ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ទទួលរងរបួសធ្ងន់ ខណៈដែលរថយន្ដនៅខាងមុខបើកល្បឿនលឿនរួចចាប់ហ្វ្រាំងបន្ថយល្បឿន ធ្វើឲ្យបុរសរងគ្រោះជាអ្នកជិះម៉ូតូឈប់មិនទាន់បានបុកគូថពីក្រោយពេញមួយទំហឹង បណ្ដាលទទួលរងបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចវត្តពាមតាឯក ស្ថិតនៅក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ វ៉ា គឹមហុកភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមន្រ្ដីពេទ្យស្រុក មានទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល (រងបួសធ្ងន់) ជិះម៉ូតូម៉ាកហុងដាឌ្រីម ផលិតនៅប្រទេសចិន ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែកឯរថយន្ដមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករថយន្ដរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូជនរងគ្រោះនិងរថយន្ដជិះក្នុងទិសដៅស្របគ្នា ដោយរថយន្ដបើកនៅខាងមុខរីឯម៉ូតូបើកនៅពីក្រោយ ចំពោះរថយន្ដនិងម៉ូតូបើកក្នុងល្បឿលឿនដូចគ្នា ។ លុះបើកមកដល់ចំណុចកើតហេតុដោយខាងមុខមានផ្លូវបំបែករថយន្ដក៏បានជាន់ហ្វ្រាំងបន្ថយល្បឿន ជាហេតុធ្វើឲ្យម៉ូតូជនរងគ្រោះឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏បានបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យទទួលរងរបួសធ្ងន់ រីរថយន្ដបានបើករត់គេចខ្លួនក្រោយពីមានហេតុការណ៍កើតឡើង ។ ចំណែកជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានករណីគ្រោះថ្នាក់ចរាចរណ៍ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះមកវាស់វែង និងពិនិត្យកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។ ចំពោះរថយន្ដត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