ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨ បានរៀបចំ «វេទិកាអ្នកសារព័ត៌មាននិងអ្នកនាំពាក្យ» ដោយមានការចូលរួមពីមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព័ត៌មានស្ថានទូត មន្ត្រីព័ត៌មានអង្គការសង្គមស៊ីវិល និងវិស័យឯកជន អ្នកវិភាគ និពន្ធនាយក និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិធំៗ ប្រមាណ១០០នាក់។
វេទិកានេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ ស.ស.ស.ក ក្នុងរាជធានីភ្នំពេញ ដោយពិភាក្សាលើបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងអ្នកសារព័ត៌មាននិងអ្នកនាំពាក្យ ដែលក្នុងនោះមានដូចជា៖បញ្ហាប្រឈមនានា ចំណុចដែលត្រូវកែលម្អ និងសំណូមពរផ្សេងៗរបស់អ្នកនាំពាក្យនិងអ្នកសារព័ត៌មាន ដើម្បីពិភាក្សារកអនុសាសន៍បង្កើនកម្រិតទំនាក់ទំនង បង្កើនការជឿទុកចិត្តគ្នា បង្កើនការគោរពគ្នា និងធ្វើការរួមគ្នាដើម្បីពង្រឹងវិស័យព័ត៌មាននិងការផ្សព្វផ្សាយនៅកម្ពុជា។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា «អ្នកនាំពាក្យនិងអ្នកសារព័ត៌មានគឺជាដៃគូបំពេញឲ្យគ្នា ពីព្រោះម្ខាងជាអ្នកផ្តល់ខ្លឹមសារ ហើយម្ខាងទៀតជាអ្នកផ្សាយខ្លឹមសារនោះទៅកាន់ប្រជាជន។ ប្រសិនបើការទទួលខ្លឹមសារព័ត៌មានមិនច្បាស់លាស់ មិនបានស៊ីជម្រៅ នោះការផ្សាយក៏នឹងមិនបានគ្រប់ជ្រុងជ្រោយដែរ ហើយការខាតបង់នោះគឺប្រជាជនដែលត្រូវការព័ត៌មានពិត ត្រឹមត្រូវពេញលេញ គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដ៏ប្រសើរ»។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់បន្ថែមថា ស.ស.ស.ក រំពឹងទុកថា វេទិកានេះនឹងពង្រីកបាននូវកិច្ចទំនាក់ទំនងក្នុងភាពជាដៃគូរវាងអ្នកនាំពាក្យនិងអ្នកសារព័ត៌មានក្នុងការផ្លាស់ប្តូរមិតិយោបល់ លើយន្តការផ្តល់ព័ត៌មាននិងទទួលព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយលើគ្រប់វិស័យនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
វេទិកាអ្នកសារព័ត៌មាននិងអ្នកនាំពាក្យនេះ គឺជាជំនួបប្រចាំឆ្នាំលើកដំបូង ដោយទទួលបានកិច្ចសហការឧបត្តម្ភពី ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ សាកលវិទ្យាល័យ CUP អគ្គនាយកដ្ឋានអន្តោប្រវេសន៍និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និងវិទ្យាស្ថាន Mekong Dialogue Institute។
សូមបញ្ជាក់ថា អង្គភាពនិងស្ថាប័នដែលបានចូលរួមវេទិកាប្រចាំឆ្នាំជាលើកដំបូងនេះរួមមាន៖ ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន, សាលារាជធានីភ្នំពេញ, ក្រសួងការពារជាតិ, អង្គភាពប្រឆាំងអំពើពុករលួយ, មជ្ឈមណ្ឌលព័ត៌មានស្ត្រី, ទូរទស្សន៍អប្សរា, កាសែតភ្នំពេញប៉ុស្តិ៍, ក្លឹបអ្នកកាសែតកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា, GMHE, Khmer Time, សារព័ត៌មានថ្មីៗ, NSSF, CAPJ, CIMS, MME, Fresh News, AFP, AP, ដើមអំពិល, នគរវត្ត, ទូរទស្សន៍ជាតិកម្ពុជា, អាស៊ីអាគ្នេយ៍, កម្ពុជាថ្មី, រស្មីកម្ពុជា, មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ការសែតនិស្សិតខ្មែរ, គេហទំព័ររស្មីភ្នំឧដុង្គ, MTV និងស្ថាប័នព័ត៌មានជាច្រើនទៀត។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវេទិកានេះ៕ សុខ ខេមរា