ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានសម្រេចបង្កើតក្រុមការងារចម្រុះមួយសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្ត្រីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការតាមរយៈព្រះរាជក្រឹត្យ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
យោងតាមសេចក្តីសម្រេចរបស់រាជ រដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្តេច ក្រឡាហោម ស ខេង កាលពីដើមខែធ្នូដែល សម្រេចបង្កើតក្រុមការងារចម្រុះមួយនេះបានឲ្យដឹងថា លោក អង្គ វង្សវឌ្ឍានា រដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ជាប្រធានអមដោយ អនុប្រធាន៣រូប និងសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាក្រុមអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួង យុត្តិធម៌ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ចជាដើម ។
ក្រុមការងារថ្មីនេះមានភារកិច្ចជាសេនាធិការរបស់នាយករដ្ឋមន្ត្រីក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ស្របតាមមាត្រា១៥១ថ្មី និងមាត្រា ១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា។ នេះបើយោង តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កម្ពុជាចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីកាលពីថ្ងៃសុក្រសប្តាហ៍មុនសម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីបំណងចង់បង្រួមសមាជិកគណៈរដ្ឋមន្ត្រី។ ក្នុងនោះ រដ្ឋាភិបាលគ្រោងនឹងស្នើសុំធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការនិងអនុ រដ្ឋលេខាធិការតាមរយៈព្រះរាជក្រឹត្យដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តពីរដ្ឋសភាទៀតនោះទេ ។
លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួង យុត្តិធម៌ និងជាអនុប្រធាននៃក្រុមការងារដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានថ្លែងថា ការសិក្សាស្រាវជ្រាវដើម្បីពិនិត្យ លទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះមិនមែនសំដៅបង្កើនអំណាចរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ តែជាការធ្វើកំណែទម្រង់មួយទៅលើរចនាសម្ព័ន្ធសមាសភាពរដ្ឋាភិបាលដែលអាចចាត់ទុកជាផ្នែកមួយផងដែរនៃកំណែទម្រង់អភិបាលកិច្ចក្នុងអង្គនីតិប្រតិបត្តិ។ កំណែ ទម្រង់នេះនឹងធ្វើឲ្យចំនួនសមាសភាពរាជ រដ្ឋាភិបាលថយចំនួនដែលកន្លងមកធ្លាប់តែមានការរិះគន់ថាគណៈរដ្ឋមន្ត្រីមានចំនួនច្រើន ។
លោក កើត រិទ្ធ បានបញ្ជាក់បន្ថែមទៀត ថា ការសិក្សាស្រាវជ្រាវដើម្បីត្រៀមធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញនេះក៏គ្មានគោល បំណងអ្វីក្រៅពីគិតគូរទៅការតម្កល់ផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនជាធំនោះដែរ ។
ការលើកឡើងរបស់លោក កើត រិទ្ធ បែបនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានសម្រេចបង្កើតក្រុមការងារចម្រុះមួយដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញដើម្បីត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំង មន្ត្រីថ្នាក់រដ្ឋលេខាធិការនិងអនុរដ្ឋលេខា ធិការតាមរយៈព្រះរាជក្រឹត្យ ៕ ហេង សូរិយា