ភ្នំពេញ៖ យុវជនចិត្តខ្លាំង២នាក់បានផឹកសុីស្រវឹង ហើយគ្រាន់តែភាគីម្ខាងមើលមុខក៏មិនបាន ហើយកើតជាទំនាស់ពាក្យសម្តីបង្កហិង្សាវាយកាប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង ចុងក្រោយត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះទាំងពីរនាក់។
ករណីនេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នគរបាលប្រាប់ថា៖ យុវជនទាំងពីរនាក់នោះទី ១ឈ្មោះ អឹម សាវ៉េត អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខឯកជន រងរបួសដៃខាងស្តាំ ទី២ឈ្មោះ នួន រតនៈ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដូចគ្នា។
ប្រភពដដែលបន្តទៀតថា៖ នៅមុនពេលកើតហេតុយុវជនឈ្មោះ អឹម សាវ៉េត បានផឹកស្រាស្រវឹង ហើយគ្រាន់តែឈ្មោះ នួន រតនៈ ដើរមកហើយមើលមុខ ក៏កើតជាទំនាស់ពាក្យសម្តីធ្វើឲ្យឈ្មោះ អឹម សាវ៉េត ខឹងក៏រើសដុំថ្មគប់ទៅលើឈ្មោះ នួន រតនៈ បណ្តាលឲ្យរងរបួសស្រាលពេលនោះ ឈ្មោះ នួន រតនៈ ក៏រត់ទៅយកដំបងមកវាយទៅលើឈ្មោះ អឹម សាវ៉េត វិញបណ្តាលឲ្យរងរបួសត្រូវដៃខាងស្តាំ។
ក្រោយមក ប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍មកសមត្ថកិច្ចដែលកំពុងល្បាតចុះទៅដល់កន្លែងកើតហេតុក៏ឃាត់ខ្លួនពួកគេទាំងពីរនាក់យកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលទឹកថ្លាហើយកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តទៀត។ សមត្ថកិច្ចជំនាញខណ្ឌបានពិនិត្យទឹកនោមរកឃើញមានសារធាតុញៀនទាំងពីរនាក់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ នៅពេលក្រោយ៕ តុង សីហា