ព័ត៌មានទាន់ហេតុការណ៍៖

កម្មករជាង៧ពាន់នាក់នៅពោធិ៍សាត់បន្តធ្វើបាតុកម្មបិទផ្លូវដដែល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោងព្រឹក ថ្ងៃថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ កម្មករ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់តៃអុីហ្សី ​ ស្ថិតនៅភូមីទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធីសាត់​នៅតែនាំគ្នាបន្តធ្វើបាតុកម្មបិទផ្លូវជាដដែល ខណៈដែលលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់​បាននិងកំពុងចូលរួមប្រជុំនៅអធិការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីស្វែងរកដំណោះស្រាយនោះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករចំនួន៧អគារ ស្មើប្រមាណជាង៧ . ០០០ (ប្រាំពីរពាន់) នាក់ បានឈប់សម្រាក់ពីការងារដើម្បីទាមទារ(ចូលដល់ថ្ងៃទី៤) ឲ្យក្រុមហ៊ុនដោះស្រាយបញ្ហាលក្ខខណ្ឌ១២ចំណុច បើពុំដូច្នោះទេ ក្រុមកម្មករ នឹងបន្តបាតុកម្មបិទផ្លូវជាដដែល បើពុំមានដំណោះស្រាយនោះទេ។

សេចក្តីរាយការណ៍បន្តថា លក្ខខណ្ឌ១២ចំណុចដែលកម្មករទាមទាររួមមាន៖

១- សុំកុំឲកាត់លុយរង្វាន់ ប្រចាំសប្តាហ៍ និងលុយ ABC ពេលអវត្តមាន

២- ពេលអវត្តមានសូមកុុំកាត់លុយ PRIME ($10 )

៣- ពេលដាក់ច្បាប់ឈឺ មរណភាព សាច់ញាតិ និងរៀបការ សុំឲ្យបាន មួយសប្តាហ៍

៤- សូមកុំដំឡើងចំនួនផលិតកម្ម និងកាត់ចំនួនមនុស្សពេលដំឡើងប្រាក់ខែ (មួយឆ្នាំម្តង)

៥- សូមពេលដាក់ច្បាប់ឈឺ ឲ្យមានការធូរលុងកុំតឹងតែងពេក(ពួកកម្មករជាមនុស្សដែមិនមែនជាសត្វទេ)

៦- សូមឲ្យអ្នកមានផ្ទៃពោះដាក់ច្បាប់សំរាល​កុំបញ្ឈប់ពួកគាត់ (ច្បាប់សំរាលរយពេល ៣ខែ)

៧- សុំលុយរង្វាន់ប្រចាំសប្តាហ៍ និង ABC បើកឲ្យកម្មករ ឲ្យបានទៀងទាត់ផង

៨- ពេលមកធ្វើការយឹតហេតុអីអត់ឲ្យឡានចូលក្នុងរោងចក្រ

៩- សូមកុំឲ្យជនជាតិចិនមើលងាយកម្មករ ( កុំយកច្បាប់ចិនមកដាក់នៅស្រុកខ្មែរ)

១០- ពេលកូនឈឺ​សុំច្បាប់ចិនអត់អោយ

១១- ពេលអវត្តមាន ១ ថ្ងៃកុំកាត់លុយ២០ដុល្លារ និង

១២- សូមឲ្យមានសហជីពក្នុងរោងចក្រ

កាលពីថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់់ពីកម្មករ បានឡើងទៅឈរនៅលើផ្លូវជាតិលេខ៥ មុខរោងចក្រធ្វើឲ្យកកស្ទះចរាចរណ៍មានរយៈពេលជាង ១ម៉ោងនោះ លោកអភិបាលស្រុកក្រគរ បានថ្លែងបញ្ជាក់ថា លោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នឹងជួយរកដំណោះស្រាយជូនដល់ក្រុមកម្មករនោះ ទើបបងប្អូនកម្មករទាំងនោះបានព្រមព្រៀងឯកភាព ហើយបំបែកជួរគ្នាឡើងរថយន្តទៅផ្ទះរៀងៗវិញ ។

ប្រភពបន្តថា បន្ទាប់មក ម៉ោង៤និង ៤៨ នាទី ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ លោក អុឹង គឹមលាង អភិបាលរងនៃគណអភិបាលខេត្ត, លោក លឹម ជា តំណាងក្រុមហ៊ុន, ជនជាតិចិនចំនួន ២ នាក់ និងមានសមាសភាពចូលរួមផ្សេងទៀតដូចជា លោក សំរិទ្ធ អេង, លោក លី សុភា ប្រធានមន្ទីការងារ, លោក លី ម៉េងឃាង ប្រធានរដ្ឋបាលក្រុមហ៊ុន, កងកម្លាំង នគរបាលស្រុកក្រគរ, កម្លាំងកងរាជអាវុធហត្ថស្រុក និងបងប្អូនកម្មករ កម្មការនី រោងចក្រចំនួន ២៣៦នាក់ ស្រី ១៩៨ នាក់ ក៏បានជួបប្រជុំគ្នា ដោយសំណូមពរ ទាំង ១២ ចំណុច របស់បងប្អូនកម្មករ កម្មការនី ត្រូវបានបកស្រាយជូនបងប្អូនកម្មករ កម្មការនីចប់សព្វគ្រប់ ដោយ លោក អុឹង គឹមលាង និង លោក លឹម ជានៅម៉ោង ១៧ និង ៥៦ នាទី ថ្ងៃដដែល ។ លុះមកដល់ថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ កម្មករ កម្មការិនី ស្រាប់តែនាំគ្នាធ្វើបាតុកម្មបិទផ្លូវបន្តទៀត។

សូមបញ្ជាក់ថា នៅក្នុងការធ្វើបាតុកម្មបិទផ្លូវកាលពីថ្ងៃម្សិលមិញមានកម្មករដួលសន្លប់មានចំនួន៣២នាក់ ត្រូវបញ្ជូនមណ្ឌលសុខភាពស្រុកក្រគរ ដែលបច្ចុប្បន្នចេញពីមន្ទីរពេទ្យអស់ហើយ ។ សមត្ថកិច្ចអះអាងថា មូលហេតុ ដួលសន្លប់ដោយសារតែពួកគាត់មានការភ័យខ្លាច ៕ ប៉ឹម ពិន


ចែករំលែក៖