្តល់ឱកាសអប់រំស្មើៗគ្នាសម្រាប់កុមារកម្ពុជាដែលមានជួបការលំបាកដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងស្របតាមគោលដៅអប់រំសកល “អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ”​ ។

នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ពិធីបុណ្យណូអែល មិនត្រឹមតែបង្កើតនូវភាពសប្បាយរីករាយក្នុងចំណោមក្រុមគ្រួសារ និងមិត្តភ័ក្តិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលដែលគួរត្រូវផ្តល់អំណោយដល់អ្នកដែលជួបការលំបាក និងឧបត្ថម្ភដល់សហគមន៍ផងដែរ”។ ដូច្នេះ យើងបានផ្តួចផ្តើមកម្មវិធី “ស្នាមញញឹមចេញពីបេះដូង” នេះឡើងដើម្បីជួយឧបត្ថម្ភឯកសណ្ឋាន កាតាប និងសម្ភារសិក្សាដើម្បីបំពេញនូវតម្រូវចាំបាច់របស់កុមារដែលគួរឲ្យអាណិត និងស្រឡាញ់។

គាត់បានបន្ថែមទៀតថា “យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើង ថ្វីត្បិតមិនច្រើនក្តី តែក៏អាចជួយដល់កុមារមួយកម្រិតផងដែរ ។ ខ្ញុំសូមជូនពរឲ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា អនាគតភ្លឺស្វាង និងចូលរួមអភិវឌ្ឍដើម្បីកម្ពុជាមានសេដ្ឋកិច្ចកាន់តែរីកចម្រើនបន្ថែមទៀត ។ ហើយវាក៏ជាការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការជួយកសាងប្រទេសកម្ពុជាចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ផងដែរ” ។

មន្ត្រីគម្រោងនៃអង្គការគំរោងផ្ទះនៃគ្រួសារ អ្នកស្រី វ៉ែន សៅសេដ្ឋា បានមានចំណាប់អារម្មណ៍ថា “ខ្ញុំពិតជារីករាយយ៉ាងខ្លាំងដែលមានបុគ្គលិកណាហ្គាវើលដ៍មកទស្សនកិច្ចពួកយើងក្នុងថ្ងៃបុណ្យណូអែល ។ កុមាររបស់យើងរំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានអំណោយសម្រាប់ជាប្រយោជន៍សម្រាប់ការសិក្សារបស់ពួកគេ ។ តាងនាមឲ្យអង្គការទាំង ៤ ខ្ញុំសូមថ្លែងអំណរគុណជាខ្លាំងដល់បុគ្គលិក និងគណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍ចំពោះទឹកចិត្តសប្បុរសដល់កុមាររបស់យើង” ។

ណាហ្គាវើលដ៍បេះដូងសប្បុរស តែងតែបង្កើតនូវកម្មវិធីសប្បុរសធម៌យ៉ាងទៀងទាត់ដើម្បីជាប្រយោជន៍ដល់កុមារ និងប្រជាជនកម្ពុជាដែលជួបការលំបាកជាច្រើនពាន់នាក់ រួមមានក្នុងពេលថ្មីនេះ យើងបានឧបត្ថម្ភដល់សិស្សានុសិស្សសម្រាប់ឆ្នាំសិក្សាថ្មី ការប្រកួតប្រជែងសាលារៀនស្អាតដែលមានរយៈពេលពេញមួយឆ្នាំដើម្បីអប់រំដល់សិស្សានុសិស្សអំពីសារប្រយោជន៍នៃបរិស្ថានស្អាតដែលចាប់ផ្តើមពីថ្ងៃទី ១ ធ្នូ ២០១៧ រហូតចុងឆ្នាំ ២០១៨ ដែលមានការចូលរួមពីអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៣០ ។

ណាហ្គាវើលដ៍បេះដូងសប្បុរស

ចាប់តាំងពីបង្កើតឡើងអស់រយៈពេលជាង ២២ ឆ្នាំកន្លងទៅនេះ ណាហ្គាវើលដ៍បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ​ ២០១៤ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលចង់ស្ម័គ្រចិត្តចុះជួយសង្គមជាប្រជាពលរដ្ឋគំរូ។ គំនិតផ្តួចផ្តើមនេះ ដោយមានការគាំទ្ររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ មានគោលបំណងជួយអភិវឌ្ឍ និងលើកកម្ពស់បរិស្ថាន អប់រំ និងកីឡាសម្រាប់ប្រជាជនកម្ពុជាដែលជួបការលំបាក។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ១២០.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ៕ ស តារា


ចែករំលែក៖