ភ្នំពេញ៖ លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល សម្រេចបន្តឃុំខ្លួនជនជាប់ចោទ គឹម សុខក្នុងពន្ធនាគារដដែល ករណីចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជា សម្លាប់បណ្ឌិត កែម ឡី បន្ទាប់ពីបញ្ចប់សវនាការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ
មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោក គី តិច ថ្លែងថា តុលាការកំពូល តម្កល់សាលដីកាសភាស៊ើបសួរសាលាឧទ្ធរណ៍ដដែល ពោលគឺបន្តឃុំខ្លួនជនជាប់ចោទគឹម សុខ ។
គួរបញ្ជាក់ថា លោក គឹម សុខ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាឱ្យជាប់ពន្ធនាគារ គារចំនួន១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និង សងសំណងជំងឺចិត្តដល់សម្តេចតេជោនាយករដ្ឋមន្ត្រីជាដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទ”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕ ចេស្តា