ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបស្ពាយពីស្រ្តីម្នាក់កំពុងដើរតាមផ្លូវមិនបានសម្រេចបណ្ដាលឲ្យដួលម៉ូតូសមត្ថកិច្ចចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់មិនបានសម្រេច ដោយសារស្រ្តីរងគ្រោះបានចាប់ទាញកាបូបជាមួយជនសង្ស័យទៅវិញទៅមក បណ្ដាលឲ្យដួលម៉ូតូ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននៅក្បែរនោះជួយធ្វើអន្តរគមន៍ចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីចោរឆក់កាបូបស្ពាយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ២៣៣ ផ្លូវព្រះសុីសុវត្ថិ ភូមិ៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ ឈ្មោះ ម៉ាប់ មុី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០៩ ផ្លូវលេខ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ពីបទលួចមានស្ថានទម្ងន់ទោសប្រេីអំពេីហឹង្សា (ឆក់កាបូបស្ពាយ) ។និងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់នោះឈ្មោះ ដា ភេទប្រុស អាយុប្រហែល២២ឆ្នាំ ទីកន្លែងស្នាក់នៅនឹងមុខរបរមិនពិតប្រាកដ ។

រីឯជនរងគ្រោះឈ្មោះ វ៉ែន ធួន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរបុក្គលិកហាងបារាំង ស្នាក់នៅផ្ទះលេខ៩០ ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ កាបូបស្ពាយពណ៏ខ្មៅខ្សែរដែក ចំនួន១ ជារបស់ជនរងគ្រោះ(ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ) និងម៉ូតូមួយគ្រឿងម៉ាកសង់C110 ពណ៌ខ្មៅ(សង់បុិច)លេខតួ និងលេខម៉ាសុីន8012514 ពាក់ស្លាកលេខភ្នំពេញ1BL 4275 (ជារបស់ជនសង្ស័យ) ។

មន្រ្តីដដែល បានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះនិងមិត្តបាននាំគ្នាដើរចេញពីផ្សាររាត្រី ដោយធ្វើដំណើរតាមផ្លូវព្រះស៊ីសុវត្តិក្នុងទិសដៅពីជើងមកត្បូង លុះដើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង បានអែបក្បែរជងរងគ្រោះរួចធ្វើសកម្មភាពឆក់កាបូបស្ពាយ ប៉ុន្តែភ្លាមនោះត្រូវស្រ្តីរងគ្រោះទាញទៅវិញទៅមកជាមួយជនសង្ស័យបណ្ដាលឲ្យដួលម៉ូតូ គាប់ជួនកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតនៅក្បែរនោះ ចេញមកជួយធ្វើអន្តរគមន៍ចាប់ក្របួចជាប់បានម្នាក់ជាអ្នកបើរបរម៉ូតូ ។ ចំណែកឯបក្ខពួកដែលជាអ្នកធ្វើសកម្មភាព និងអង្គុយខាងក្រោយរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ស តារា


ចែករំលែក៖