ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំលឹកថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន យកចិត្តទុកដាក់លើជីវភាពអតីតយុទ្ធជនឲ្យសមគុណបំណាច់ដែលគាត់បានធ្វើចំពោះជាតិ និងប្រជាជន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបានរំលឹកដាស់តឿនថ្នាក់ដឹកនាំសមា គមគ្រប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យ ត្រូវរួមសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់ រួមគ្នាសិក្សាស្រាវជ្រាវឲ្យបានម៉ត់ចត់ពីស្ថានភាពជីវភាព និងតម្រូវការជាក់ស្តែងរបស់អតីតយុទ្ធជន និងគ្រួសារ ដែលទ័លលំបាកបង្កឱកាសឲ្យអតីតយុទ្ធជនមានសមត្ថភាព និងលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតដោយថ្លៃថ្នូរ រួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារ បន្ថែមពីលើការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ដែលអាចឲ្យអតីតយុទ្ធជនរស់នៅដោយសមរម្យតាមសហគមន៍។

ការក្រើនរំលឹកបែបនេះ បានធ្វើឡើងក្នុងពេលដែលនាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាប្រធាន អនុប្រធានគណៈកម្មាធិការសមាគម ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ចំនួន ៦២នាក់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យលទ្ធផលការងារ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមនព្រឹកថ្ងៃអាទិតយ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា កន្លងទៅគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងការគាំទ្រចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ តាមរយៈប្រកាស លេខ ៩០២ សអយ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។

សមាគម បានចាត់ទុកថា នេះជាសក្ខីភាពបង្ហាញពីការយកថិត្តទុកដាក់របស់ក្រសួងក្នុងការលើកស្ទូយដល់ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ចំពោះអតីតយុទ្ធជន និងគ្រួសារ តាមរយៈនៃការខិតខំរិះរកគ្រប់វិធានការ និងមធ្យោបាយ ដើម្បីជួយដោះស្រាយសំរាលទុក្ខលំបាកបងប្អូន អតីតយុទ្ធជនឲ្យសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ និងប្រជាជន។

តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងមក សមាគម បានរកឃើញអតីតយុទ្ធជន ជាសមាជិកសមាគម ដែលទ័លលំបាកក្នុងខេត្តឧត្តរមានជ័យសរុបចំនួន ១០៩គ្រួសារ ក្នុងនោះអ្នកដែលមានដី តែមានផ្ទះមិនសមរម្យ ៦៥គ្រួសារ និងអ្នកអត់មានទាំងដី ទាំងផ្ទះ រស់នៅជាមួយសាច់ញាតិ បងប្អូន ៤៤គ្រួសារ។

នាយឧត្តមសេនីយ គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត រួមសហការគ្រប់គ្រង និងថែរក្សាដីសម្បទានសង្គមកិច្ច បម្រុងទុករបស់រដ្ឋលើទីតាំងដែលមានក្នុងខេត្ត តាមការផ្ទេរ និងប្រគល់សិទ្ធិពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនគណៈបញ្ជាការឯកភាពខេត្តកន្លងមក ដើម្បីរៀបចំជាតំបន់អភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន។

អគ្គលេខាធិការ គន់ គីម បានបន្តថា តាំងពីឆ្នាំ២០០៩ មក មានអតីតយុទ្ធជនសរុប ៥១៣គ្រួសារ បានស្នើសុំដីសម្បទានសង្គមកិច្ចលើទីតាំងខេត្តឧត្តរមានជ័យ។ បញ្ជីឈ្មោះបងប្អូនទាំងនេះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជូនមកតាមរយៈប្រធានមន្ទីរជំនាញ។ ក្រោយកិច្ចសហការពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញ បានរកឃើញអតីតយុទ្ធជនមកពីខេត្តដទៃចំនួន ៥៥គ្រួសារប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្នុងខេត្តឧត្តរមានជ័យ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជនក្រលំបាក បានចំនួន ២៧ខ្នង៕ ហេង សូរិយា


ចែករំលែក៖