ព័ត៌មានទាន់ហេតុការណ៍៖

លោកឧកញ៉ា ម៉ឹល សារឿន និងលោកស្រី លោក ឧកញ៉ា ហូ សុជាតិ និងលោក គួច ណាវ បញ្ចុះបឋមសិលាសាងសង់បណ្ណាល័ល ក្នុងវិទ្យាល័យជង្រុក នៅវត្ត កល្បព្រឹក្ស ហៅវត្តជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អគារបណ្ណាល័យ១ខ្នង ក្នុងវិទ្យាល័យជង្រុក ស្ថិតក្នុងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្វពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពីម្ចាស់ទឹកម្ចាស់ដី និងបញ្ចុះបឋមសិលាបើកដំណើការសាងសង់ កាលពីព្រឹកថ្ងៃទី ២២ខែធ្នូ ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីលោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី, លោកឧកញ៉ា ម៉ឹល សារឿន និងលោកស្រី មាស ណារី , លោក ឧកញ៉ា ហូ សុជាតិ និងលោកស្រី និងលោក គួច ណាវ ព្រមទាំងសប្បុរសជនជាច្រើនទៀត។

តាមថេរដីការបស់ព្រះឧត្តមមុនីសោភ័ណ្ឌ សាន មុន្នី រាជាគណៈថ្នាក់កិត្តិយស ចៅអធិការវត្តកល្បព្រឹក្ស ហៅវត្តជង្រុក និងជាប្រធានគណៈកម្មការសាងសង់បណ្ណាល័យ បានអោយដឹងថា សាលាបឋមសិក្សា និងអនុវិទ្យាល័យជង្រុកនេះ បានកសាងតាំងពីឆ្នាំ១៩៨៥មកម៉្លេះ ក្រោមការដឹកនាំរបស់ព្រះអង្គផ្ទាល់ ហើយជាបន្តបន្ទាប់មកដល់សព្វថ្ងៃ ដោយមានការជួយឧបត្ថម្ភពីរដ្ឋអំណាចមូលដ្ឋាន សប្បុរសជនគ្រប់ទិសទី ទាំងវត្តអារាម ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យជង្រុកនេះ មានការវិវឌ្ឍរីកចម្រើនជាលំដាប់ ដោយមានអាគារសិក្សាសមរម្យ។

ព្រះអង្គបានបន្តថា ដោយសាលាមានការរីកចម្រើនសិស្សានុសិស្សក៏ត្រូវការកន្លែងសិក្សាស្រាវជ្រាវបន្ថែម ទើបព្រះអង្គ រួមនឹងគណៈកម្មការអាចារ្យ គណៈទ្រទ្រង់សាលា បានសម្រេចយកបច្ច័យដែលបានមកពីអង្គកឋិនទាន ចំនួន៤០លានរៀល មកកសាងអាគារបណ្ណាល័យមួយខ្នងនេះឡើង ដែលមានបណ្តោយប្រវែង១២ម៉ែត្រ គុណនឹង១១ម៉ែត្រ ដោយគ្រោងចំណាងអស់ទឹកប្រាក់ប្រមាណ៣ម៉ឺនដុល្លារអាមេរិក ដូច្នេះការចំណាយក្នុងការសាងសង់នេះ នៅមានការខ្វះខាតច្រើន ដែលត្រូវការអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទ និងសប្បុរសជននានា ចូលរួមចាប់មគ្គផល តាមសទ្ធាជ្រះថ្លាក្នុងការកសាងបណ្ណាល័យនេះ ដើម្បីជាប្រយោជន៍ដល់កូនខ្មែរយើង បានសិក្សារៀនសូត្រ សម្រាប់ជាទំពាំងស្នងឫស្សីដ៏ល្អទៅថ្ងៃមុខ។ ការបង្កើតបណ្ណាល័យនេះឡើង នឹងជួយឲ្យសិស្សានុសិស្ស បានសិក្សាស្រាវជ្រាវ មិនយកពេលទំនេរទៅដើរលេងផ្តេសផ្តាស់។

ក្នុងឱកាសនោះដែរលោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី តំណាងអោយប្រជាពលរដ្ឋ សិស្សានុសិស្ស នៅក្នុងឃុំជង្រុកទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ព្រមទាំងសប្បុរសជននានា ដែលមានទឹកចិត្តសទ្ធាជ្រះថ្លា ចំណាយថវិកាផ្ទាល់ខ្លួន ជួយដល់ការអភិវឌ្ឍន៍ទីអារាម សាលាបឋមសិក្សា និងអនុវិទ្យាល័យជង្រុក អោយមានការវិវឌ្ឍន៍រីកចំរើនទៅមុខជាដរាប ដែលនេះគឺជាការរួមចំណែកក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផង និងផ្នែកអាណាចក្រ ឲ្យបានស្ថិតស្ថេរយូរអង្វែងតទៅ។

សូមបញ្ជាក់ថា នៅក្នុងឱកាស អញ្ជើញចូលរួមក្រុងពាលី និងបញ្ចុះបឋមសិលាបើកដំណើការសាងសង់ បណ្ណាល័យអនុវិទ្យាល័យជង្រុកនេះ លោកឧកញ៉ា ម៉ឹល សារឿន និង លោកជំទាវ មាស ណារី ,លោក ឧកញ៉ា ហូ សុជាតិ និងលោកជំទាវ និងលោក គួច ណាវ និងសប្បុរសជននានា បានចែកអាវ សាប៊ូ និងថវិកា ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ៕ សោភា


ចែករំលែក៖