ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែបានប្រកាសពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ថា «ពេលវេលាដែលត្រូវផ្លាស់ប្តូរអ៊ីរ៉ង់បានមកដល់ហើយ»។ ការប្រកាសបែបនេះមិនខុសអ្វីពីការជំរុញឲ្យពលរដ្ឋអ៊ីរ៉ង់ធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួនឡើយ។
ចំពោះការធ្វើបាតុកម្មដោយហិង្សាសម្លាប់មនុស្សជាង១០នាក់នៅអ៊ីរ៉ង់ លោក ត្រាំ ក៏បានប្រកាសផងដែរថា ពលរដ្ឋអ៊ីរ៉ង់កំពុងតែស្រេកឃ្លានសេរីភាព ហើយដល់ពេលដែលពលរដ្ឋអុីរ៉ងត្រូវតែផ្លាស់ប្តូររបៀបដឹកនាំនៅក្នុងប្រទេសនេះ។
មេដឹកនាំអាមេរិកបានសរសេរនៅលើបណ្តាញសង្គមធ្វីតទ័រថា «ជាច្រើនឆ្នាំកន្លងមក ប្រជាជនអ៊ីរ៉ង់ទទួលរងការរំលោភបំពានសិទ្ធិសេរីភាព។ ពលរដ្ឋត្រូវការស្បៀងអាហារ និងសេរីភាព នេះជាពេលវេលាដែលត្រូវផ្លាស់ប្តូរ»។
ការធ្វើបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់បានឈានចូលជិត១សប្តាហ៍កន្លងមក ហើយកំពុងតែរាលដាលកាន់តែខ្លាំងឡើង។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា នៅតាមបណ្តាខេត្តក្រុង បាតុកម្មចាប់ផ្តើមឡើងតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ រហូតមកទល់ពេលនេះ។ នៅទីក្រុង Mashhad ពេលដំបូងធ្វើបាតុកម្មប្រឆាំងនឹងតម្លៃប្រេងសាំងឡើងថ្លៃ និងអំពើពុករលួយ តែពេលនេះបានងាកមកបាតុកម្មប្រឆាំងរដ្ឋាភិបាលវិញម្តង។
ក្រុមបាតុករបង្ហាញការខកចិត្តចំពោះសេដ្ឋកិច្ចជាតិធ្លាក់ចុះ និងអំពើពុករលួយកើនឡើងខ្ពស់នៅក្នុងប្រទេស ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាន់តែច្រើនឡើងនៅពេលដែលឆ្នាំ២០១៨បានចូលមកដល់។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា មកទល់ពេលនេះ មានមនុស្សស្លាប់១៥នាក់ នៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីសន្តិសុខបានបញ្ជាក់ថា មកទល់នឹងពេលនេះ មានសន្តិសុខល្អណាស់ ដោយក្រុមសន្តិសុខមិនបានផ្ទុះអាវុធដាក់បាតុករនោះឡើយ។ ផ្ទុយទៅវិញ គឺមានការផ្ទុះអាវុធទៅលើកម្លាំងប៉ូលិសការពារទៅវិញដែលបានសម្លាប់ប៉ូលិសម្នាក់ និង៣នាក់ទៀតរងរបួស។
ប្រធានាធិបតីអ៊ីរ៉ង់ ហាសសាន់ រូហានី បានអំពាវនាវឲ្យពលរដ្ឋរក្សាការអត់ធ្មត់។ លោកបន្តទៀតថា ការធ្វើបាតុកម្មនាពេលនេះបង្ហាញឲ្យឃើញថា អុីរ៉ងជាប្រទេសសេរីភាពតាមរដ្ឋធម្មនុញ្ញ ដោយពលរដ្ឋមានសិទ្ធិបញ្ចេញមតិតវ៉ាប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែបាតុករមិនមានសិទ្ធិបង្កអសន្តិសុខភាពចលាចលនៅក្នុងសង្គមឡើយ។
ស្ថានការណ៍នៅក្នុងប្រទេសអុីរ៉ងមានការលូកដៃពីប្រទេសលោកខាងលិច។ សហគមន៍អឺរ៉ុប បានអំពាវនាវដល់អុីរ៉ងត្រូវតែធានាសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី។ អុីរ៉ងកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួលនៅក្នុងប្រទេសនេះ។ ជាមួយគ្នានោះ អាល្លឺម៉ង់ អង់គ្លេស ក៏បានស្នើដល់រដ្ឋាភិបាលរក្សាការអត់ធ្មត និងពិភាក្សាជាមួយពលរដ្ឋបញ្ចប់ការប្រឈមមុខដាក់គ្នា។
នៅពេលនេះដែរអាមេរិកបានប្រកាសគាំទ្រដល់បាតុករអ៊ីរ៉ង់។ អនុប្រធានាធិបតីអាមេរិក លោក Michael Pence ក៏បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបោះបង់ចោលក្រុមបាតុករអ៊ីរ៉ង់ឡើយ។
អនុប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ការក្រោកឈរឡើងរបស់ពលរដ្ឋអ៊ីរ៉ង់នាពេលនេះ ជាក្តីសង្ឃឹមដើម្បីបញ្ចប់របបផ្តាច់ការនាំមកនូវសិទ្ធិសេរីភាព។ នៅពេលនេះដែរ អាមេរិកនឹងមិនឲ្យពលរដ្ឋអ៊ីរ៉ង់ដែលចង់បានសេរីភាពខកចិត្តនោះឡើយ។
មិនថាតែអាមេរិកទេដែលគាំទ្របាតុករសូម្បីតែអឺរ៉ុបក៏គាំទ្រក្រុមបាតុករអ៊ីរ៉ង់ដែលប្រឆាំងរដ្ឋាភិបាលដែរ។ អ៊ីស្រាអែល និងសាវឌីអារ៉ាប៊ីដែលជាសត្រូវរបស់អ៊ីរ៉ង់ក៏បានគាំទ្រក្រុមបាតុករដើម្បីផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសនេះ៕ ម៉ែវ សាធី