ភ្នំពេញ៖ សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ដឹកនាំ ដោយ លោក ណាសៀត អូស្មាន តំណាង លោក អូស្មាន ហាស្សាន់ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ និងសាកសួរសុខទុក្ខ កុមារកំព្រានៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់សម្រាប់ក្មេងកំព្រា នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃព្រហស្បតិ៏ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ។
តាមការបញ្ជាក់ឲ្យដឹងពីលោក យ៉ោប អះស្កា រី អ្នក សម្របសម្រួលលើគម្រោងនេះថា៖ ក្រោមកិច្ចសហ ប្រតិបត្តិការល្អជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ចាប់ពីឆ្នាំ ២០០៨ មក ក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋស្លាងរ (MAIS) និង ស្ថាប័នហ្សាកាត់ រដ្ឋស្លាងរ (LZS) តែងតែចូលរួមសហការរាល់ការងារមនុស្សធម៌នៅកម្ពុជា។
ក្រៅពីការចូលរួមគ្រប់សកម្មភាពមនុស្សធម៌នានានោះ ដោយឡែកនៅថ្ងៃទី ១៥ ធ្នូ ២០១៧ ភាគីដៃគូម្ចាស់ជំនួយខាងលើដដែលនេះ ក៏បានបន្តឯកភាពចូលរួមឧបត្ថម្ភថវិកាចំនួន ១២,០០០ដុល្លា សម្រាប់ទិញអង្ករ២៤តោន សម្រាប់ផ្តល់ជូនសិស្ស កុមារកំព្រា ចាស់ជរា និង ជនក្រីក្រ តាមរយៈ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដើម្បីបែងចែកជូនក្នុងកម្មវិធីសំណេះសំណាលនានារួមមាន៖១-នាថ្ងៃទី ២៤ ធ្នូ ២០១៧ កន្លងទៅមានការផ្តល់ជូនជនក្រីក្រី និងចាស់ជរាចំនួន ១០០គ្រួសារ ដែលសរុបអង្ករ២តោន ក្នុងកម្មវិធីសំណេះ សំណាលជាមួយ គណៈអីមាំ គ្រូបង្រៀនឥស្លាម និងសម្ព័ន្ធយុវជនមុស្លិមកម្ពុជានៅខេត្តកំពត-កែប ។ ២-ថ្ងៃនេះ ក៏មានការផ្តល់ជូនបន្ថែមអង្ករ ៤តោន សម្រាប់សិស្សានុសិស្សនៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់សម្រាប់ក្មេង កំព្រា នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ព្រែកប្រា។ ហើយនៅសេសសល់១៨តោនផ្សេងទៀត សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា នឹងធ្វើការចាត់ចែងបន្តដ់ម្បីផ្តល់ជូនទៅកាន់មណ្ឌលអប់រំ និង ចាស់ជរា ទីទ័លក្រនៅតាមបណ្តាខេត្តផ្សេងៗ។
លោក ម៉ីត ស្លេះ នាយកមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់ សម្រាប់កុមារកំព្រាបានសម្តែងការកោតសរសើរដល់ភាគីម្ចាស់ជំនួយ ដែលបានយកចិត្តទុកដាក់ដល់កុមារកំព្រានៅមជ្ឈមណ្ឌលរបស់លោកដែលបច្ចុប្បន្នមាន៦៤នាក់ ខណៈតាំងពីឆ្នាំ២០០៥មក មជ្ឈមណ្ឌលបានធ្វើការ៉ាប់រង និង ផ្គត់ផ្គង់ការស្នាក់នៅ ហូបចុក និងការបង់ថ្លៃសិក្សាជូនកុមារកំព្រាសរុប ៤៥០នាក់ ក្រោមជំនួយពីអង្គការអឌ្ឍិចន្ទក្រហមប្រទេសអារ៉ាប់រួមអេមីរ៉ាត់ សហកាជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា។
លោក ណាសៀត អូស្មាន បានលើកឡើងថា៖ ជាករពិតណាស់ ឥស្លាមបានតម្រូវឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សាក្មេងកំព្រា ព្រោះគាត់ជាអ្នកគ្មានទីពឹង ដែលត្រូវឪពុក ស្លាប់ចោលនិងគ្មានអ្នកប្តល់ក្តីរំពឹង ភាពកក់ក្តៅ និងរ៉ាបរងសម្រាប់បន្តឆាកជីវិតអោយត្រឹមត្រូវដូចកុមារធម្មតានោះឡើយ។
លោកក៏បានលើកឡើងពីសិទ្ធិដែលកុមារកំព្រាគួរទទួលបានជាច្រើនចំនុច ជាពិសេសលោកបានសង្កត់ធ្ងន់ថា ក្នុងសាសនាឥស្លាមកុមារកំព្រាត្រូវមានសិទ្ធិទទួលបានការផ្តល់អាហាររូបត្ថម្ភ សិទ្ធិទទួលការថែរក្សាមរតក ការចិញ្ចឹមបីបាច់ រហូតដល់គ្រប់អាយុ និងមិនត្រូវមានការរំលោភបំពានទៅលើពួកគាត់ទាំងស្មារតី ផ្លូវចិត្ត និងផ្លូវកាយ ៕ សំរិត