ភ្នំពេញ៖ បុរសម្នាក់យកម៉ូតូសង្សារទៅបាត់ជិតមួយខែ ស្រាប់តែស្រីសេ្នហ៍ឃើញ ស្រែកថាចោរៗ ផ្អើលប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍មនោរម្យ។
ហេតុការណ៍នេះ កើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចច្រកឌឿងហែម ក្រោយភោជនីយដ្ឋានថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះមានឈ្មោះ អ៊ុន ស្រីណែត អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧ ភូមិអណ្តូងប្រាំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ម៉ូតូដែលជនសង្ស័យយកទៅម៉ាកហុងដាអាយខន ស្លាកលេខ ភ្នំពេញ 1-AM.9474 ហើយត្រូវបានជនសង្ស័យដោះស្លាកលេខចោល ដាក់ស្លាកលេខថ្មី កណ្តាល 1V-1590 ។ ចំណែកជនសង្ស័យ មានឈ្មោះ ចាន់ រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅម្ដុំផ្សារទឹកថ្លា។
នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១រំលងអធ្រាត្រ ជនសង្ស័យបានមកបបួលនាងទៅដើរលេង ហើយនាងក៏យល់ព្រម ប៉ុន្តែនាងបានបញ្ជាក់ថា ទើបតែស្គាល់ជនសង្ស័យ២ទៅ៣ថ្ងៃទេ។
នាងបន្តទៀតថា នៅពេលនោះជនសង្ស័យបានជិះរថយន្ត ចំណែកនាងជិះម៉ូតូ ហើយជនសង្ស័យឲ្យនាងយកម៉ូតូទៅផ្ញើនៅម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយឡើងជិះរថយន្តដើរលេងជាមួយគ្នានៅម្តុំកោះពេជ្រ។ ខណៈកំពុងដើរលេង ជនរងគ្រោះឈឺនោម ក៏ចុះពីរថយន្តទៅរកបន្ទប់ទឹក ដោយទុកសោម៉ូតូ និងសំបុត្រផ្ញើ រួមនឹងថង់សម្លៀកបំពាក់នៅក្នុងរថយន្តផងនោះ។ ពេលជនរងគ្រោះចុះរកបន្ទប់ទឹក ជនសង្ស័យក៏បើករថយន្តចេញមកបាត់ ។ ភ្លាមនោះ ជនរងគ្រោះមកពីបន្ទប់ទឹកវិញ មិនឃើញជនសង្ស័យ ក៏បានហៅម៉ូតូឌុបជិះមកកន្លែងផ្ញើម៉ូតូ ដើម្បីមករកម៉ូតូ តែរកមិនឃើញ ព្រោះជនសង្ស័យបានមកយកម៉ូតូចេញទៅបាត់ហើយ។
ក្រោយពេលដឹងថា ជនសង្ស័យលួចយកម៉ូតូទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។ លុះដល់ថ្ងៃព្រហស្បតិ៍ ៣រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៨ ម៉ោង៩និង៣០នាទីព្រឹក នៅចំណុចច្រកឌឿងហែម ក្រោយភោជនីយដ្ឋានថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាងក៏បានឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់នាងដែលបាត់នោះ ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្ថិ៍នគរបាលមនោរម្យដើម្បីសាកសួរហើយក៏ប្រគាល់ឲ្យមកនគរបាលប៉ុស្តិ៍ទឹកថ្លាវិញដើម្បីចាត់ការបន្តតាមនីតិវិធីវិញ៕ តង សីហា