ខេត្តស្វាយរៀង៖ បុរស២នាក់បានស្លាប់ភ្លាមៗ ដោយសារករណីគ្រោះថ្នាក់ម៉ូតូបុកគ្នាកាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង៨និង១០នាទីយប់ នៅលើផ្លូវជាតិលេខ១ត្រង់ចំនុចចន្លោៈះ គីឡូម៉ែត្រ លេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់កាសែតនគរវត្តថា បុរសទាំង២នាក់ដែលស្លាប់មានឈ្មោះ នួន សុខា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅកាស៊ីណូ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ខណៈជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពាក់ស្លាកលេខ ស្វាយរៀង ១G-9189 ខូចខាតយ៉ាងដំណំ។
ចំណែកម្នាក់ទៀតមានឈ្មោះ ហែន បណ្ឌិត ភេទប្រុស អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ស្គុបពីពណ៌ក្រហមស្លាកលេខ ស្វាយរៀង 1A-0392 ។
តាមសាក្សីបានប្រាប់ថាមុនកើតហេតុមានមាន ម៉ូតូ១គ្រឿងម៉ាកហុងដាC125ពាក់ស្លាកលេខស្វាយរៀង ១G-9189បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមាន ម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ស្គុបពី ពណ៌ក្រហម ស្លាកលេខ ស្វាយរៀង 1A-0392 ដែលបញ្ច្រាសគ្នា បុកពេញទំហឺងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានតែម្ដង។
ក្រោយវាស់វែងរួចសមត្ថកិច្ចមគរបាលក្រុងបាវិតបញ្ជាក់ថា មូលហេតុដោយ សារតែអ្នកបើកបរម៉ូតូស្គុបពីមិនប្រកាន់ស្តាំ ទើបជួបករណីខាងលើនេះ។
បច្ចុប្បន្នសាកសពទាំង២នាក់សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់បាវិត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យ ជំនាញចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន