ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀននិងដកហូតវត្ថុតាងជាក់ស្ដែង៦៣កញ្ចប់តូច ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅមុខផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលេខ២៧១ ក្រុម៣៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោមការដឹកនាំបញ្ជាពី លោកវរសនីយ៍ឯក យិន សាន អធិការដ្នាននគរបាលខណ្ឌចំការមន បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការរងទទួលផែនព្រហ្មទណ្ឌ រួមនិងលោក យឹម ហួង អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បាន ស្រាវជ្រាវចុះចាប់មុខសញ្ញា ជួញដូរគ្រឿងញៀន២នាក់ ។
ជនសង្ស័យទាំង២នាក់នេះទី១-ឈ្មោះ ជឿន វឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះ សុខ ឆៅ ហៅកុយ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន និង កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន បានដើរល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុក៏បានឃើញជនសង្ស័យម្នាក់ ឈរនៅក្បែរម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ស ពាក់ស្លាកលេខ ដ-១២២៩ ភព១ ពេលនោះកម្លាំងល្បាតមានការសង្ស័យ ក៏ហៅត្រួតពិនិត្យ រកឃើញក្រាមពណ៌ស ថ្លា ចំនួន ២កូនថង់តូច សង្ស័យសារធាតុញៀន។
រហូតដល់ម៉ោង ៤និង៣០នាទីល្ងាចថ្ងៃដដែលកម្លាំងជំនាញប្រឆាំងគ្រឿងញៀន និង កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន បានដើរល្បាតក្នុងមូលដ្ឋានបន្ត នៅពេលដែលមកដល់ចំណុចមុខផ្ទះគ្មានលេខដដែល នៅតាមបណ្ដោយផ្លូវលេខ២៧១ ក៏ប្រទះឃើញជនសង្ស័យម្នាក់ទៀតកំពុងឈររេរា ស្ពាយកាបូបចំហៀង ពណ៌ទឹកដោះគោ ដោយមានការសង្ស័យ ក៏ហៅដើម្បីធ្វើការត្រួតពិនិត្យ ក៍រកឃើញក្រាមសថ្លា ចំនួន៦១កូនថងតូច សង្ស័យសារធាតុញៀននៅក្នុងកាបូបស្ពាយ។
លោក យិន សាន អធិការខណ្ឌចំការមនបានអោយដឹងថា ពាក់ព័ន្ធករណីចុះបង្ក្រាបគ្រឿងញៀនសរុបទាំងពីករណី ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និង ដកហូតក្រាមសថ្លាចំនួន ៦៣កូនថង់តូច និង ម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ស ពាក់ស្លាកលេខ ដ-១២២៩ ភព១។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនិតិវិធី៕ ស រស្មី