ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋវាយទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពលួចលុយជនរងគ្រោះកំដេកក្នុងបន្ទប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ចំណុចផ្ទះលេខ៤០៤ ផ្លូវលំ ក្រុម១០ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី១មានឈ្មោះ និៈ សុខជឿន ហៅអាខ្លា ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី២មានឈ្មោះ សៀង ហៃ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ជួប វាសនា ភេទប្រុស អាយុ៤១មុខរបរយោធា មានទីលំនៅ ភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រួបគាត់បានយកលុយទៅទុកនៅកន្ត្រកក្នុងបន្ទប់ជួល ដោយដេកនៅជិតនោះដែរ ខណៈកំពុងដេកលង់លក់ ស្រាប់តែប្រពន្ធគាត់បានដាស់ឲ្យក្រោកឡើង ហើយប្រាប់ថា លុយដែលលក់ចាប់ហួយត្រូវបានជនសង្ស័យលួចអស់ហើយ ភា្លមនោះ រូបគាត់បានបើកទ្វារចេញមកក្រៅ ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ រត់ចេញទៅក្រៅ ភ្លាមនោះក៏ស្រែកឆោឡោឡើង និងយកដុំថ្មគប់បណ្តាលឲ្យចំក្បាលជនសង្ស័យម្នាក់បែកក្បាល។ បន្ទាប់មក ជនសង្ស័យក៏បានលោតចូលក្នុងប្រឡាយទឹកហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បានទាំង២នាក់តែម្តង និងវាយទ្រមខ្លួនទើបរាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣។
ជនរងគ្រោះបានបន្តថា លុយដែលបាត់បង់នោះចំនួន ២០០០០០៛ ។ ចំណែកលុយដែលបន្សល់ទុកចំនួន៥៨០០០៛ ហើយត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ និងកាបូបខ្មៅតូចមួយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕សុខាសែនជ័យ