ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិស្នេហ៍ដ៏ផ្អែមល្ហែមនិងជូរចត់របស់សម្តេចតេជោនិងសម្តេវកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៥ ជាខួប៤០ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់ខ្ញុំ និងភរិយា (៥ មករា ១៩៧៦-៥ មករា ២០១៦)។ បើនិយាយពីជីវិតប្តីប្រពន្ធ វាជារឿងធម្មតាខ្លាំងណាស់សំរាប់ជីវិតមនុស្សទូទៅ តែសំរាប់ខ្ញុំ និងភរិយា វាជារឿងមិនធម្មតា ពេលខ្លះខ្ញុំគិតថា ចម្លែករហូតចាត់ទុកថាទេវតាផ្សំផ្គុំ ឬគូព្រេងទៀតផង។ ខ្ញុំគួរចាប់ផ្តើមពីចំណុចថា តើខ្ញុំនិងភរិយាស្គាល់គ្នា និងជួបគ្នាដោយរបៀបណា? គ្រូទស្សទាយតែងតែទស្សទាយឱ្យខ្ញុំថា គូរព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹកហូរ ជារបៀបនិយាយ នៃអ្នកដែលរស់នៅតាមដងទន្លេមេគង្គមានន័យថា ភរិយាខ្ញុំនឹងមានទីលំនៅនៅក្រោមចរន្តទឹកហូរ តែផ្ទុយទៅវិញ ភរិយាខ្ញុំបែរជាមាន ទីលំនៅលើចរន្តទឹកហូរទៅវិញ។ ប្រៀបធៀបភូមិសាស្រ្តនៃភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលជាភូមិកំណើតរបស់ខ្ញុំ និងភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ដែលជាភូមិកំណើតរបស់ភរិយាខ្ញុំនៅម្ខាងទន្លេម្នាក់ឃើញថា ភូមិខ្ញុំនៅក្រោមខ្សែទឹក នៃភូមិភរិយាខ្ញុំ ៣ ទៅ ៥ គីឡូម៉ែត្រឯណោះ។

ពេលនេះ ខ្ញុំនិយាយដល់រឿងរ៉ាវ ដែលបានកើតក្នុងទំនាក់ទំនងរវាងខ្ញុំ និងភរិយាខ្ញុំ។ នៅប្រមាណដើមឆ្នាំ១៩៧៣ អង្គភាពរបស់ខ្ញុំ ត្រូវបានបញ្ជូនចេញពីស្រុកមេមត់ ទៅកាន់ស្រុកត្បូងឃ្មុំតាមដងទន្លេមេគង្គ មានឃុំជីរោ ឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំថ្មពេជ្រ ឃុំស្រែសៀម។ល។ បន្ទាប់ពីបានប្រយុទ្ធនៅលើសមរភូមិជាច្រើន តាមផ្លូវជាតិលេខ៧ ក្នុងចន្លោះស្រុកស្នួល ខេត្តក្រចេះ មកស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តកំពង់ចាម ដែលពួកខ្ញុំប្រយុទ្ធភាគច្រើនជាមួយកងទ័ពឈ្លានពាន វៀតណាមខាងត្បូង និងពេលខ្លះជាមួយកងទ័ពអាមេរិក និងវៀតណាមខាងត្បូងសំខាន់ក្នុងឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៧១។

ពេលនោះ ខ្ញុំទើបអាយុបាន២១ឆ្នាំ។ ឯភរិយាខ្ញុំទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំ និងភរិយារបស់ខ្ញុំមិនដែលស្គាល់គ្នាទាល់តែសោះ កុំថាឡើយមុខមាត់ សូម្បីតែឈ្មោះក៏មិនដែលស្គាល់ ឬឮផង។ ល្ងាចថ្ងៃមួយ នៅពេលដែលខ្ញុំកំពុងដាំបាយដែលជាវេនដាំស្លរបស់ខ្ញុំ ស្រាប់តែយុទ្ធជនរបស់ខ្ញុំម្នាក់ ដែលទើបនឹងចេញពីព្យាបាលជម្ងឺនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារ មកប្រាប់ខ្ញុំថា សោផ្តាំសួរសុខទុក្ខ។ អ្នកតាមដងទន្លេពាក្យ(សោគឺជាបងថ្លៃស្រី) ខ្ញុំមិនតបត ឬសួរនាំអ្វីទាំងអស់ និងឱ្យយុទ្ធជនរូបនេះជួយចិតផ្លែចេក ព្រោះត្រូវធ្វើសម្លរប្រហើរផ្លែចេក។

ស្អែកឡើង មានយុទ្ធជនផ្សេងដែលទើបចេញពីមន្ទីរពេទ្យស្រុកក្រូចឆ្មារនិយាយរឿងនេះដូចគ្នា និងជាបន្តបន្ទាប់មានយុទ្ធជន កម្មាភិបាលកាន់តែច្រើន និយាយពាក្យសោផ្ដាំសួរសុខទុក្ខ។ ចំណែកខាងភរិយាខ្ញុំក៏បានទទួលពាក្យពីយុទ្ធជនរបស់ខ្ញុំវិញថា មេបញ្ជាការរបស់ខ្ញុំផ្ដាំសួរសុខទុក្ខអ្នកគ្រូពេទ្យ រហូតយុទ្ធជនខ្លះហ៊ានប្រើពាក្យសោ ឬបងថ្លៃ ដែលពាក្យនេះបានធ្វើឱ្យអ្នកគ្រូពេទ្យក្រមុំខឹងនឹងខ្ញុំយ៉ាងខ្លាំង។

នេះជាល្បែងផ្សំផ្គុំដ៏មានគ្រោះថ្នាក់សំរាប់វិន័យកងទ័ពនាពេលនោះ ប្រសិនបើយើងមិនមានការយោគយល់ពីមេបញ្ជាការរបស់យើងទេនោះ។ ជាកុសលល្អ ខ្ញុំតែងមានមេបញ្ជាការប្រកបដោយមេត្តាធម៌ ក្នុងនោះមានម្នាក់ឈ្មោះ សុក សារឿន បច្ចុប្បន្នជាឧត្តមសេនីយទោ និងជាមេបញ្ជាការរងយោធភូមិភាគទី ៤ គាត់ជាមនុស្សសំខាន់ម្នាក់ដែលដឹងរឿងរ៉ាវក្នុងទំនាក់ទំនងរវាងខ្ញុំ និងភរិយាខ្ញុំ។ ឯខ្ញុំក៏ដឹងរឿងរ៉ាវគាត់ច្រើនដែរ ក្នុងរឿងគាត់ជាកម្លោះចាស់ចង់បានប្រពន្ធក្មេង។

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩៧៣ មានការប្រយុទ្ធទ្រង់ទ្រាយធំមួយ ដើម្បីអបអរសាទរខួបលើកទី ៣ នៃថ្ងៃបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា ដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ។ ពួកយើងបានវាយបន្ទាយទន្លេបិទដែលអង្គភាពរបស់ខ្ញុំ ក្រោមបញ្ជារបស់បងប្រុស សុក សារឿន ត្រូវវាយពីទិសខាងជើង ដែលពេលនេះគឺជាតំបន់គល់ស្ពានគីហ្សូណា។ យើងចាញ់ធ្ងន់ធ្ងររហូតបាក់ទ័ព។ យុទ្ធជនមួយចំនួនពលីជីវិត មួយចំនួនទៀតត្រូវរបួសដែលបងប្អូនទាំងនោះ ត្រូវបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យកំពុងមានបញ្ហាជាមួយខ្ញុំ។

សូមបញ្ជាក់ថា ការប្រយុទ្ធយប់ថ្ងៃ ទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ គឺជាលើកដំបូងហើយ ដែលខ្ញុំវាយជាមួយកងទ័ពខ្មែរគ្នាឯង តាមនយោបាយខ្មែរូបនីយកម្ម សង្គ្រាមនៅកម្ពុជា បន្ទាប់ពីអាមេរិក និងវៀតណាមខាងត្បូងដកកងទ័ពថ្មើរជើងចេញពីកម្ពុជា តែនៅបន្តវាយកម្ពុជាតាមកងទ័ពជើងអាកាស។ ការប្រយុទ្ធរាប់សិបលើកមុនៗ គឺវាយជាមួយកងទ័ពឈ្លានពានអាមេរិក ពិសេសគឺកងទ័ពវៀតណាមខាងត្បូងដែលបោះទ័ពតាមផ្លូវជាតិលេខ ៧ ម្ដុំស្អំ អំពុកក្រែក។ល។

នៅពេលកម្មាភិបាល យុទ្ធជនមួយចំនួនកំពុងសម្រាកព្យាបាលរបួស និងជម្ងឺនៅក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មារ ក្នុងឋានៈជាមេបញ្ជាការរបស់ពួកគេ ខ្ញុំត្រូវទៅសួរសុខទុក្ខពួកគេ។ ពេលចូលដល់មន្ទីរពេទ្យដែលនៅជាប់នឹងមាត់ទន្លេមេគង្គ ខ្ញុំដើរសួរសុខទុក្ខយុទ្ធមិត្ត ដែលសម្រាកនៅមន្ទីរពេទ្យទាំងអស់ ដោយមាននំអន្សមចេកចែកជូន ២ ម្នាក់ស្មើៗគ្នាដោយគ្មានការរើសអើងអង្គភាព។ ចុងក្រោយ ទើបខ្ញុំទៅសួរសុខទុក្ខសំឡាញ់ខ្ញុំម្នាក់ ដែលរបួសជើងទាំងសងខាង ដែលខ្ញុំបានអូសផង លីផង យកចេញពីសមរភូមិនាព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៧៣។ សំឡាញ់ម្នាក់នេះកំសត់កម្រជាមួយគ្នាតាំងពីសមរភូមិទី ១ វាយទ័ពអាមេរិក និងវៀតណាមខាងត្បូងនៅស្រុកស្នួលខេត្តក្រចេះ ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ ដែលជាថ្ងៃដំបូងនៃការចូលមកកាន់កាប់ផ្លូវជាតិលេខ៧ ពីសំណាក់កងទ័ពឈ្លានពាន។
គាត់គឺជាមនុស្សកំប្លែងស្ងួត សំឡាញ់ខ្ញុំមិនត្អូញត្អែរជាមួយមុខរបួសគាត់ទេ គាត់បែរជានិយាយមកកាន់ខ្ញុំថា បូណាល់ (ហ៊ុន បូណាល់ ជាឈ្មោះដើមរបស់ខ្ញុំ និងហៅក្រៅថា “សែន” ពេលនោះខ្លះហៅ “សែន” ខ្លះហៅ “បូណាល់”) គ្រូពេទ្យ ”រ៉ានី” ពិតជាស្អាត។ បើឯងមិនត្រូវការទេ ទុកឱ្យអញដណ្តឹងយក តែប្រហែលជា ទៅមិនរួចទេ បើអញខ្មៅយ៉ាងនេះដូចក្អែកពាំពងមាន់ ហើយព្រោះ រ៉ានី សស្អាតណាស់។ ពេលឮឈ្មោះ ”រ៉ានី” ខ្ញុំក៏សួរថា “រ៉ានីហ្នឹងជាអ្នកណាគេ? សំឡាញ់ខ្ញុំឆ្លើយភ្លាមថា ក្រែងនារីដែលឯងស្រឡាញ់នោះអី បន្តិចទៀតគាត់មកលាងរបួសឱ្យអញហើយ ចាំជួបគ្នានៅហ្នឹងហើយ។ ខ្ញុំជេរសំឡាញ់ខ្ញុំថា អាឆ្កួត។

ដោយប្រញាប់ឆ្លងទន្លេពីឃុំក្រូចឆ្មារ ដែលជាទីតាំងមន្ទីរពេទ្យ ទៅឃុំពាមកោះស្នាដើម្បីសួរសុខទុក្ខឪពុកម្តាយ ក្រុមគ្រួសារដែលបែកគ្នាជាង៣ឆ្នាំមកហើយនោះ ខ្ញុំក៏ប្រញាប់ចាកចេញពីមន្ទីរពេទ្យ ដោយមិនទាន់ស្គាល់មុខ រ៉ានី យ៉ាងណាផង ហើយក៏មិនចង់ស្គាល់ដែរ ព្រោះខ្លាចមានរឿង។ នេះលើកទីមួយហើយ ដែលខ្ញុំស្គាល់ឈ្មោះនារីម្នាក់ ដែលក្រោយមកបានក្លាយជាភរិយាខ្ញុំរយៈពេល៤០កន្លងមកនេះ។

ហេតុតែនិស្ស័យ ខំប្រឹងគេចវេស ទោះខ្ញុំត្រូវរបួសភ្លៅដោយអំបែងគ្រាប់ផ្លោងក្នុងអំឡុងខែវិច្ចិកា ឆ្នាំ១៩៧៣ ក៏ខ្ញុំមិនមកព្យាបាលនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារដែរ ខ្លាចជួបមុខ រ៉ានី នេះ។ តែពាក្យចចាមអារ៉ាមកាន់តែធំទៅៗ ធ្វើឱយខ្ញុំរងក្តីអាម៉ាស់ប្រឈមនឹងបញ្ហាវិន័យកាន់តែខ្លាំង។ ចំណែកខាង រ៉ានី វិញកាន់តែធ្ងន់ធ្ងរជាងខ្ញុំទៅទៀត ព្រោះនាងជាមនុស្សស្រី បើមិនរងខាងវិន័យទេ ក៏មានផលប៉ះពាល់ខាងសីលធម៌ដែរ។ មនុស្សប្រុស ស្រី២នាក់ហើយសុទ្ធតែ ក្រមុំកម្លោះដូចគ្នា មិនដែលស្គាល់គ្នាតែមានការគិតដូចគ្នា គឺខ្ញុំបានស្នើសុំមេបញ្ជាការរបស់ខ្ញុំ បង សុខ សារឿន ដើម្បីទៅជួបដោះស្រាយផ្ទាល់នៅស្រុកក្រូចឆ្មារ។ ប្រហែល ២ ថ្ងៃក្រោយ រ៉ានី បានផ្តាំតាមអ្នកទទួលខុសត្រូវពេទ្យនៅសមរភូមិ ឱ្យខ្ញុំប្រញាប់ទៅកាន់ស្រុកក្រូចឆ្មារ ដើម្បីដោះស្រាយការយល់ច្រឡំនេះ។

ខ្ញុំទទួលបានព័ត៌មានពេលព្រឹក ពេលរសៀលខ្ញុំជួបបង សុក សារឿន មេបញ្ជាការរបស់ខ្ញុំ ទទូចសុំគាត់ឱ្យជូនខ្ញុំទៅស្រុកក្រូចឆ្មារនាពេលល្ងាចនោះតែម្ដង។ ដោយយល់ចិត្តនាយទាហ៊ានថ្នាក់ក្រោម ដែលជួយការងារគាត់យ៉ាងច្រើនលើការងារ ហើយប្រហែលជាគាត់កំពុងស្វែងយល់ចិត្ត និងសាច់ញាតិនារីម្នាក់ ដែលគាត់ស្រឡាញ់ផងដែរនោះ បង សុក សារឿន ក៏សំរេចចិត្តភ្លាមហើយចេញដំណើរភ្លាម ដែលដើមឡើយទាំងគាត់ ទាំងខ្ញុំ គិតថានឹងត្រឡប់មកវិញទាំងយប់។

ពួកយើងចេញដំណើរម៉ោងប្រហែលជិត ៣ល្ងាច ពីឃុំបឹងព្រួល ស្រុកពាមជីលាំង ទៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដោយម៉ូតូហុងដា CL90។ សុំបញ្ជាក់ថា ក្រោយឆ្នាំ ១៩៧០ តំបន់រំដោះនាខេត្តកំពង់ចាមត្រើយខាងកើតទន្លេមេគង្គ គឺជាផ្នែកមួយនៃភូមិភាគបូព៌ាទិស ២០៣ តំបន់ដែលខ្ញុំរស់នៅគឺតំបន់ ២១ ដែលនៅខាងជើងផ្លូវជាតិលេខ ៧។ រីឯខាងត្បូងផ្លូវជាតិលេខ ៧ គឺជាតំបន់ ២០។ ខេត្តកំពង់ចាមត្រើយខាងលិចជាភូមិភាគ ៣០៤ ដោយយកទន្លេមេគង្គ ជាព្រំប្រទល់រវាងភូមិភាគទាំងពីរ ២០៣ និង ៣០៤។ សំរាប់តំបន់ ២១ បានបង្កើតស្រុក ២ បន្ថែម គឺស្រុកទឹកជ្រៅ និងស្រុកពាមជីលាំង ក្នុងឆ្នាំ ១៩៧៣។

