ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាយុ៨៨ឆ្នាំម្នាក់យកអាគុយទៅសាកភ្លើងអគ្គិសនីធ្វេសប្រហែសរបូតមុខតំណបណ្ដាលឲ្យឆក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកតាចំណាស់អាយុ៨៨ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតភ្លាម ខណៈយកអាគុយកង់ប្រើអគ្គិសនីទៅសាកភ្លើងដោយមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរបូតមុខតំណររេមកខ្លួនឆក់ស្លាប់បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោលស្យវិច្ច័យនិងបច្ចេកទេសវិទ្យាសាស្រ្ដស្រុកល្វាឯមបានឲ្យដឹងថា លោកតារងគ្រោះឈ្មោះ ទេស គុន ភេទប្រុសអាយុ៨៨ឆ្នាំ មានទីលំនៅភូមិល្វាសរក្រោមឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ លោកតារងគ្រោះបានឃើញកង់ដែលប្រើអាគុយអស់ភ្លើង ភ្លាមនោះក៏ដោះអាគុយចេញពីកង់ រួចបានយកទៅសាកភ្លើងអគ្គិសនី ដោយបានយកខ្សែភ្លើងគាបជាប់ជាមួយនិងអាគុយ បន្ទាប់មកគាត់យកឌុយទៅដោតព្រីភ្លើង រួចទាញខ្សែភ្លើងទៅទាក់នឹងធ្នឹម ក៏របូតខ្សែភ្លើងចេញពីមុខតំណខ្ទាតខ្សែភ្លើងមកប៉ះនឹងដើមទ្រូងបណ្តាលឆក់ដួលស្លាប់ភ្លាមៗ ឃើញដូច្នោះកូនប្រុសជនរងគ្រោះឈ្មោះ ទេស កាន បានយកជនរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពល្វាសរ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មាថា មានករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ ភ្លាមនោះក៏ធ្វើការមកពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