ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីយុវជនម្នាក់បែកថ្នាំលែងដឹងខុសត្រូវ បានប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទៅ៣ផ្ទះជួលមួយកន្លែង តែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនខាងលើនោះ មានអាយុប្រហែល២០ឆ្នាំ មិនត្រូវបានគាស្គាល់អត្តសញ្ញាណនោះទេ មានអការវង្វេងស្មារតី ដោយពេលសួរនាំ រូបគេមិនបានស្គាល់ឈ្មោះខ្លួនឯងឡើយ។ អ្នកជិតខាងគ្រាន់តែដឹងថា យុវជនម្នាក់នេះ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងទើបមកស្នាក់នៅផ្ទះជួលខាងលើថ្មីៗប៉ុណ្ណោះ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានឃើញយុវជនរូបនោះ ស្ថិតនៅក្នុងស្ថានភាពរវើរវាយឈរនៅមុខបន្ទប់លើជាន់ទី៣នោះ និងចង់លោតសម្លាប់ខ្លួនថែមទៀតផង។ ពេលឃើញទិដ្ឋភាពគួរឲ្យខ្លាចបែបនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាស្រែកឃាត់ ប៉ុន្តែយុវជនខាងលើមិនព្រមស្ដាប់ឡើយ ហើយដោយខ្លាចរូបគេលោតសម្លាប់ខ្លួនក៏បានរាយការណ៍ជូននគរបាលដើម្បីឲ្យឃាត់យុវជនខាងលើ។
ប្រភពខាងលើបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ភ្លាមនគរបាលប៉ុស្ដិ៍ចោមចៅ៣ ក៏បានចេញទៅអន្តរាគមន៍ ចំណែកយុវជននេះ គ្រាន់តែឃើញនគរបាលទៅដល់ ក៏បានរត់ចូលទៅក្នុងបន្ទប់របស់ខ្លួនក្នុងស្ថានភាព ភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះនគរបាលបានឲ្យរូបគេនៅឲ្យស្ងៀមស្ងាត់ហើយយុវជននេះក៏បានដេកស្ងៀម រីឯអ្នកជិតខាងបានឆែកលេខទូរស័ព្ទទាក់ទងទៅក្រុមគ្រួសាររបស់គេ ហើយរហូតដល់វេលាម៉ោងជាង៧យប់ ថ្ងៃដដែលទើបក្រុមគ្រួសារនាំយកត្រឡប់ទៅស្រុកកំណើតវិញ៕ សុខាសែនជ័យ