ក្រោយមកទៀតបង្កើតស្រុកមួយទៀតមានឈ្មោះថា ស្រុកត្រមូង។ ឃុំបឹងព្រួល ដែលខ្ញុំចេញដំណើរទៅកាន់ស្រុកក្រូចឆ្មារ ស្ថិតក្នុងស្រុកពាមជីលាំង ដែលត្រូវធ្វើដំណើរប្រមាណ ២ ម៉ោង ទើបដល់មន្ទីរពេទ្យដែលមានទីតាំងនៅឃុំក្រូចឆ្មារ ដែលពួកយើងទៅដល់ទីនោះមុនម៉ោង ៥ ល្ងាច។ ភ្នែកខ្ញុំប្រឹងរកមើលតើនារីមួយណាទៅឈ្មោះ រ៉ានី ប៉ុន្តែមិនឃើញសោះ ប្រហែលកន្លះម៉ោងក្រោយមកទើបថ្នាក់ដឹកនាំមន្ទីរពេទ្យ និងសង្គមកិច្ចស្រុកបានអញ្ជើញ យើងហូបបាយ។ ខ្ញុំអត់ស្គាល់គ្រូពេទ្យជានារីនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារទេ គ្រូពេទ្យលើកបាយសម្លរមក ខ្ញុំលួចមើលមុខ និងខ្សឹបសួរប្រធានមន្ទីរពេទ្យថា តើមួយណាឈ្មោះ រ៉ានី ប្រធានមន្ទីរគ្រវីក្បាលថាអត់មាននៅទីនេះទេ។ ក្រោយបាយរួច ខ្ញុំបានសុំមេបញ្ជាការរបស់ខ្ញុំទៅសួរសុខទុក្ខបងជីដូនមួយរបស់ខ្ញុំ ដែលនៅមិនឆ្ងាយពីមន្ទីរពេទ្យ។
ម៉ោងប្រមាណ ៧ យប់ ខ្ញុំបានវិលត្រឡប់មកវិញ។ ខ្ញុំឡើងទៅលើផ្ទះឃើញនារីម្នាក់កំពុងអង្គុយមុខចង្កៀងប្រេងកាត ដែលខ្ញុំមើលទៅសុទ្ធតែជាវេជ្ជបញ្ជាសម្រាប់ព្យាបាលឱ្យអ្នកជម្ងឺ។ ដោយមិនឃើញមេបញ្ជាការរបស់ខ្ញុំ ខ្ញុំក៏សួរទៅកាន់នារីនោះថា បងស្រី តើមេបញ្ជាការរបស់ខ្ញុំគាត់ទៅណាហើយ? ចម្លើយរបស់សុភាពនារីរូបនេះតបមកវិញថា គាត់ទៅមាត់ទន្លេហើយ។ មិនអស់ចិត្ត ខ្ញុំក៏សួរគាត់មួយសំនួរទៀតថា តើនារីឈ្មោះ រ៉ានី ពេលនេះនៅឯណា? ចម្លើយតបដោយសុភាពថា រ៉ានី ទៅដងទឹកបាត់ហើយ។ ខ្ញុំក៏ចុះមកក្រោមផ្ទះវិញក្នុងបំណងដើរទៅរកមេបញ្ជាការរបស់ខ្ញុំ។ លុះចុះមកដល់ក្រោម ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់ស្គាល់គ្នា ពេលដែលគាត់ទៅប្រចាំការនៅសមរភូមិ ខ្ញុំក៏សួរគាត់ថា នារីឈ្មោះ រ៉ានី ពេលនេះនៅឯណា? បងប្រុសគ្រូពេទ្យដែលមានអាយុច្រើនជាងខ្ញុំប្រហែល ១០ ឆ្នាំ ឆ្លើយតបថា នារីដែល សែន ឯងសួរលើផ្ទះអម្បាញ់មិញនោះហើយជា រ៉ានី ។ បន្ទាប់ពីដឹងថានារីដែលធ្លាប់មានបញ្ហាជាមួយខ្ញុំជាយូរមកហើយ ហ៊ានភូតខ្ញុំ នៅពេលនេះទៀតធ្វើឱ្យខ្ញុំកាន់តែខឹង។ ពេលនេះ រឿងចាស់រឿងថ្មីត្រូវតែទូទាត់បញ្ជីនៅយប់នេះ (តាមពិតខ្ញុំមើលមុខ រ៉ានី អត់ច្បាស់ទេ ដោយមើលពីក្រោយ ព្រោះ រ៉ានី កំពុងសរសេរដោយពន្លឺចង្កៀងប្រេងកាត)។

ម៉ោង ៨ យប់ ការប្រជុំដោះស្រាយបានមកដល់។ ភាគីខាងស្រីមានប្រធាន និងអនុប្រធានមន្ទីរពេទ្យស្រុក សាម៉ីខ្លួនខាងស្រី គឺ រ៉ានី និងមិត្តស្រីរបស់គាត់ម្នាក់ទៀត ដែលជាគ្រូពេទ្យក្រមុំដូចគ្នា។ ខាងភាគីខ្ញុំមានមេបញ្ជាការខ្ញុំ និងរូបខ្ញុំជាសាម៉ីខ្លួន។ មន្ទីរពេទ្យបានក្រាលកន្ទេលក្រហម ២ និងចង្កៀងប្រេងកាត ២ ដែលយើងអង្គុយទល់មុខគ្នា ខ្ញុំអង្គុយបត់ជើង មេបញ្ជាការខ្ញុំអង្គុយពេនភ្នែន។ នៅពេលអង្គុយរួចហើយ យុវនារី ២ នាក់បានមកដល់ ហើយអង្គុយបត់ជើង ពេលនោះខ្ញុំចាំមិនច្បាស់ថា មួយណាជា រ៉ានី ក្នុងចំណោមយុវនារីទាំង ២ នាក់នោះ ព្រោះពេលខ្ញុំសួរពីក្បាលព្រលប់ ខ្ញុំមិនបានឃើញមុខគេច្បាស់ទេ។
បន្តិចក្រោយមកទើបខ្ញុំបានស្គាល់ រ៉ានី ច្បាស់។ ពេលនោះអារម្មណ៍របស់ខ្ញុំក៏ចាប់ចិត្តស្រឡាញ់គេភ្លាម។ ខ្ញុំមានការសោកស្តាយ ហើយគិតក្នុងចិត្តថា ប្រសិនបើដឹងថានាងស្អាតយ៉ាងនេះ មិនចាំបាច់មកដោះស្រាយធ្វើអ្វី សុំស្តីដណ្តឹងយកធ្វើជាប្រពន្ធតែម្តងល្អជាង។ ខ្ញុំស្តាយដោយធ្លាប់ជេរស្តីឱ្យយុទ្ធជនដែលជួយផ្សំផ្គុំខ្ញុំជាមួយ រ៉ានី។ លើសពីនេះ ខ្ញុំក៏ធ្លាប់លួចជេរ រ៉ានី ដែរ ពិសេសក្រោយពេលប្រជុំម្តងៗ ដែលថ្នាក់លើនិយាយបញ្ឆិតបញ្ឆៀងរឿងសីលធម៌ ដែលធ្វើឱ្យខ្ញុំឈឺចិត្ត។

ឃើញភ្លាមស្រឡាញ់ភ្លាម រឿងនេះមិនធ្លាប់មានសោះក្នុងជីវិតជាកម្លោះរបស់ខ្ញុំ។ តើត្រូវស្រោចស្រង់សភាពការណ៍បែបណា? ផែនការពីក្បាលព្រលប់ចង់ទូទាត់បញ្ជីទាំងចាស់ ទាំងថ្មី ត្រូវបានជំនួសដោយពាក្យសុំទោសជំនួសយុទ្ធជន និងប្អូនស្រីខ្ញុំ ២ នាក់ ដែលធ្លាប់បានហៅ រ៉ានី ថាជាបងថ្លៃ ដែលធ្វើឱ្យ រ៉ានី ខូចឈ្មោះ។ ដោយពុំមានចំណងស្នេហ៍ជាមួយនារីណានៅឡើយ ខ្ញុំគិតក្នុងចិត្តថា ត្រូវតែយក រ៉ានី មកធ្វើជាភរិយាឱ្យបាន។ អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ តើ រ៉ានី ស្រឡាញ់ខ្ញុំ ព្រមទទួលយកខ្ញុំជាស្វាមីឬទេ? និងថា តើ រ៉ានី មានបុរសណាក្នុងចិត្តនាងហើយឬនៅ?។

