ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គិភ័យ់ឆេះផ្ទះមួយខ្នងខណៈម្ចាស់ផ្ទះដេកឈឺពោះគ្រប់ខែ

ចែករំលែក៖

ប៉ោយប៉ែត៖ ផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុង ខណៈដែលម្ចាស់ផ្ទះកំពុងឈឺពោះសម្រាលកូន។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទទឹង៤ម៉ែត្រ បណ្ដោយ៨ម៉ែត្រ ធ្វើពីឈើប្រក់ ស័ង្កសី ម្ចាស់ផ្ទះមានឈ្មោះយាយ វី អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ ហើយនៅក្នុងផ្ទះមានកូន កូនប្រសារនិ ងចៅផងដែរ។

កូនប្រសារមានឈ្មោះ ម៉ី អាយុ៣២ឆ្នាំ ជាកូនកំព្រា មុខរបរជាអ្នកទូលនំបុ័ងលក់ មានកូនចំនួន៣នាក់ទាំងក្នុងផ្ទៃ ដែលកំពុងឈឺពោះគ្រប់ខែ។ ចំណែកស្វាមីមានឈ្មោះ ម៉ៅ អាយុជាង៣០ឆ្នាំ ជាកម្មករអូសរទេះ។ បើតាមប្រភពព័ត៌មានពីស្ត្រីឈ្មោះ ម៉ី ដែលជាកូនប្រសារម្ចាស់ផ្ទះបានឲ្យដឹងថានៅមុនពេលកើតហេតុ ខណ:ដែលកំពុងដេកឈឺពោះគ្រប់ខែក្នុងផ្ទះក៏ស្រាប់តែមានភ្លើងបានឆាបឆេះដោយមិនដឹងពីមូលហេតុ។

បើតាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ការឆាបឆេះអាចបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ពីព្រោះនៅមុនពេលកើតហេតុ គេបានឃើញម្ចាស់ផ្ទះបានកំដៅម្ហូបទុកចោល ទើបបណ្ដាលឲ្យឆាបឆេះបែបនេះតែម្ដង។

ភ្លាមនោះ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅជុំវិញកន្លែងកើតហេតុបានជួយបាញ់ទឹកពន្លត់រហូតទាល់តែរលត់ទាំងស្រុងមិនបណ្ដាលឱ្យខូចខាតនិងឆេះរាលដាលដល់ផ្ទះអ្នកដទៃឡើយ។

សូមបញ្ជាក់ដែលថា នៅក្នងហេតុភ្លាមគេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតបានចុះជួយអន្តរាគមន៍ និងធ្វើកំណត់ហេតុផងដែរ។

ក្រោយពីកើតហេតុ ប្រមាណ២ម៉ោង ពោលគឺវេលាម៉ោងប្រមាណ១រសៀលនេះស្ត្រីឈ្មោះម៉ី ស្រាប់តែឈឺពោះឆ្លងទន្លេ ត្រូវប្រជាពលរដ្ឋបញ្ជូនទៅសំរាលកូននៅឯមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ដែរថា ជនរងគ្រោះខាងលើមានការខ្វះខាតជាខ្លាំង គ្មានថវិកាក្នុងការសម្រាលកូននោះទេ ហើយគាត់បានសំណូមពរដល់សម្បុរសជន ក៏ដូចជាថ្នាក់ដឹកនាំមេត្តាជួយដល់ពួកគាត់ផង ៕ វណ្ណា


ចែករំលែក៖