ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ និងចំនួន ៤នាក់ទៀតបានរងរបួសធ្ងន់ស្រាលផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ករណីផ្សេងៗគ្នាទូរទាំងខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានបង្ហើបប្រាប់ថា នៅវេលាម៉ោង៦ និង៣៣នាទី ព្រលប់ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងរងរបួសធ្ងន់ម្នាក់។
រីឯប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញបានឲ្យដឹងបន្តថា នៅវេលាម៉ោង១២ និង៥៥នាទី ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ ក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងរថយន្ត និងរថយន្តខណៈកំពុងធ្វើចរាចរណ៍ស្របទិសគ្នា ប៉ុន្តែពុំបង្កឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់រងការខូចខាតរថយន្ត និងសម្ភារកន្លែងលក់ដូរមួយប៉ុណ្ណោះ។
ចំណែកប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងក៍បានឲ្យដឹងបន្តទៀតថា នៅវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងទៀតដែរ រវាងម៉ូតូសណ្ដោងរឺម៉ក និងរថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗផងដែរ និងរងរបួសធ្ងន់ម្នាក់ទៀត។
ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ក៍បានឲ្យដឹងដែរថា នៅរសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិកៅស៊ូ ត្រង់ចំណុចទល់មុខវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ថែមទៀត រវាងម៉ូតូ និងម៉ូតូបណ្ដាលឲ្យរងរបួសយ៉ាងដំណំទាំងសង់ខាង។
ប្រភពព័ត៌មានទាំង ៤ករណីខាងលើបញ្ជាក់បន្ថែមទៀតថា ចំពោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យផ្សេងៗគ្នា សាកសពបានប្រគល់ជូនសាច់ញាតិនៃជនរងគ្រោះយកទៅចាត់ចែងតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ និងរថយន្តមន្រ្តីជំនាញផ្នែកចរាចរណ៍យកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំបន្តធ្វើការដោះស្រាយគ្នាតាមនីតិវិធី។
គួររំលឹកថា៖ ប្រភពព័ត៌មាននគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងបង្ហើបឲ្យដឹងផងដែរថា នៅវេលាម៉ោង៦ និង៣៣នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចក្បែផ្លូវបំបែកចូលទៅភូមិតាដេះ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងគួរឲ្យសង្វេក រវាងម៉ូតូ និងគោយន្តកន្រ្តៃខណៈកំពុងធ្វើចរាចរណ៍ស្របទិសគ្នាពី(លិចទៅកើត) បណ្ដាលឲ្យភាគ្គីខាងម៉ូតូរងរបួសយ៉ាងដំណំ ហើយប៉ុន្មានថ្ងៃក្រោយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម៕ ប៉ឹម ពិន