នៅយប់នោះ ខ្ញុំក្លាយជាមនុស្សដែលចេះនិយាយភូតដោយប្រាប់មេបញ្ជាការខ្ញុំថា ម៉ូតូយើងម៉ាស៊ីនដើរមិនស្រួល អាគុយក៏មិនសូវកាន់ភ្លើង ធ្វើដំណើរទាំងយប់អាចខូចតាមផ្លូវ។ គាប់ជួនពេលនោះ ម៉ោងជិត ១០ យប់ទៅហើយ មេបញ្ជាការខ្ញុំក៏យល់ព្រម ដោយសុំប្រធានមន្ទីរពេទ្យសម្រាកមួយយប់។ មន្ទីរពេទ្យក៏រៀបចំភ្លាមៗ ឱ្យយើងទាំង២នាក់ សម្រាកនៅលើផ្ទះដែលយើងប្រជុំដោះស្រាយនោះតែម្ដង។ មិននឹកស្មានដល់ថា ផ្ទះដែលយើងសម្រាកនេះ ជាផ្ទះដែល រ៉ានី និងមិត្តនារីរបស់គាត់សម្រាក និងធ្វើការនៅក្នុងផ្ទះនេះដែរ។ រឿងទៅហួសពីនោះ គឺ រ៉ានី បានយកភួយ ២ មកឱ្យមេបញ្ជាការខ្ញុំ។ មេបញ្ជាការខ្ញុំយកភួយ១ ពណ៌ផ្កាឈូក ហើយប្រគល់ឱ្យខ្ញុំភួយពណ៌ខៀវ ដែលក្រោយរៀបការទើបដឹងថាភួយដែលខ្ញុំដណ្តប់ជាភួយភរិយាខ្ញុំ ដែលពេលនោះយើងបានដណ្ដប់ភួយគ្រូពេទ្យក្រមុំ ហើយទុកឱ្យពួកគាត់ដណ្តប់មុង។ តើនេះជាការរៀបចំរបស់ទេវតាឬ?

មេឃមិនទាន់ភ្លឺច្បាស់ផង ខ្ញុំឮសម្លេងបុកអង្ករ ខ្ញុំខំអើតមើលឃើញ រ៉ានី និងមិត្តរបស់គាត់ឈ្មោះ ខេមរា កំពុងបុកអង្ករ។ មេបញ្ជាការខ្ញុំប្រាប់ឱ្យខ្ញុំរៀបចំម៉ូតូ ដើម្បីចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបន់ឱ្យតែម៉ូតូខូច ដើម្បីបាននិយាយជាមួយ រ៉ានី តែវាមិនតាមចិត្តចង់របស់យើងទេ គឺធាក់តែមួយជើងម៉ូតូឆេះភ្លាម។ ខ្ញុំខំរកវិធីឡើងចុះផ្ទះបាន២ដង មុនចេញដំណើរដោយចុងក្រោយខ្ញុំបានហៅ រ៉ានី ថាបងម្តងទៀត ដោយប្រើពាក្យថា លាហើយបងស្រី។ នេះជាទម្លាប់របស់ខ្ញុំ មិនដែលហៅថា អូន ឬមិត្តនារីនោះឡើយ គឺមានតែបងស្រី មីង អ៊ំស្រី យាយ សម្រាប់ប្រើជាមួយមនុស្សស្រី ព្រោះឆ្នាំ ១៩៧៤ ខ្ញុំទើបមានអាយុ ២២ឆ្នាំនៅឡើយ។
(ខ្ញុំសុំបញ្ជាក់ថា ពេលវេលានៃការដោះស្រាយនេះប្រព្រឹត្តឡើងនៅដើម ខែមីនា ឆ្នាំ១៩៧៤)។ ការដែលខ្ញុំស្រឡាញ់ រ៉ានី គឺជារឿងពិត ហើយការដែល រ៉ានី ស្រឡាញ់ខ្ញុំឬអត់ ជាបញ្ហាដែលត្រូវរកវិធីដោះស្រាយ។ ក្ដីស្រឡាញ់ទៅលើនារីម្នាក់កើតមានជាលើកដំបូងសម្រាប់ជីវិតខ្ញុំ តែទោះជាយ៉ាងណា ក៏ខ្ញុំមិនភ្លេចពីតួនាទី និងភារកិច្ចខ្ញុំដែរ។
ថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៤ ជាថ្ងៃចូលឆ្នាំខ្មែរ។ ខ្ញុំបានឆ្លៀតពេលទៅលេងស្រុកក្រូចឆ្មារ ក្នុងបំណងទៅរក រ៉ានី ដោយយកលេសថា ទៅសួរសុខទុក្ខយុទ្ធជនដែលកំពុងព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យ មិនបានឃើញ រ៉ានី ទេ ហើយក៏មិនហ៊ានសួររកថែមទៀតផង។ ខ្ញុំជិះម៉ូតូចេញពីមន្ទីរពេទ្យទាំងអស់សង្ឃឹម។ យើងត្រូវបន្តដំណើរទៅកាន់ឃុំរកាខ្នុរ ដើម្បីនាំមិត្តខ្ញុំម្នាក់ទៅសួរសុខទុក្ខឪពុកម្តាយ ដែលជាស្រុកកំណើតរបស់គាត់។ នៅពេលដែលខ្ញុំកំពុងធ្វើដំណើរបានប្រហែល ២ គីឡូម៉ែត្រ ក៏ជួប រ៉ានី កំពុងជិះកង់ម្នាក់ឯងតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូ រ៉ានី ក៏ឈប់កង់។ យើងសួរសុខទុក្ខគ្នា ដោយពាក្យគួរសមប្រហែល ៣ នាទីប៉ុណ្ណោះ ហើយក៏លាគ្នាធ្វើដំណើរទៅតាមផ្លូវរៀងៗខ្លួន។ ទាំងខ្ញុំ ទាំង រ៉ានី គឺមិនបានបង្ហាញកាយវិការ ណាមួយខុសពីការធ្លាប់ជួបស្គាល់គ្នាពីមុននោះទេ។

នៅខែសីហា ឆ្នាំ១៩៧៤ ខ្ញុំត្រូវស្វែងយល់ឱ្យបានទាំងពីរខាង ថ្នាក់ដឹកនាំរបស់ខ្ញុំ ទាំងពីខាង រ៉ានី ដោយខ្ញុំបានធ្វើសំណើសុំរៀបការជាមួយ រ៉ានី។ ចម្លើយដែលខ្ញុំទទួលបានពីមេបញ្ជាការរបស់ខ្ញុំ គឺយល់ព្រម តែត្រូវរង់ចាំរំដោះប្រទេសពីរបប លន់ នល់ ឱ្យហើយសិន។ ឯចម្លើយពី រ៉ានី គឺឆ្លើយតបតាមអ្នកនាំពាក្យគាត់ថា ស្រេចលើម៉ែឪ។ ចម្លើយទាំង ២ នេះ ផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងសម្រាប់ខ្ញុំ។ ស្ត្រីខ្មែរ ៩៨ ភាគរយហើយដែលឆ្លើយថាស្រេចលើម៉ែឪ ឬចាស់ទុំ គឺមានន័យថាយល់ព្រមហើយ។

នៅខែតុលា ឆ្នាំ១៩៧៤ ខ្ញុំបានជួប រ៉ានី ដោយចៃដន្យបំផុតនៅផ្សារពាមជីលាំង។ តែជាអកុសលដោយសារមិត្តខ្ញុំម្នាក់ស្រវឹងស្រា ហើយហៅ រ៉ានី ថាសោ(បងថ្លៃ)។ រ៉ានី មិនខឹងទេ តែធ្វើដូចមិនឮ។ តែសម្រាប់ខ្ញុំ គឺខ្ញុំខ្មាស រ៉ានី។ ដូចនេះ ខ្ញុំត្រូវយកកង់ជិះឌុបមិត្តខ្ញុំម្នាក់នេះ ចេញទៅផ្ទះមួយទៀតចម្ងាយប្រហែល៥០០ម៉ែត្រពីផ្សារទាំង កណ្តាលភ្លៀងធ្លាក់។ ទុកមិត្តខ្ញុំរួចហើយ ខ្ញុំជិះកង់កាត់ភ្លៀងមករក រ៉ានី វិញ។ តែគួរឱ្យហួសចិត្តរថយន្តដឹកក្រុមគ្រូពេទ្យបានចេញទៅបាត់អស់ហើយ។

