ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំថ្មី សួង សុខារ៉ានីត ជម្រះបញ្ជីស្នេហ៍ចាស់ចេញ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងសិចស៊ី កញ្ញា សួង សុខារ៉ានីត បានបង្ហាញអារម្មណ៍ស្រស់ស្រាយខ្លាំងក្រោយចំណងស្នេហ៍ពោរពេញដោយសម្ពាធផ្លូវចិត្តបានបញ្ចប់។ ឆ្នាំថ្មីមកដល់ភ្លាមតារាស្រីរូបនេះ ជម្រះចំណងស្នេហ៍បុរសជនជាតិចិនសប់គ្រប់ ហើយបើកបេះដូងទទួលយកស្នេហ៍ថ្មី។

គេចាំបានថា កន្លងមក សួង សុខារ៉ានីត បានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសជនជាតិចិនម្នាក់ ប៉ុន្តែនាងបានផ្តាច់ចំណងស្នេហ៍វិញយ៉ាងឆាប់រហ័សក្រោយពេលបុរសនោះពូកែរករឿងប្រច័ណ្ឌច្រើនគ្រប់ពេលវេលារហូតធ្វើឲ្យនាងទ្រាំលែងបាន។

តារាស្រីរូបនេះបញ្ជាក់ថា ឲ្យទ្រាំម្តេចបានបើគ្រាន់តែស្លៀកពាក់ខើចលើខើចក្រោមបន្តិចក៏ប្រចណ្ឌ ចេញទៅថតដល់យប់ជ្រៅបន្តិចក៏មិនបាន ឃើញរូបថតជាមួយអ្នកសិល្បៈប្រុសៗបន្តិចមិនបានគឺគ្រប់រឿងដែលនាងពិបាកនឹងទ្រាំទ្របាន។ តារាស្រីរូបនេះបញ្ជាក់ថា ពេលនេះស្នេហាមួយនេះគ្មាននៅស្លាកស្នាមដែលឲ្យនាងអាឡោះអាល័យទៀតទេគឺបែកគ្នាអស់ប្រមាណជាងមួយខែមកហើយហើយនាងក៏ធ្វើចិត្តបានដែរ។

នាងថាក្រោយបញ្ចប់ចំណងស្នេហ៍ខុសជាតិសាសន៍នេះ គឺនាងអាចមានឱកាសថតភាពយន្តច្រើនទាំងភាពយន្តភាគ និងភាពយន្តខ្នាតធំដូចជារឿង គ្រាប់បាល់អង្រួនពិភពគុន និងរឿង បិសាចគួរឲ្យស្រលាញ់ ជាដើម។

នាងថាកន្លងមកនាងសុខចិត្តអត់ទ្រាំនឹងការប្រច័ណ្ឌបន្តិចព្រោះតែចង់ឈ្វេងយល់ចិត្តគ្នាឲ្យបានច្រើន និងមិនចង់ផ្លាស់ប្តូរស្នេហានាំឲ្យលេចចេញការរិះគន់ ប៉ុន្តែដល់កម្រិតមួយដែលនាងពិបាកទ្រាំគឺមានតែជ្រើសរើសផ្លូវបែក។ នាងទទួលស្គាល់ថា ការបែកស្នេហាពិតជានាំឲ្យមានការរិះគន់ពីមហាជន ប៉ុន្តែការទ្រាំរបស់មនុស្សមានកម្រិតដូចនេះមិនអាចរងសម្ពាធធ្ងន់ធ្ងររហូតដល់គ្រាំចិត្តនោះដែរ។ អ្វីដែលនាងចង់បញ្ជាក់នៅពេលនេះគឺបេះដូងទទេស្អាត ហើយក៏ពិចារណាស្នេហ៍ថ្មីដែរប្រសិនបើមានអ្នកយល់ចិត្ត

តារាស្រីនិយមលេងសម្រស់ដើមទ្រូងរូបនេះលើកឡើងថា នឹងចាប់ផ្តើមជីវិតថ្មីជាមួយជីវិតដែលមានសេរីភាព និងមិនមានសម្ពាធផ្លូវចិត្ត។ នាងថាបើគេស្រលាញ់យើងពិតគឺគេពិតជាកែប្រែដើម្បីយើង ដូចនេះបើមានបុរសដែលយល់ចិត្ត យល់ពីការងារ និងឲ្យតម្លៃចំពោះអ្នកសិល្បៈគឺពិតជាល្អ ហើយវាជាអ្វីដែលនាងចង់បានសម្រាប់ឆ្នាំថ្មីនេះ៕ វឌ្ឍនា


ចែករំលែក៖