ព័ត៌មានទាន់ហេតុការណ៍៖

កុមារកំព្រាស្នាក់នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់ទទួលអំណោយមនុស្សធម៌អង្ករ៤តោនពីសប្បុរសជនម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជាដឹកនាំដោយ លោកណាសៀត អូស្មាន ជាប្រធានក្រុមយុវជន និងតំណាងលោកអូស្មាន ហាស្សាន់ បានដឹកនាំសមាជិកសមាជិការ ចុះជួបសួរសុខទុក្ខ កុមារកំព្រា និងនាំយកអំណោយ មនុស្សធម៌ ជាសម្ភារៈ អង្ករ៤តោន ផ្ដល់ជូន នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់ សម្រាប់ក្មេងកំព្រា ដែលកំពុងស្នាក់ នៅសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទីចន្ទ១៥កើតខែបុស្ស ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០១ មករា ឆ្នាំ២០១៨ ។

បើតាមការ បញ្ជាក់ ឲ្យដឹងពីលោក យ៉ោប អះស្ការី អ្នកសម្របសម្រួលលើគម្រោងនេះបានអោយដឹងថា៖

ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាចាប់ពីឆ្នាំ ២០០៨ មក ក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋសឺឡាងរ (MAIS) និង ស្ថាប័នហ្សាកាត់ រដ្ឋសឺឡាងរ (LZS) តែងតែចូលរួមសហការរាល់ការងារមនុស្សធម៌នៅកម្ពុជា។ ក្រៅពីការចូលរួមគ្រប់សកម្មភាពមនុស្សធម៌នានា នោះ ដោយឡែកនៅថ្ងៃទី ១៥ ធ្នូ ២០១៧ ភាគីដៃគូម្ចាស់ជំនួយខាងលើដដែលនេះ ក៏បានបន្តឯកភាពចូលរួមឧបត្ថម្ភថវិកាចំនួន ១២០00 ដុល្លារ សម្រាប់ទិញអង្ករ២៤តោន សម្រាប់ផ្តល់ជូនសិស្ស កុមារកំព្រា ,ជនចាស់ជរា និង ជនក្រីក្រ តាមរយៈសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដើម្បីបែងចែកជូនក្នុងកម្មវិធីសំណេះសំណាលនានារួមមាន_ នៅសហគមន៏ឬស្សីកែវ កាលពីពេលថ្មីៗកន្លងទៅនេះយើងបាន ផ្តល់ជូនជនក្រីក្រី និងចាស់ជរា ជាអង្ករ និងថវិកាចំនួន ១០០គ្រួសារ ដែលសរុបអង្ករ ២តោន រួមជាមួយនិង កម្មវិធី សំណេះ សំណាលជាមួយ គណៈអីមាំ គ្រូបង្រៀនឥស្លាម និងសម្ព័ន្ធយុវជនមុស្លិមកម្ពុជានៅខេត្តកំពត-កែប។

ដោយឡែកថ្ងៃនេះ ក៏មានការផ្តល់ជូនបន្ថែមអង្ករ ៤តោន សម្រាប់សិស្សានុសិស្សនៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់សម្រាប់ក្មេងកំព្រា នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ហើយនៅសេសសល់១៨តោនផ្សេងទៀត សម្រាប់ សមាគម សម្ព័ន្ឋយុវជនមុស្លិមកម្ពុជា នឹងធ្វើការចាត់ចែងបន្តដើម្បីផ្តល់ជូនទៅ ដល់មណ្ឌលអប់រំ និង ជនចាស់ជរា ទីទ័លក្រនៅតាមបណ្តាខេត្តផ្សេងៗទៀត ។

លោក ម៉ីត ស្លេះ នាយកមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់ សម្រាប់កុមារកំព្រាបានសម្តែងការកោតសរសើរដល់ភាគីម្ចាស់ជំនួយ ដែលបានយកចិត្តទុកដាក់ដល់កុមារកំព្រានៅ មជ្ឈមណ្ឌលរបស់លោកដែលបច្ចុប្បន្នមាន៦៤នាក់ ខណៈតាំងពីឆ្នាំ២០០៥មក មជ្ឈមណ្ឌលបានធ្វើការ៉ាប់រង និង ផ្គត់ផ្គង់ការស្នាក់នៅ ហូបចុក និងការបង់ថ្លៃសិក្សាជូនកុមារកំព្រាសរុប ៤៥០នាក់ ក្រោមជំនួយពីអង្គការអឌ្ឍិចន្ទក្រហមប្រទេសអារ៉ាប់រួមអេមីរ៉េត សហកាជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា។

លោក ណាសៀត អូស្មាន បានលើកឡើងថា៖ ជាករពិតណាស់ ឥស្លាមបានតម្រូវឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សាក្មេងកំព្រា ព្រោះគាត់ជាអ្នកគ្មានទីពឹង ដែលត្រូវឪពុក ស្លាប់ចោលនិងគ្មានអ្នក ផ្ដល់ក្តីរំពឹង ភាពកក់ក្តៅ និងរ៉ាបរង សម្រាប់បន្តឆាកជីវិតអោយត្រឹមត្រូវដូចកុមារធម្មតានោះឡើយ។

លោកក៏បានលើកឡើងពីសិទ្ធិដែលកុមារកំព្រាគួរទទួល បានជាច្រើនចំនុច ជាពិសេសលោកបានសង្កត់ធ្ងន់ថា ក្នុងសាសនាឥស្លាម កុមារកំព្រាត្រូវមានសិទ្ធិទទួលបាន ការផ្តល់អាហាររូបត្ថម្ភ សិទ្ធិទទួលការថែរក្សាមរតក ការចិញ្ចឹម បីបាច់រហូតដល់គ្រប់អាយុ និងមិនត្រូវមានការរំលោភ បំពានទៅលើពួកគាត់ទាំងស្មារតី, ផ្លូវចិត្ត និងផ្លូវកាយ នោះឡើយ ៕ សំរិត


ចែករំលែក៖