ក្រុមមន្ត្រីជលផលខេត្តកំពង់ធំដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ ហែហមដោយលោកយ៉ាន់ វិសាក់ ហៅសែ កាលពីសប្តាហ៍មុនបានទទួលរងនូវការស្តីបន្ទោសពីលោកសុខ លូ អភិបាលខេត្តកំពង់ធំ ករណីបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទនាបឹងទន្លេសាបយ៉ាងគគ្រឹកគគ្រេង។ ក្រុមមន្ត្រីជលផលឱនមុខនៅក្នុងកិច្ចប្រជុំ ប៉ុន្តែក្រោយគាត់ចប់កិច្ចប្រជុំ ពួកគេដើរនិយាយថា មិនខ្វល់នឹងបទបញ្ជាលោកអភិបាលខេត្តនោះទេ រឿងសំខាន់គឺថ្នាក់ដឹកនាំក្រសួងជឿលើរបាយការណ៍របស់ពួកគេ ។ ដូច្នេះចង់លោកអភិបាលខេត្តនិយាយអីនិយាយទៅ។
យ៉ាងដូច្នេះទាល់តែថ្នាក់ដឹកនាំក្រសួងកសិកម្ម ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលជលផល លោក ជា អេងសាន ចុះពិនិត្យដោយផ្ទាល់ថា មានបទល្មើសឬយ៉ាងណា? ក្រុមមន្ត្រីជលផល ដឹកនាំដោយលោក ប៉ែន វណ្ណរិទ្ធ យ៉ាន់ វិសាក់ និងគាំទ្រដោយប្រធានមន្ទីរកសិកម្ម ធីវ វណ្ណធី បាននិងកំពុងបិទបាំងបទល្មើស បន្ទាប់ពីពួកគេទទួលផលប្រយោជន៍ពីឈ្មួញ។ ពួកគេចាត់ទុកអគ្គនាយកដ្ឋានរដ្ឋបាលជលផល លោក ជា អេងសាន គ្រាន់តែជាទីងមោងចាំចាប ដោយមិនដឹងពីបញ្ហាបទល្មើសនៅបឹងទន្លេសាបនោះឡើយ។
អភិបាលខេត្តកំពង់ធំ មិនមែនមិនដឹងថា ពួកជលផលមិនបង្ក្រាបបទល្មើសដោយសារតែយកលុយពីអ្នកនេសាទនោះទេ ប៉ុន្តែដោយសារតែផលប្រយោជន៍នោះដែរ ទើបមិនដេញដោលសួរនាំបន្តរឿងបទល្មើសនេសាទនេះ។ អ្វីដែលប្រជាពលរដ្ឋអ្នកនេសាទជនជាតិខ្មែរ ឈាមជ័រខ្មែរខ្លោចចិត្តនោះ គឺពួកគេមិនត្រូវបានអនុញ្ញាតឲ្យនេសាទ ទោះបីទ្រង់ទ្រាយតូចក៏ដោយ។ ប៉ុន្តែបណ្តាជនវៀតណាម ដែលបានបង់ប្រាក់ឲ្យពួកមន្ត្រីជលផល តាមរយៈលោកយ៉ាន់ វិសាក់ ហៅសែ គឺអាចនេសាទបានដោយសេរី។ មិនតែប៉ុណ្ណោះ មន្ត្រីជលផលទាំងនេះក្លាយទៅជាអ្នកចាំផ្តល់ព័ត៌មានឲ្យពួកអ្នកនេសាទល្មើសច្បាប់ នៅពេលដែលសមត្ថកិច្ចផ្សេងៗរៀបផែនការចុះទៅបង្ក្រាប។
គេមិនដឹងថា តើអភិបាលខេត្តកំពង់ធំយល់យ៉ាងណាចំពោះពួកមន្ត្រីជលផលដែលក្លាយទៅជាអ្នកកាងបទល្មើស ហើយខ្លួនបញ្ជាមិនស្តាប់នោះទេ? ផ្ទុយទៅវិញពួកគេកំពុងតែគឃ្លើនជាមួយនឹងអភិបាលខេត្តដោយយកឈ្មោះថ្នាក់ដឹកនាំក្រសួងកសិកម្មមកបាំងពីមុខ។ គេជឿថា ប្រសិនបើលោកអភិបាលខេត្តខ្លាំងនោះ ពួកមន្ត្រីជលផលអាចនឹងធ្វើការត្រឹមត្រូវតាមជំនាញបានខ្លះ ប៉ុន្តែបើអភិបាលខេត្តខ្សោយ… ដូចដុតកម្លោចទឹកចិត្តប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល៕