ព័ត៌មានទាន់ហេតុការណ៍៖

យកលុយចាយអស់រកដីឲ្យគ្មាន ទីបញ្ចប់ជាប់ខ្នោះទាំង២នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាប់ចោទពីបទឆបោក «យកលុយរបស់គេចាយអស់ រួចគ្មានដីឲ្យ» កាលពី ឆ្នាំ២០១៣ ហើយថ្មីៗនេះ ក៏ត្រូវបានឃាត់ខ្លួនវាយខ្នោះយោងតាមបណ្តឹងរបស់ជនរងគ្រោះ។

បុរសទាំង២នាក់ដែលសមត្ថកិច្ចវាយខ្នោះជាប់ពាក់ព័ន្ធនឹងរឿងដីធ្លីខាងលើនេះ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នៅផ្ទះរបស់ខ្លួនក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ ។

ជនជាប់ចោទឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ ។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ការឃាត់ខ្លួនជនឆបោកទាំង២នាក់នេះ ធ្វើឡើងតាមដីកាបង្គាប់ ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលជនរងគ្រោះជាដើម បណ្តឹងប្តឹងជន២នាក់នេះ ។

បុរសទាំង២នាក់រូបនេះ បានប្រើល្បិចនិងរៀបចំទិញដីឲ្យម្ចាស់ដើមបណ្តឹងឋិតនៅខេត្ត កំពតមានចំនួនរាប់សិបហិកតា ហើយពេលនេះជនរងគ្រោះជាដើមបណ្តឹងក៏បានប្រគល់ ប្រាក់មួយផ្នែកឲ្យទៅអ្នកទាំង២ ដើម្បីធ្វើកិច្ចការងារនេះ តែផ្ទុយទៅវិញពេលសួររកដីបែរជា គ្មាន ហើយលុយឲ្យទៅជិត១០ម៉ឺនដុល្លារ យកទៅស៊ីចាយអស់ រួចគ្មានដីប្រគល់ឲ្យម្ចាស់ ដើមបណ្តឹង និងគេចវេះពីការទទួលខុសត្រូវ ។ បន្ទាប់មកទៀតពួកគេ ក៏បានគេចខ្លួនអស់ មួយរយៈដោយឃើញបែបនេះ ជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ច ដើម្បីឲ្យជួយរកយុត្តិធម៌ ទើបឈានដល់ការឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ៕ អរុណរះ


ចែករំលែក៖