ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកត្រីបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តហ៊ីយាន់ដាយដឹកត្រីចំណុះ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 2A .6287 ទៅបុកគោយន្តកន្ត្រៃ(ហៅកាឡេថង) ដឹកអុសម៉ែត្រពីក្រោយពេញទំហឹងបណ្តាលឲ្យពីរនាក់ប្តីប្រពន្ធជាតៃកុង និងជាម្ចាស់រថយន្តរបួសធ្ងន់ទាំង២នាក់ ហើយម្នាក់ទៀតជាតៃកុងកាឡេថងក៏របួសធ្ងន់ដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានភាពភ្ញាក់ផ្អើលនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៧១វេលាម៉ោង៦និង១៥ព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ចំណុចវាលគោឡាប់ ស្ថិតនៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ដឹកត្រីចេញពីជើងទៅត្បូងល្បឿនលឿន ទំនងចេញពីផ្សារកំពង់ថ្ម ឆ្ពោះទៅលក់នៅខេត្តកំពង់ចាម ហើយគេឃើញអ្នកបើកគោយន្តកន្តៃ្រដឹកអុសម៉ែត្រ ចេញពីជើងទៅត្បូងដូចគ្នា ទិសដៅស្របទិសគ្នា ដល់កន្លែងកើតហេតុ ទំនងតៃកុងរថយន្តងោកមួយភាំង ក៏បុកគោយន្តកន្រ្តៃពីក្រោយពេញទំហឹងអូសប្រមាណ៥០ម៉ែត្រ ធ្លាក់វាលស្រែបណ្តាលឲ្យរងរបួសធ្ងន់៣នាក់បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ។

ជនរងគ្រោះដែលម្ចាស់រថយន្តដឹកត្រី២នាក់ប្តីប្រពន្ធ ប្តីឈ្មោះប៊ុត សុឃិន អាយុ៤០ឆ្នាំ (របួសធ្ងន់) ប្រពន្ធឈ្មោះ ខៀវ សុផារីអាយុ៣៥ឆ្នាំ(របួសធ្ងន់)ទីលំនៅភូមិពោធិ៍ពីរ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ចំណែកជនរងគ្រោះ ដែលជាតៃកុងកាឡេថង ឈ្មោះថោង ធីម ភេទប្រុស អាយុ៣០ឆ្នាំ(របួសធ្ងន់) ទីលំនៅភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

វត្ថុតាងរថយន្ត និងគោយន្តកន្រៃ្ត(កាឡេថង)អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំធ្វើការដោះស្រាយនាពេលក្រោយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