ខេត្តស្វាយរៀង៖ នារីម្នាក់ជិតចូលរោងការទៅហើយ បានរងរបួសបែកក្បាលហូរឈាម និងរលាត់ដៃជើងសន្លប់ស្តូកនៅនឹងកន្លែង ខណៈត្រូវបានអ្នកភូមិ និងអ្នកធ្វើដំណើរជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ បុកជាមួយរថយន្តស្របទិសគ្នាពេញទំហឺង កាលពីថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២និង២០ នាទីរសៀល លើផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិ សួនថ្មី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង។
យោងតាមនគរបាលក្រុងស្វាយរៀងបានប្រាប់អ្នកកាសែតនគរវត្តប្រចាំខេត្តឲ្យដឹងថា នារីដែលរងរបួសមានឈ្មោះនួន សុីថា អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី រស់នៅភូមិ តាស្អាង ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងដោយជិះម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅ មិនចាំស្លាកលេខខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមានឈ្មោះ យូ ប៊ុនរ័ត្ន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មន្រ្តីរាជការ រស់នៅភូមិ ព្រៃឆ្លាក់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ដោយបើករថយន្តម៉ាកហាយឡែនឌឺ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AA ៩០០៦។
បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមាននារីម្នាក់បានជិះម៉ូតូ មួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ពណ៌ខ្មៅតែម្នាក់ឯង ដោយធ្វើដំណើរពីកើតមកលិចខណះនោះក៏បានបត់ឆ្វេងមិនប្រយត្ន័ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌឺ ពណ៌ ទឹកមាស ដែលបើកស្របទិសគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាតែម្ដង។
បន្ទាប់មកអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួល ក៏បើកទ្វាររថយន្តគេចខ្លួនតែម្ដង។
ក្រោយពីកើតហេតុ សមត្ថកិច្ចក៏ដូចជាអ្នកភូមិនិងក្រុមគ្រួសារបានមកដល់និងយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយរបួសធ្ងន់ ក៏បញ្ជូនបន្តទៅប្រទេសវៀតណាម។
តាមអ្នកភូមិបានឲ្យដឹងថា នារីរងគ្រោះដែលជាបុគ្គលិកអគ្គីសនីខេត្តស្វាយរៀងគឺជិតចូលរោងការ និងកំព្រាឪពុកមិនគួរណាជួបរឿងអកុសសបែបនេះសោះ។
សមត្ថកិច្ចមូលដ្ឋានបានវាស់វែង និងយកមធ្យោបាយទាំង២គ្រឿងមក រក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយនៅពេលក្រោយ៕ យឹម សុថាន