ព័ត៌មានទាន់ហេតុការណ៍៖

វិសោធនកម្មលក្ខន្តិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជាត្រូវបានឯកភាពគ្នានៅក្នុងមហាសន្និបាតអាណត្តិទី៤

ចែករំលែក៖

ភ្នំពេញ៖ ខ្លឹមសារស្នើសុំវិសោធនកម្មលក្ខន្តិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងពេលមហាសន្និបាតអាណតិ្តទី៤ ឃើញថាពុំមានការជំទាស់ឡើយ ដោយមានការឯកភាពគ្នាទៅលើប្រការនិមួយៗ និងស្នើសុំកែសម្រួលខ្លះ។ នេះបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅក្នុងឱកាសបើកមហាសន្និបាតសមាគមមិត្តនគរបាលជាតិអាណតិ្តទី៤ ដែលបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់បន្ថែមថា ដោយបច្ចុប្បន្នប្រទេសយើងមានការរីកចម្រើនហើយប្រាក់បៀវត្សរបស់កងកម្លាំងយើងក៏បានឡើងខ្ពស់ ដែលពីមិនមុនប្រាក់ខែយើងបានតែ៤០ម៉ឺនរៀលហើយយើងចូលសមាគមតែ៤ពាន់រៀល ក្រោយមកយើងបង់ចូលសមាគម៣.៥០០រៀលក្នុងមហាសន្និបាតអាណតិ្តទី៣ ហើយឥឡូវនេះយើងបានឯកភាពគ្នាកាត់ចូលសមាគម៥០០០រៀលក្នុងអាណតិ្តទី៤នេះ ដើម្បីតម្រូវការខ្ពស់ដល់មន្ត្រីនគរបាលជាតិយើងទាំងមូល។

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រការ២០ ជំពូកទី៥ ចែងថាសមាគមត្រូវបានដឹកនាំដោយគណៈកម្មាធិការកណ្តាលដែលមានសមាសភាព២១រូប។ ស្នើសុំកែសម្រួល ចែងថា៖ សមាគមិត្តនគរបាលេជាតិកម្ពុជាត្រូវបានដឹកនាំដោយគណៈកម្មាធិការកណ្តាលដែលមានសមាសភាព៣២រូប។

ត្រង់ប្រការ៩ នៃជំពូកទី២ ចំណុចត្រេទី៦ ចែងថា៖ បង់វិភាគទានប្រចាំខែចំនួន៣.៥០០រៀលបានស្នើសុំកែសម្រួលចែងថា៖ បង់វិភាគទានប្រចាំខែចំនួន៥.០០០រៀល ក្នុងមូលហេតុដែលស្នើសុំកែសម្រួលនេះក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូល និងមានលទ្ធភាពក្នុងការបង្កើនប្រាក់ឧបត្ថម្ភឲ្យបានសមស្រប ។ ក្នុងនោះការចំណាយឧបត្ថម្ភត្រូវបានកំណត់ដូចខាងក្រោម៖ ឧបត្ថម្ភសមាជិកសមាគម និងភរិយាស្វាមីស្របច្បាប់របស់សមាគមដែលពលី ឬទទួលមរណភាព ឧបត្ថម្ភសមាជិកសមាគមដែលដាក់ឲ្យចូលបាត់បង់សមត្ថភាពការងារ ឧបត្ថម្ភសមាជិកសមាគមដែលត្រូវបានទទួលស្គាល់ជានគរបាលពិការហើយត្រូវបានផ្ទេចេញពីក្របខ័ណ្ឌរបស់មន្ត្រីនគរបាលជាតិ ចំណាយសម្រាប់ឧបត្ថម្ភប្រធានសកិ្ត និងចំណាយសម្រាប់ធ្វើឲ្យសមាគមរីកចម្រើន។ ក្នុងនោះស្នើសុំកែសម្រួលបន្ថែមមួយត្រេ ចែងថា៖ ឧបត្ថម្ភចំពោះសមាជិកដែលរងគ្រោះថ្នាក់ពេលប្រតិបតិ្តការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះប្រាក់ឧបត្ថម្ភសម្រាប់ពលី ឬមរណទទួលបាន៤លានរៀលនោះ ក៏ត្រូវបានស្នើសុំកែសម្រួលមក៦លានរៀលវិញផងដែរ។

ជាមួយគ្នានេះផងដែរ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានថ្លែងសុន្ទរកថាបើកមហាសន្និបាតសមាគមមិត្តនគរបាលជាតិ អាណតិ្តទី៤នេះថា ថ្ងៃនេះជាទិវាដ៏មហានក្ខតឬក្សដែលសមាគមមិត្តនគរបាលជាតិកម្ពុជាយើងបានប្រារព្ឋពិធីបើកមហាសន្និបាតអាណត្តិទី៤ ស្របពេលដែលយើងទាំងអស់គ្នា កំពុងសស្រាក់សស្រាំក្នុងការអនុវត្តកម្មពិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលអាណតិ្តទី៥ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បន្តថាក្នុងនាមអគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា សូមផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីស្រលាញ់រាប់អានដ៏ស្មោះស្ម័គ្រចំពោះនាយនគរបាល នាយនគរបាលរង និងមន្ត្រីនគរបាលនៅគ្រប់នាយកដ្ឋាន អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីខេត្ត។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានសម្តែងនូវការកោតសសើរដោយស្មោះ និងកក់ក្តៅបំផុតចំពោះកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលបានខិតខំបំពេញភារកិច្ចក្នុងបុព្វហេតុសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានបញ្ជាក់ឲ្យដឹងដែរថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានដំណើរការអស់រយៈពេល៣អាណតិ្តមកហើយ នៅក្នុងអាណតិ្តទី៣នេះសមាគមទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការមូលដ្ឋាននៅតាមនាយកដ្ឋាន អង្គភាព និងស្នងការនគរបាលរាជធានីខេត្តបានខឹតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំធ្វើឲ្យមន្ត្រីនគរបាលជាតិយើងទាំងអស់មានជំនឿជឿជាក់លើសមាគមនគរបាលជាតិ និងបានយល់ពីសារៈសំខាន់របស់សមាគមនិងឃើញច្បាស់ថាសកម្មភាពរបស់សមាគមគឺពិតជាបានជួយពង្រឹងនូវចំណងសាមគ្គីភាព មិត្តភាព និងបានជួយសម្រួលការលំបាកខ្វះខាតបានទាន់ពេលវេលា៕ តាឡឹម


ចែករំលែក៖