ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនប្រុសស្រី២នាក់ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ដែលសមត្ថកិចតាមដានជាយូរមកហើយនោះ ពេលនេះត្រូវបាននគរបាល ការិហាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី ។

ការឃាត់ខ្លួននេះធ្វើឡើងនៅរសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨​ ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងព្រហ្មទណ្ឌ ស្រុកសំរោងទង បានបង្ក្រាបករណីជួញដូរគ្រឿងញៀនបានចំនួន២ករណី ។

នគរបាល ស្រុកសំរោងទងបានប្រាប់ថា ករណីទី១ធ្វើឡើងនៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់ឈ្មោះ វរ័ ផល ភេទ ប្រុស អាយុ ៣០ឆ្នាំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតគ្រឿងញៀនចំនួន២កញ្ចប់មធ្យម ម៉ូតូ​ ១គ្រឿងម៉ាកគុបជ្រុង( ចាស់) ទូរសព្ទដៃ១គ្រឿង ។

នៅល្ងាចថ្ងៃដដែល សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចដីវាលខាងភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង បានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ម្នាក់ឈ្មោះ អ៊ឹម រ៉ាមី ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដកហូតបានម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌ស ។

ក្រោយឃាត់ខ្លួននគរបាល ស្រុកសំរោងទងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ


ចែករំលែក៖