ភ្នំពេញ៖ ជនសង្ស័យជំនាញឆក់ទូរស័ព្ទចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែរត់មិនរួច កាលពីវេលាម៉ោង១និង៤០ នាទីរសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្រោយផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី១មានឈ្មោះ ហុញ ថ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២មានឈ្មោះ ចេក សុផលចន្រ្ទា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត ទាំង២នាក់ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ ប៊ុន ពិសី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមការបញ្ជាក់ពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងបានជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ ក្រោយសាលា១០០ខ្នង ចំណែកទូរស័ព្ទដៃដាក់ក្នុងហោប៉ៅ អាវរងា ជិះមកផ្សារពោធិ៍ចិនតុង ខណៈ ជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្ស៊ុយស៊ីគីវីវ៉ាពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1X-9510 មកក្បែរ ធ្វើសកម្មភាពលូកយកទូរស័ព្ទរបស់នាង ពេលនោះនាងចាប់ដៃជនសង្ស័យជាប់ ហើយជិះម៉ូតូទៅបាំងមុខ ម៉ូតូជនសង្ស័យ បានស្រែកចោរៗ ក៏ផ្អើលដល់ប្រជាពលរដ្ធ និងសមត្ថកិច្ចនៅក្បែរមកឃាត់ជនសង្ស័យ នាំមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ និងជនរងគ្រោះមកដាក់ពាក្យបណ្តឹង តែម្តង។
បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកទូរស័ព្ទជនរងគ្រោះក៏បានប្រគល់ជូនជនរងគ្រោះវិញ៕ សុខាសែនជ័យ