ភ្នំពេញ៖ បុរសម្នាក់សន្លប់ស្តូកស្តឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិព្រែកជ្រៃ និងអ្នកដំណើរឆ្លងកាត់ស្ពានព្រែកជ្រៃកាលពីវេលាម៉ោង៨យប់ថ្ងៃចន្ទ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងស្ពានព្រែកជ្រៃ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកបង្កាន់ស្ពានដោយខ្លួនឯង។
ប្រភពពីប្រជាការពារភូមិបានឲ្យដឹងថា មុនពេលកើតហេតុគេបុរសរងគ្រោះនោះជិះម៉ូតូយ៉ាងលឿនពីត្បូងមក ហើយនៅលើម៉ូតូមានស្រាបៀរប្រហែល១២កំប៉ុងព្យួរនៅដៃម៉ូតូ ខណៈដែលគាត់ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានអ្នកភូមិបានឃើញជនរងគ្រោះនោះដៃម្ខាងកាន់កំប៉ុងស្រាបៀរហើយលើកផឹកក្នុងពេលកំពុងបើកម៉ូតូ ត្រង់ចំណុចស្ពានក៏ងងឹតគ្មានអំពូលភ្លើងបំភ្លឺផ្លូវទេ ក៏បុកបង្កាន់ដៃស្ពានពេញទំហឹងតែម្តង កំប៉ុងស្រាបៀរជ្រុះរាយប៉ាយពេញចន្លោះស្ពានផងដែរ។
ប្រភពពីអ្នកភូមិក៏បានបញ្ជាក់ឲ្យដឹងដែរថា សំណាងហើយដែលជនរងគ្រោះបុកបង្កាន់ដៃស្ពាន ហើយដួលសន្លប់នៅលើផ្លូវ តែបើធ្លាក់ទៅក្រោមវិញនោះនិងអាចស្លាប់បាត់បង់ជីវិតក្នុងទឹកបាត់ហើយ។
គួរបញ្ជាក់ថា ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបង្អែកដង្កោដឹកទៅធ្វើការសង្គ្រោះ ដោយឡែកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-7906 ហើយត្រូវបានសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ពានថ្មយកទៅរក្សា៕ តាឡឹម