ចាប់តាំងពីពេលនោះមក រហូតខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំមិនដែលបានជួប រ៉ានី ទៀតទេ ទោះបីមានឱកាសក៏ដោយ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥ ខ្ញុំក៏ត្រូវរបួសស្មា ដែលជារបួសលើកទី ៤ របស់ខ្ញុំ។ ពេលនោះ ខ្ញុំគិតថា នឹងបាន រ៉ានី មើលថែព្យាបាលរបួសឱ្យខ្ញុំ។ តែផ្ទុយទៅវិញ មន្ទីរពរទ្យសមរភូមិមុខ បានរៀបចំវះយកអំបែងគ្រាប់ចេញ និងបន្តព្យាបាលនៅមន្ទីរពេទ្យដែលមានទីតាំងនៅឃុំបឹងព្រួល ស្រុកពាមជីលាំង។

នៅព្រឹកថ្ងៃ ១៦ ខែ មេសា ឆ្នាំ ១៩៧៥ ខ្ញុំត្រូវរបួសធ្ងន់ សន្លប់រហូតដល់ថ្ងៃទី ២១ ខែ មេសា ទើបបានដឹងខ្លួនឡើងវិញ។ នៅពេលដឹងខ្លួន គឺភ្នែកឆ្វេងរបស់ខ្ញុំបាន ខ្វាក់បាត់ទៅហើយ ឯភ្នែកស្តាំមើលបានប្រវែងប្រហែល ១០ ម៉ែត្រតែប៉ុណ្ណោះ។ នៅពេលនោះ ខ្ញុំក៏បានដឹងថា ភ្នំពេញ និងប្រទេសទាំងមូលត្រូវបានរំដោះ ពីរបបបរិវារអាមេរិក។ ពាក្យស្រឡាញ់ និងថែទាំដូចកែវភ្នែកសម្រាប់ខ្ញុំ គឺនិយាយលែងបានហើយ ព្រោះខ្ញុំបានបាត់បង់កែវភ្នែកខ្លួនឯងរួចទៅហើយ។
តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពិភពលោកបានប្រែប្រួលអស់ ប្រជាជនត្រូវជំលៀសចេញពីទីក្រុង ធ្វើដំណើរអត់បាយអត់ទឹក។ ខ្លួនឯងផ្ទាល់ក្លាយជាជនពិការ ហើយអ្វីដែលឈឺចាប់បំផុត គឺព័ត៌មានដែលថា រ៉ានី បានរៀបការរួចហើយជាមួយកម្មាភិបាលមកពីភូមិភាគ។ ខ្ញុំខឹង រ៉ានី ខ្លាំងណាស់ ខ្ញុំដៀលនាងទាំងនិយាយខ្លាំងៗ ទាំងក្នុងចិត្តដៀលសព្វគ្រប់ទាំងអស់តាមចិត្តខ្ញុំចង់។ នេះជាកំហុសរបស់ខ្ញុំដែលទទួលព័ត៌មានខុស តែខ្ញុំលែងហ៊ានស្រឡាញ់ រ៉ានី ទៀតហើយ ម្យ៉ាងគឺខ្ញុំបានធ្វើជ្រុលជ្រួសលើនាង ប្រមាថមាក់ងាយនាង និងម្យ៉ាងទៀតខ្ញុំមិនចង់នាំការលំបាកឱ្យនាងដោយសារពិការភាពរបស់ខ្ញុំទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តើ រ៉ានី ស្រឡាញ់ខ្ញុំ ព្រមយកខ្ញុំជាស្វាមីឬទេ? ព្រោះខ្ញុំបានធ្លាក់ខ្លួនពិការបាត់បង់សម្រស់ពីធម្មជាតិទៅហើយ។

មន្ទីរពេទ្យសមរភូមិបានបញ្ជូនរូបខ្ញុំទៅកាន់មន្ទីរពេទ្យភូមិភាគ ដែលស្ថិតនៅឃុំរកាខ្នុរ ដែលមានចម្ងាយប្រមាណ ៦០០ ម៉ែត្រ ពីផ្ទះដែលជាភូមិកំណើតរបស់ រ៉ានី។ ពេលនោះ រ៉ានី បានផ្លាស់ពីមន្ទីរពេទ្យស្រុក ដែលមានទីតាំងនៅឃុំក្រូចឆ្មារ ទៅធ្វើជាប្រធានមន្ទីរពេទ្យស្រុកមួយកន្លែងទៀតនៅឃុំឈូក ស្រុកក្រូចឆ្មារ។ ក្នុងអំឡុង ខែ កក្កដា ឆ្នាំ ១៩៧៥ ប្រហែលជាម៉ោង ៣:00 រសៀល ខ្ញុំហាក់ដូចសុបិនទាំងថ្ងៃ ដោយបានឃើញ រ៉ានី ទៅកាន់មន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខខ្ញុំ ដោយមានមាន់ ៣ ក្បាលផ្ញើឱ្យខ្ញុំផង។ រ៉ានី បានសួរនាំពីអាការៈរបួស និងជម្ងឺរបស់ខ្ញុំ ដោយសំដីទន់ភ្លន់ និងការលើកទឹកចិត្ត។ ពេល រ៉ានី លាត្រឡប់មកវិញ ខ្ញុំបានជូនដំណើរដល់ផ្លូវ ខ្ញុំគិតថា រ៉ានី មិនប្រកាន់ខឹងនឹងខ្ញុំទេ ហើយក៏មិនស្អប់ខ្ពើមនូវជនពិការដូចខ្ញុំនេះដែរ។
ខ្ញុំត្រូវប្រឹងប្រែងសាជាថ្មី សម្រាប់ខ្ញុំ និងរ៉ានី ព្រមទាំងឪពុកម្តាយ រ៉ានី មិនមានអ្វីជាឧបសគ្គទេ។ តែអង្គការទើបជាឧបសគ្គពិតប្រាកដ។ នៅពេលនោះ រ៉ានី ត្រូវអង្គការបង្ខំឱ្យរៀបការជាមួយបុរសផ្សេង តែនាងប្រកែកដាច់ខាត។ រីឯរូបខ្ញំ ក៏ត្រូវអង្គការផ្សំផ្គុំជាមួយនារីផ្សេង តែខ្ញុំក៏ប្រកែកដែរ។ ខ្ញុំត្រូវលើកសំណើសុំរៀបការជាមួយ រ៉ានី សាជាថ្មីទៅកាន់ប្រធានយោធាតំបន់។ នៅពេលនោះ ប្រធានយោធាតំបន់បានធ្វើលិខិតមួយឱ្យខ្ញុំយកទៅជួបគណៈស្រុកក្រូចឆ្មារ។ នៅក្នងអំឡុង ខែតុលា ឆ្នាំ ១៩៧៥ ទាំងតំបន់ទាំងស្រុក ទាំង រ៉ានី ដែលជាសាម៉ីខ្លួនយល់ព្រមអស់ហើយ រង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ ទាំងមុនពេលរង់ចាំ និងពេលកំពុងរង់ចាំ ទាំងខ្ញុំ និងទាំង រ៉ានី គឺត្រូវប្រឈមនឹងការលំបាកខ្លាំងណាស់។ ការប្រកែកមិនព្រមរៀបការតាមការរៀបចំរបស់អង្គការអាចគ្រោះថ្នាក់ដល់ជីវិត។ រីឯរូបខ្ញុំក្រៅពីព្យាបាលរបួស ការងារសំខាន់របស់ខ្ញុំ គឺរៀបចំកម្លាំងសម្ងាត់ដើម្បីវាយអង្គការ ដែលបាននិងកំពុងកាប់សម្លាប់ប្រជាជន ទោះពេលនោះមិនទាន់ធ្ងន់ធ្ងរក្តី។

នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានកោះហៅពីទីបញ្ជាការកងវរសេនាធំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកត្រមូង នាពេលនោះ និងជាស្រុកមេមត់នាពេលបច្ចុប្បន្ន ដើម្បីមកជួបជុំនៅមន្ទីរតំបន់ ដែលមានទីតាំងនៅស្រុកតំបែរ ដើម្បីរៀបការនៅថ្ងៃទី៣ ខែមករា។ នៅពេលនោះ ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំង តើគេរៀបការរបៀបម៉េច? មកដល់មន្ទីរតំបន់ រ៉ានី នៅស្រុកក្រូចឆ្មារ ឯណោះ ហើយមិនទាន់បានទទួលដំណឹងអំពីការរៀបការនៅឡើយ។ ថ្នាក់លើនៅចិត្តធម៌គ្រាន់បើ ដោយសុខចិត្តពន្យារពេលរៀបការពីថ្ងៃទី៣ មករា ទៅថ្ងៃទី៥ ខែមករា វិញ និងចាត់ឱ្យប្រធានមន្ទីរតំបន់ទៅទទួលយក រ៉ានី ពីស្រុកក្រូចឆ្មារ មកកាន់ស្រុកតំបែរ។ រ៉ានី អត់បានផ្តាំផ្ញើអ្វីទៅឪពុកម្តាយ បងប្អូន ហើយក៏គ្មានមិត្តភក្តិមកកំដរដែរ គឺក្បាលតែមួយត្រមង់ត្រមោចម្នាក់ឯង។ រីឯចំណែករូបខ្ញុំវិញ ក៏មិនមានឪពុកម្តាយ ឬបងប្អូនចូលរួមរៀបការដូច រ៉ានី ដែរ គឺក្បាលតែ ២នាក់ ប្តីប្រពន្ធ។ តែខ្ញុំគ្រាន់បើជាង រ៉ានី បន្តិច ដោយមានមិត្តរួមអាវុធត្រូវបានគណៈតំបន់អញ្ជើញឱ្យមកចូលរួមជាភ្ញៀវ។ រ៉ានី បានមកដល់ស្រុកតំបែរ នៅល្ងាចថ្ងៃ៣ មករា។ នៅថ្ងៃទី៤ ខែមករា ខ្ញុំប្រញាប់ទៅជួប រ៉ានី។ នៅពេលនោះ រ៉ានី កំពុងស្ថិតនៅជុំគ្នាជាមួយនារី ១២នាក់ផ្សេងទៀត និងយុទ្ឋជនពិការ ១២ នាក់ដែរ។ ពេលនោះហើយទើបខ្ញុំដឹងថា ការរៀបការត្រូវធ្វើជាមួយគ្នាជាក្រុមក្នុងពេលតែមួយ គឺមានចំនួន១៣គូ ។

ចំពោះគូខ្ញុំ គឺមានលេខរៀងទី១៣។ នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវចេញដំណើររួមគ្នាទាំងហ្វូងពីមន្ទីរតំបន់នៅស្រុកតំបែរ មកកាន់ភូមិច្រាប នៃស្រុកត្បូងឃ្មុំ ដែលជាកន្លែងត្រូវរៀបការ។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ត្រូវនឹង ថ្ងៃ ច័ន្ទ ៤ កើត ខែ បុស្ស ឆ្នាំរោង អដ្ឋស័ក ពុទ្ឋសករាជ ២៥១៩ គឺជាថ្ងៃដែលខ្ញុំ និងភរិយាខ្ញុំបានរៀបការជាមួយបងប្អូន១២គូ ផ្សេងទៀត ដែលមានខ្ញុំ និងភរិយាខ្ញុំជាគូទី ១៣។ នៅម៉ោងប្រមាណ៨:០០នាទីព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប។

ឯកូនក្រមុំមាន ១៣រូប អង្គុយនៅកៅអីជួរមុខ និងកូនកម្លោះ ១៣រូប អង្គុយនៅពីក្រោយកូនក្រមុំដែលជាគូរបស់ខ្លួន។ សូមកុំច្រឡំកៅអីដែលយើងអង្គុយមិនមែន ជាកៅអីធម្មតាទេ តែជាកៅអីក្មេងរៀនដែលយកមកតម្រៀបឱ្យកូនកម្លោះកូនក្រមុំអង្គុយក្នុងពេលរៀបការ។ ជាការចាប់ផ្តើមគណៈចាត់តាំងបានឱ្យមនុស្ស១នាក់ អានប្រវត្តិរូបខាងស្រី និងខាងប្រុសម្នាក់ម្ដងៗ ទាំង២៦នាក់។ ខ្ញុំបានត្រឹមតែមើលខ្នង និងក រ៉ានី ពីក្រោយដែលក្នុងចិត្តអាណិតអនាគតភរិយា ដែលមិនគួរលះបង់មកយកខ្ញុំជាជនពិការមករៀបការអត់ឪពុកម្តាយ អត់បងប្អូនសាច់ញាតិបែបនេះសោះ។ ចំពោះរូបខ្ញុំក៏តូចចិត្តអាណិតខ្លួនឯង អាណិតដល់គូផ្សេងទៀត ដែលពិការធ្ងន់ធ្ងរជាងខ្ញុំទៅទៀត។ ហើយគូប្តីប្រពន្ធរបស់ពួកគេត្រូវអង្គការផ្សំផ្គុំឱ្យ ខុសពីគូខ្ញុំ ដែលបានស្ដីដណ្តឹងមុន នឹងមានចិត្តស្រឡាញ់គ្នាមុនរៀបការថ្ងៃនេះ។

កម្មវិធីបានចាប់ផ្តើម បន្ទាប់ពីអានប្រវត្តិរូបចប់ គឺដល់កម្មវិធីដែលគណៈអធិបតីសួរសំណួរមកកាន់កូនក្រមុំ និងកូនកម្លោះឱ្យឆ្លើយមួយគូម្ដងៗ ដោយសួរកូនក្រមុំមុន និងសួរកូនកម្លោះជាក្រោយ។ ១២គូឆ្លើយចប់ ដល់វេនខ្ញុំជាគូទី១៣ រ៉ានី ឆ្លើយសំណួរបានយ៉ាងល្អទាំង ២ សំណួរ។ ក្នុងចំណោម១២គូមុន គឺតែ១សំណួរម្នាក់ប៉ុណ្ណោះ គឺដល់ រ៉ានី២សំណួរ។ ចំណែកខ្ញុំឡើងដល់៣សំណួរ។ សំណួរដែលខ្ញុំចងចាំជាងគេ គឺ (តើសមមិត្តមានលទ្ធភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?)។ នេះជាសំណួរតម្រង់ទៅរក រ៉ានី ដែលមានស្បែកស និងជាគ្រួសារអ្នកធូរធារដែលរស់តាមដងទន្លេមេគង្គ។ បន្ទាប់ពីសួរសំណួរសាម៉ីខ្លួនទាំង ២៦ រូបចប់ហើយ គណៈអធិបតីក៏បានសួរទៅចាស់ទុំដែលបានអញ្ជើញ ចូលរួមដែលអ្នកសួរហៅថាសាក្សី។ ចាស់ទុំ ២ នាក់បានឡើងនិយាយក្នុងនោះមាន លោកបង ជុំ ហ៊ល អតីតមេបញ្ជការខ្ញុំ ឡើងនិយាយដោយប្រើពាក្យថា សមរម្យហើយ និងបានជូនពរដល់ពួកយើង។ (លោក ជុំ ហ៊ល ក្រោយឆ្នាំ ១៩៧៩ ធ្វើជាអភិបាលក្រុងព្រះសីហនុរហូតឆ្នាំ ១៩៩៣ ទើបចូលនិវត្តន៍ និងទទួលមរណៈភាពនៅឆ្នាំ ២០១៤)។

នៅម៉ោងប្រមាណ ២:០០នាទីរសៀល កម្មវិធីមិនទាន់បញ្ចប់ទេ។ ពួកយើងឃ្លានបាយ ស្រេកទឹកតែមិនហ៊ានមាត់កអ្វីទាំងអស់។ ម្តងនេះដល់វេនគណៈអធិបតី ស្រោចទឹក និងឱ្យពរជ័យ ដោយផ្តើមពីទស្សនៈសភាពការណ៌ដែលរៀបរាប់ពីសភាពការណ៍ពិភពលោក សភាពការណ៍តំបន់ និងអន្តរជាតិដោយជេរពួកសេរី និយមសូវៀត និងវៀតណាមមួយឆ្អែត ទើបចូលមកសភាពការណ៍កម្ពុជា ដែលផ្តោតធំលើការងារនយោបាយ សតិអារម្មណ៍ ការវាយកម្ទេចគាស់រំលើងវណ្ណៈជិះជាន់ កំចាត់ចោលកម្មសិទ្ធិសួនតួទាំងទ្រព្យសម្បតិ្ត ទាំងមនោសញ្ចេតនា បោសសំអាតពួកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង… ។ល។ ច្រើនណាស់ចាំមិនអស់ទេ នូវពាក្យ បណ្តាសារបស់ប្រធានគណៈអធិបតីដែលប្រើពេលជាង១ម៉ោង។ ពិធីផ្សំផ្គុំត្រូវបានបញ្ចប់នៅម៉ោង៣និង៣០នាទីល្ងាច ដោយប្រើពេល៧ម៉ោងកន្លះ និងដោយគ្មានឈប់សម្រាក។

