ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដប៉ែនដឹកថ្មក្រឡាបកិនម៉ូតូមួយគ្រឿងបណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ដោយសាររថយន្ដប៉ែនដឹកថ្មក្រឡាប់កិនលើម៉ូតូដែលកំពុងធ្វើដណើរ ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃសុក្រ ១១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលដីក្រហម ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តៃកុងរថយន្ដមានឈ្មោះ ឃុន វិបុល អាយុ២១ ឆ្នាំមុខរបរ បើករថយន្ដ មានទីលំនៅភូមិត្រពាំងថ្ម ឃុំរបើក ស្រុក ឈូក ខេត្ដកំពត ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដប៉ែនដឹកថ្មមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 3C-9368 បើកក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៣១Aទិសដៅពីត្បូងទៅជើង បានបួងចង្កូតយ៉ាងខ្លាំង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងបានសន្កត់ម៉ូតូសង់កូរ៉េ មួយគ្រឿងបណ្ដាលឲ្យប្ដីប្រពន្ធដែលកំពុងធ្វើដំណើរតាមផ្លូវរងរបួសធ្ងន់ទាំង២នាក់។​

ជនរងគ្រោះប្ដីប្រពន្ធមិនទាន់បានស្គាល់អត់សញ្ញាណទេ ខណៈពេលភ្លាមៗត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនតៃកុងរថយន្ដយកទៅសាកសួរ ។ ដោយឡែករថយន្ដបង្ក និងម៉ូតូរងគ្រោះសមត្ថកិច្ចចុះស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ ។

ប្រជាពលរដ្ឋបានលើកឡើងថា នៅតាមបណ្ដោយផ្លូវកើតហេតុខាងលើនេះ រថយន្ដធុនធំជាច្រើនបើកឆ្លងកាត់ មិនប្រណីដល់អ្នកដែលធ្វើដំណើរនៅតាមផ្លូវខាងលើនេះ ជាពិសេសក្មេងៗសិស្សសាលាផងដែរ៕ ជឹម ភារ៉ាដង្កោ


ចែករំលែក៖