ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់សង្ស័យមានជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ បុរសត្រូវបងប្អូនប្រទះឃើញចងកសម្លាប់ខ្លួនឯង ដោយប្រើខ្សែគោចងជាប់នឹងធ្នឹមផ្ទះ ដោយសង្ស័យមានជំងឺប្រចាំកាយដោយសារតែខ្លួនធ្លាប់ប្រើប្រាស់នូវសារធាតុញៀនហើយទើបតែចេញពីមណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀនផងដែរនោះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុចផ្ទះលេខ១៤១ ផ្លូវលំ ក្រុម៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពមានឈ្មោះ មុត សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ធ្លាប់ប្រើប្រាស់គ្រឿងញៀន ចូលទៅមណ្ឌលកែប្រែចំនួនពីរដង។

លោក មុត សុវណ្ណ អាយុ៦៥ឆ្នាំ ត្រូវជាឱពុកបង្កើតបានឲ្យដឹងថា កូនប្រុសរបស់គាត់(សព) រូបនេះកាលពីមុន ធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយគាត់ ក៏បានយកទៅដាក់មណ្ឌលកែប្រែ ដើម្បីបន្សាបព្យាបាលចំនួនពីរដងរួចមកហើយ ៗលើកក្រោយគាត់ក៏ទៅយកកូនចេញពីមណ្ឌលកែប្រែមកផ្ទះវិញ ព្រោះខាងមណ្ឌលគេប្រាប់ថា កូនគាត់ព្យាបាលជាហើយ ៗក៏នៅផ្ទះដិយមិនឲ្យចេញទៅណាទេ។

ប្រភពបន្តថា ប៉ុន្តែក្រោយពីមកពីមណ្ឌកែប្រែវិញ កូនប្រុសគាត់ចេះតែមានអារម្មណ៍មិនល្អពេលខ្លះស្រែកថា មានគេមកធ្វើបាប ពេលខ្លះក៏មានអារម្មណ៍ភ័យខ្លាថាមានគេមកចាប់ខ្លួនហើយពេលខ្លះក៏មានអារម្មណ៍ជាធម្មតា។ក្រោយមកទៀតកូនប្រុសគាត់តែងតែចូលទៅក្នុងបន្ទប់ (កន្លែងកើតហេតុ) បិទទ្វាររួចហាត់ប្រាណរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុវេលាម៉ោងខាងលើ បងប្រុសគេបានរុញទ្វារបន្ទប់ដើម្បីចូលយកម៉ូតូ យកបាយទៅឲ្យកូនហូបនៅផ្សារ ស្រាប់តែប្រទះឃើញប្អូនប្រុសបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយពេលនោះ ក៏យកកាំបិទឡើងទៅកាត់ខ្សែគោនោះរួចលើកប្អូនមកដាក់លើគ្រែតែម្តង ហើយក៏មានភ្ញាក់ផ្អើលឡើងនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចុះទៅដល់ផ្ទះកើតហេតុ ក្រុមគ្រួសារបានប្រាប់ថា គាត់មិនប្តឹងផ្តល់អ្វីទេ ព្រោះកូនគាត់ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយពួកគាត់សង្ស័យថាកូនគាត់មានជំងឺប្រចាំកាយ។

ដោយឡែកសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ៖ ដោយក្រុមគ្រួសារមិនមានការប្តឹងផ្តល់ ក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ៕ តុង សីហា


ចែករំលែក៖