នៅម៉ោងប្រហែលជា ៤:០០នាទីល្ងាច យើងហូបបាយជុំគ្នាទាំងប្តីប្រពន្ធ ទាំងភ្ញៀវចូលរួម ដោយអង្គុយបាយលើស្ពក។
រ៉ានី បានក្លាយជាភរិយាខ្ញុំជាផ្លូវការហើយ តែខ្ញុំនៅតែមិនទាន់ហ៊ាននិយាយរកនាងនៅឡើយ។ នៅពេលបាយ រ៉ានី បានដួសបាយឱ្យខ្ញុំ និងជួយដួសបាយឱ្យយុទ្ធជន ពិការដៃម្នាក់ទៀត ព្រោះប្រពន្ធគាត់នៅអៀន។ កំពុងតែហូបបាយ មានកម្មាភិបាលតំបន់មកប្រាប់ពីផ្ទះ ដែលគូនីមួយៗត្រូវសម្រាក។ ចំពោះអ្នកពិការជើង គឺនៅផ្ទះផ្ទាល់ដី រីឯអ្នកមិនពិការជើង គឺនៅផ្ទះខ្ពស់។ ហូបបាយរួចខ្ញុំប្រាប់ប្រពន្ធខ្ញុំថា ខ្ញុំទៅយកបាឡូទៅផ្ទះសម្រាកមុន សុំទៅយកអីវ៉ាន់ទៅតាមក្រោយ។ ប្រពន្ធឆ្លើយថា ចាស៎។ អត់ទាន់ហ៊ាននិយាយពាក្យ បង អូន នៅឡើយ។ នេះមិនមែនជាព្រះថោងតោងស្បៃទេ តែជាព្រះថោងស្វែងរកផ្ទះនៅក្រោយពេលរៀបការ។

ស្ត្រីម្ចាស់ផ្ទះដែលខ្ញុំត្រូវសម្រាក បានទទួលខ្ញុំដោយរាក់ទាក់ ហើយប្រាប់ខ្ញុំថា ផ្ទះនេះគាត់មិនបាននៅតាំងពីឆ្នាំ ១៩៧១ មកម៉្លេះ ព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ តែផ្ទះនេះអ៊ំសំអាតប៉ុន្មានថ្ងៃមកហើយ ព្រោះប្រធានភូមិមកខ្ចីសម្រាប់ឱ្យក្មួយៗទើបរៀបការសម្រាក។ ខ្ញុំក៏សួរទៅគាត់វិញថា តើអ៊ំនៅឯណា? គាត់ចង្អុលទៅផ្ទះតូចក្បែរនោះ នៅផ្ទាល់ដីមានទាំងលេណដ្ឋានការពារផង។ នៅពេលខ្ញុំកំពុងនិយាយ ស្រាប់តែឃើញប្តីប្រពន្ធគូទី ១២ បណ្តើរគ្នាមកដល់ ខ្ញុំសួរថា ហែម និង វណ្ណា សម្រាកនៅផ្ទះណា? គាត់ឆ្លើយថាផ្ទះហ្នឹងដែរ។ ខ្ញុំពិតជាហួសចិត្ត ផ្ទះតូចមួយផ្សំដំណេកដល់ទៅ ២ គូ (គូទី ១២ ប្តីឈ្មោះ ហែម និងប្រពន្ធឈ្មោះ វណ្ណា)។ យើងឡើងទៅលើផ្ទះទាំងអស់គ្នា។ នៅលើផ្ទះមានគ្រែមួយ មានមុង តែគ្មានវាំងននទេ។ ហែម ប្រាប់ខ្ញុំថា បង សែន ឯងសម្រាកលើគ្រែចុះ ឯខ្ញុំចងវាំងនននៅក្បែរទ្វារ។ ខ្ញុំសួរគាត់វិញថា បានវាំងននពីណាមក? ហែមឆ្លើយថា អង្គការចែកឱ្យតាំងពីនៅមន្ទីរតំបន់ ចុះបងឯងអត់ទាន់បានទទួលទេឬអី? ខ្ញុំគ្រវីក្បាល និងឆ្លើយថាអត់ទេ។ ហែម ក៏ជួយប្រាប់ទៅអ្នកទទួលខុសត្រូវ ដើម្បីសុំវាំងននឱ្យខ្ញុំ។

ខ្ញុំរង់ចាំប្រពន្ធខ្ញុំតែមិនឃើញមកសោះ ដោយសារនាងនៅជាប់និយាយលេងជាមួយម្ចាស់ផ្ទះ ដែលនាងសម្រាកកាលពីយប់មិញ។ ខ្ញុំងូតទឹកមុន និងបានរៀបចំកន្លែងសម្រាកឱ្យហើយ។ ពេលនេះ ខ្ញុំបានដោះសម្លៀកបំពាក់ខ្មៅ ស្លៀកឯកសណ្ឋានកងទ័ពវិញហើយ។ សុំបញ្ជាក់ថា ពេលស្ថិតនៅក្នុងពិធី គេតម្រូវឱ្យកូនកម្លោះស្លៀកខោខ្មៅ ពាក់អាវខ្មៅដៃវែង រីឯកូនក្រមុំស្លៀកសំពត់ខ្មៅ និងពាក់អាវខ្មៅដៃវែង គឺមិនអនុញ្ញាតឱ្យស្លៀកពាក់ខុសពីនេះឡើយ។ ភរិយាខ្ញុំ និងរូបខ្ញុំ មិនបានទទួលអ្វីផ្សេងក្រៅពីរបស់របរផ្ទាល់ខ្លួនដែលធ្លាប់មាននោះទេ ក្រោយពីបានរៀបការរួចហើយ។ អ្វីដែលខ្ញុំទទួលបាន គឺរូប រ៉ានី និងអ្វីដែល រ៉ានី បានទទួល គឺរូបខ្ញុំ។ យើងមិនចង់បានអ្វីខុសពីនេះឡើយ។ ក្បែរក្បាលព្រលប់ ខ្ញុំឃើញ រ៉ានី ឱបបាឡូ មកដល់ ខ្ញុំក៏ទៅទទួលយកបាឡូពីនាងឡើងលើផ្ទះ។ រ៉ានី បានសួរខ្ញុំថា បងមានក្រមាទេ ខ្ញុំសុំខ្ចីផ្លាស់មុជទឹក។ ខ្ញុំថាមាន ក្រមាខ្ញុំទទឹកស្រាប់ ខ្ញុំក៏ដើរទៅយកក្រមាឱ្យប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ ដែលទើបហៅខ្ញុំថា “បង” ដែលពាក្យនេះខ្ញុំរង់ចាំជាយូរមកហើយ។

អំពើរបស់អង្គការថ្ងៃនេះ ក៏ជាផ្នែកដ៏សំខាន់មួយទៀត ជំរុញលើកទឹកចិត្តឱ្យខ្ញុំតស៊ូដើម្បីផ្តួលរំលំរបបអត់ប្រពៃណី និងគ្មានសាសនានេះ។ ថ្ងៃនេះ វានិយាយពីបោសសំអាតពួកបង្កប់ស៊ីរូងផ្ទៃក្នុង វានិយាយត្រូវ ព្រោះខ្ញុំជាមេពួកបង្កប់នេះតែម្តង។ ងាកមកនិយាយពីភរិយាខ្ញុំវិញ ខ្ញុំអាណិតនាងណាស់ មិនគួរមករងកម្មជាមួយមនុស្សពិការដូចរូបខ្ញុំនេះទេ មករៀបការដោយគ្មានឪពុកម្តាយ និងបងប្អូនញាតិមិត្តកំដរ។ ការអាណិតធ្វើឱ្យខ្ញុំយល់ពីនាងកាន់តែច្បាស់ថា នាងទទួលយកខ្ញុំដោយសុទ្ធចិត្ត មិនប្រកាន់រើសអើងចំពោះជនពិការឡើយ។ ឆ្លងផុតរាត្រីផ្សំដំណេក ៥ មករា ១៩៧៦ លុះព្រឹកឡើង មន្ទីរយោធាតំបន់បានយករឺម៉កម៉ូតូមកដឹកពួកយើងទៅអង្គភាពវិញ។ យើងអត់បានទទួលទានអ្វីទាំងអស់ ក៏នាំគ្នាចេញដំណើរទៅ។ អ្នករួមដំណើរមានប្តីប្រពន្ធខ្ញុំ ២ នាក់ គូទី ១២ ហែម និង វណ្ណា ២ នាក់ ជំនួយការសេនាធិការយោធាតំបន់ឈ្មោះ សុជាតិ ១ នាក់ និងអ្នកជិះម៉ូតូជាប្រធានមន្ទីរយោធាតំបន់ឈ្មោះ ស៊ីថា។ ចេញពីភូមិច្រាប មិនបានប៉ុន្មានផងម៉ូតូក៏វាបែកកង់ ពួកយើងប្រឹងរុញទាំងម៉ូតូទាំងរឺម៉កមកប៉ះកង់នៅផ្សារសួង ទម្រាំរកកន្លែងប៉ះកង់បាន និងប៉ះកង់រួច គឺម៉ោងប្រហែល ១១:00 ថ្ងៃត្រង់ទៅហើយ។ ពួកយើងមិនខ្វល់ពីការឃ្លានទេ គឺត្រូវរូតរះចេញដំណើរភ្លាម ដើម្បីទៅដល់ទីបញ្ជាការយោធាតំបន់ដែលបោះទីតាំងនៅចំការដូង ភូមិសំរោង ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម។

កំណាត់ផ្លូវជាតិលេខ៧ កាលពីពេលនោះ គឺខូចខាតស្ទើរអស់ហើយមិនអាចធ្វើដំណើរបានលឿនទេ។ យើងចេញពីផ្សារសួង បានមិនទាន់ដល់ ១០ គីឡូម៉ែត្រផង កង់រឺម៉កខាងក៏ឆ្វេងធ្លាយទៀត តែយើងអាចនៅសប់បញ្ចូលខ្យល់ធ្វើដំណើរបាន។ ដំបូងសប់ ១ ដងអាចធ្វើដំណើរបានប្រហែល ១ គីឡូម៉ែត្រ ជាបន្តបន្ទាប់សប់បញ្ចូលខ្យល់លែងចូល។ ខ្ញុំប្រាប់ ស៊ីថា និងសុជាតិ ដែលអ្នកទាំង ២ នាក់ សុទ្ធតែជាអតីតយុទ្ធជន និងកូនសិស្សខ្ញុំលើការងារផែនទីថា ទុករឺម៉កផ្ញើប្រជាជននៅទីនេះ ស៊ីថា និង សុជាតិ ប្រញាប់ជិះម៉ូតូទៅចំការដូង យកកង់ម៉ូតូមកដូរ បើមិនទាន់យប់នេះទេចាំស្អែកចាំមកវិញ។ ឯពួកខ្ញុំដើរទៅមុខបន្តិចទៀត ចាំសុំអ្នកភូមិសម្រាកមួយយប់សិន។ រុញរឺម៉កមកដាក់ទុកតាមភ្លឺស្រែរួចហើយ ស៊ីថា និង សុជាតិ ក៏ជិះម៉ូតូចេញទៅបាត់។ រីឯពួកខ្ញុំ ៤ នាក់ធ្វើដំណើរដោយថ្មើរជើងទៅដល់ភូមិតាហៀវ ស្រុក ពញាក្រែក ដែលនៅជាប់ផ្លូវលេខ ៧ ហើយចូលទៅក្នុងភូមិនោះដើម្បីសុំសម្រាក។ លោកពូអ្នកមីងម្ចាស់ផ្ទះទទួលពួកយើងរាក់ទាក់ខ្លាំងណាស់ តែគាត់មិនទាន់ហ៊ានឱ្យយើងសម្រាកទេ គឺរង់ចាំសុំការអនុញ្ញាតពីប្រធានភូមិសិន។

ខ្ញុំក៏មិនបានប្រាប់ពួកគាត់ថា ខ្ញុំជាមេបញ្ជការកងទ័ពដែរ កាំភ្លើងខ្លីរបស់ខ្ញុំសៀតនៅចង្កេះមើលមិនឃើញទេ។ យើងត្រូវរង់ចាំ ព្រោះប្រធានភូមិទៅបោកស្រូវមិនទាន់ត្រឡប់មកវិញ។ នៅពេលប្រធានភូមិមកដល់ មេឃក៏ចាប់ផ្តើមងងឹតហើយ គាត់ជួយពួកយើងភ្លាមដោយឱ្យអង្ករ ៤ កំប៉ុងមកម្ចាស់ផ្ទះដាំឱ្យយើងទទួលទាន។ តាំងពីព្រលឹមរហូតយប់ប្រហែល ១៣ ម៉ោង ទើបយើងបានហូបបាយ។ ហើយបើគិតពីពេលបាយនៅរៀបការពីម៉ោង ៤ ល្ងាច ថ្ងៃ ៥ មករា រហូតម៉ោង ៨ យប់ថ្ងៃ ៦ មករា នេះ មានរយៈពេល ២៨ ម៉ោង ទើបយើងបានបាយ។ ខ្ញុំស្រក់ទឹកភ្នែកអាណិតប្រពន្ធខ្ញុំខ្លាំងណាស់ តែទឹកភ្នែកនេះមិនឱ្យប្រពន្ធខ្ញុំដឹងទេ។

ពេលយប់ម្ចាស់ផ្ចះរៀបចំឱ្យពួកខ្ញុំដេកប្រុសដោយប្រុស ស្រីដោយស្រី ខ្ញុំបានសុំម្ចាស់ផ្ទះ ដើម្បីបានដេកជាមួយភរិយាខ្ញុំ រីឯ ហៀម ជាមួយប្រពន្ធគេ តែម្ចាស់ផ្ទះបានឆ្លើយតបដោយការសុំទោស ព្រោះខ្លាចក្មួយៗជំរិតគ្នា មិនមែនជាប្តីប្រពន្ធពិតប្រាកដ។ ពួកខ្ញុំគ្មានជំរើសអ្វីក្រៅតែពីទទួលយកតាមការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីកុំឱ្យគាត់លំបាកដោយសារយើង។ ពេលព្រឹកឡើង ម៉ូតូបានមកទទួលយើងទៅកាន់ទីបញ្ជាការយោធាតំបន់ ខ្ញុំត្រូវបំពេញកិច្ចការតាំងពីពេលទៅដល់រហូតពេលយប់ តែនៅទីនេះមិនមានបញ្ហាអ្វីទេ។ ប្រធានយោធាតំបន់ឈ្មោះ អួង ឯក មានអធ្យាស្រ័យល្អ។ នេះជារាត្រីទី ៣ ត្រូវនឹងថ្ងៃ ៧ មករា។ ថ្ងៃទី ៨ មករា ម៉ូតូមន្ទីរយោធាតំបន់បានជូនប្តីប្រពន្ធខ្ញុំ ទៅកាន់ទីបញ្ជាការកងវរសេនាធំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទង្លូង ស្រុកត្រមូងនាពេលនោះ។ ពេលទៅដល់កម្មាភិបាល និងយុទ្ធជនដែលធ្លាប់បានលេងល្បែងផ្សំផ្គុំខ្ញុំជាមួយប្រពន្ធកាលពីឆ្នាំ ១៩៧៣ និងដើមឆ្នាំ ១៩៧៤ បាននាំគ្នាមកអបអរផង និងបង្អាប់ខ្ញុំផង។

ប្តីប្រពន្ធយើងបានរស់នៅជាមួយគ្នាពីថ្ងៃទី៨ ខែមករា បន្ទាប់ពីបានរៀបការនៅថ្ងៃ៥ មករា ដែលត្រូវដើរដេកនៅទីកន្លែងខុសៗគ្នា។ ភាពរីករាយមានត្រឹមតែ៤ថ្ងៃ ប៉ុណ្ណោះសម្រាប់ប្តីប្រពន្ធរបស់ខ្ញុំ។

ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៦ បទបញ្ជាបន្ទាន់ឱ្យភរិយា ខ្ញុំចេញដំណើរទៅមន្ទីរពេទ្យដែលមានទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ នាពេលនោះគឺស្រុកពញាក្រែក។ នាពេលនេះហើយបន្ទាប់ទៅត្រូវទៅលើកប្រព័ន្ធភ្លឺស្រែនៅភូមិខ្នារ ស្រុកត្បូងឃ្មុំ។ ទឹកភ្នែកខ្ញុំហូរទៀតហើយ នៅពេលដែលគេដឹកប្រពន្ធខ្ញុំចេញទៅ សូម្បីតែខ្ញុំជាប្តី ក៏គ្មានសិទ្ធិនឹងជូនដំណើរនាងដែរ។ តើនេះជាចម្លើយដែលឆ្លើយ និងសំណួរដែលអង្គការសួរខ្ញុំថា តើសមមិត្តមានលទ្ធភាពកសាងភរិយាឱ្យក្លាយជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?៕ ចេស្តា


ចែករំលែក៖